ត្រៀមខ្លួន! ChatGPT ធ្វើការផ្លាស់ប្តូរទម្រង់ថ្មី ១នេះ ដល់អ្នកដែលពូកែសួរ AI ច្រើនឥតឈប់
Khunna - ឃុនណា
•
NOVEMBER 26 2026
•
នវានុវត្តន៍
•
268 views
•
2 mins read
•

យោងតាមការចុះផ្សាយរបស់គេហទំព័របច្ចេកវិទ្យា TechCrunch នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ក្រុមហ៊ុន OpenAI បានចាប់ផ្តើមបញ្ចេញកំណែអាប់ដេតថ្មីនៃកម្មវិធី ChatGPT ដោយដាក់បញ្ចូលមុខងារជជែកសួរឆ្លើយទូទៅ និងមុខងារធ្វើការងារ ឱ្យនៅរួមគ្នាតែមួយ ទៅកាន់អ្នកប្រើប្រាស់កញ្ចប់ Pro មួយចំនួនតូចជាមុនសិន។ ការផ្លាស់ប្តូរនេះបានកើតឡើងចំពេលដែលមានការរិះគន់ពីសំណាក់អ្នកប្រើប្រាស់ដែលបង់ប្រាក់ប្រចាំខែមួយចំនួន ដោយពួកគេបារម្ភថា ការរួមបញ្ចូលគ្នានេះអាចនឹងរឹតត្បិតសិទ្ធិប្រើប្រាស់របស់ពួកគេ ខណៈអ្នកនាំពាក្យ OpenAI ក៏បានបញ្ជាក់ដែរថា អ្នកប្រើប្រាស់កម្រិតធ្ងន់ មួយភាគតូច អាចនឹងឆាប់អស់កូតាប្រើប្រាស់លឿនជាងមុន។

Images (23)

ក្តីបារម្ភដ៏ធំរបស់អ្នកប្រើប្រាស់ដែលបានលើកឡើងនៅលើបណ្តាញសង្គម និងវេទិកាសហគមន៍របស់ OpenAI គឺការភ័យខ្លាចថា នៅពេលកម្រិតកំណត់នៃការប្រើប្រាស់ សម្រាប់ Chat និង Work ត្រូវបានបញ្ចូលគ្នា វានឹងធ្វើឱ្យពួកគេមានឱកាសប្រើប្រាស់ម៉ូដែល AI វិភាគស៊ីជម្រៅ បានតិចជាងមុន បើទោះបីជាពួកគេនៅតែបង់ថ្លៃសេវាកម្មប្រចាំខែក្នុងតម្លៃដដែលក៏ដោយ។ ក្រោមប្រព័ន្ធថ្មីនេះ មុខងារទាំងពីរនឹងប្រើប្រាស់រង្វាស់កូតារួមគ្នាតែមួយ មានន័យថាការសួរទូទៅច្រើនពេក អាចនឹងទៅកាត់បន្ថយកូតាសម្រាប់ធ្វើការងារធំៗបាន។

ទោះជាយ៉ាងណាក៏ដោយ OpenAI បានបញ្ជាក់ថា ការសន្ទនាដោយប្រើម៉ូដែល Instant នឹងនៅតែបើកឱ្យប្រើប្រាស់ដោយគ្មានដែនកំណត់ដដែល ហើយមិនត្រូវបានរាប់បញ្ចូលទៅក្នុងកូតារួមនោះទេ ពោលគឺអ្នកប្រើប្រាស់នៅតែអាចបន្តប្រើម៉ូដែល Instant បាន ទោះបីជាពួកគេប្រើអស់កូតាប្រចាំថ្ងៃហើយក៏ដោយ។ បច្ចុប្បន្ន ការអាប់ដេតនេះទើបតែចាប់ផ្តើមសាកល្បងលើក្រុមតូចប៉ុណ្ណោះ ប៉ុន្តែ OpenAI គ្រោងនឹងពង្រីកការប្រើប្រាស់កូតារួមគ្នានេះឱ្យកាន់តែទូលំទូលាយទៅកាន់អ្នកប្រើប្រាស់ទូទៅនៅក្នុង ខែធ្នូខាងមុខនេះ។

Got Chat Search 

គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្តូររបស់ OpenAI នេះ គឺដើរតាមគន្លងរបស់គូប្រជែង Anthropic ដែលបានដាក់បញ្ចូលសេវាកម្មជជែក Claude និងមុខងារការងារ Cowork ឱ្យនៅក្រោមផ្ទាំងប្រើប្រាស់តែមួយកាលពីខែកញ្ញាកន្លងទៅ។ ការកែសម្រួលទាំងនេះធ្វើឡើងស្របពេលដែលក្រុមហ៊ុន AI កំពុងប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើមហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការប្រើប្រាស់ម៉ូដែលឆ្លាតវៃកាន់តែខ្ពស់ ម្យ៉ាងវិញទៀត វាក៏ជួយសម្រួលឱ្យអ្នកប្រើប្រាស់អាចឆ្លាស់គ្នារវាងការជជែកធម្មតា និងការធ្វើកិច្ចការស្មុគស្មាញបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ប្តូរផ្ទាំងចុះឡើងទៀតឡើយ។

ដូច្នេះសម្រាប់អ្នកដែលបង់ប្រាក់ប្រចាំខែ ដូចជា ChatGPT Plus ដើម្បីយកមកជំនួយការងារប្រចាំថ្ងៃ ពួកគេអាចនឹងមានអារម្មណ៍ថា ខាតបង់ ឬតឹងតែងជាងមុន ព្រោះកម្រិតប្រើប្រាស់ត្រូវបានរួមបញ្ចូលគ្នា មិនទូលាយដូចមុនឡើយ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia