ក្រសួងមហាផ្ទៃ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិល និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ» ដែលហៅកាត់ថា OMS-MOI ដើម្បីជំរុញការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល។ នេះបើយោងតាមសេចក្តីជូនដំណឹងផ្លូវការលេខ ១៣៥៨ សជណ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ការដាក់ឱ្យអនុវត្តប្រព័ន្ធ OMS-MOI នេះ ធ្វើឡើងក្នុងគោលបំណងប្រមូលផ្ដុំទិន្នន័យមន្ត្រីរាជការស៊ីវិល និងក្រុមប្រឹក្សា ឱ្យមានលក្ខណៈជាប្រព័ន្ធតែមួយ ដែលធានាបាននូវភាពត្រឹមត្រូវ ច្បាស់លាស់ បង្កើនតម្លាភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានមនុស្ស ជាពិសេសដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីធានាបាននូវភាពជោគជ័យក្នុងការអនុវត្តប្រព័ន្ធនេះ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់ដល់ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួនរួមមាន៖
ទី១៖ ត្រូវផ្សព្វផ្សាយ និងណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ឱ្យចូលរួមអនុវត្ត និងប្រើប្រាស់ប្រព័ន្ធ OMS-MOI នេះឱ្យបានទូលំទូលាយ។
ទី២៖ ត្រូវចាត់តាំងមន្ត្រីបច្ចេកទេស ឬមន្ត្រីទទួលបន្ទុកជាក់លាក់ ដើម្បីធ្វើការបញ្ចូល កែសម្រួល និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិល និងក្រុមប្រឹក្សាទៅក្នុងប្រព័ន្ធ ឱ្យបានពេញលេញ ត្រឹមត្រូវ និងទាន់ពេលវេលា ដោយកំណត់ត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៦ ។
ទី៣៖ ត្រូវត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាថាទិន្នន័យដែលបានបញ្ចូលមានគុណភាព ត្រឹមត្រូវច្បាស់លាស់ ស្របតាមឯកសារយោង និងមានភាពបច្ចុប្បន្នភាពជានិច្ច។
ទី៤៖ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងការបណ្តុះបណ្តាល ការប្រើប្រាស់ប្រព័ន្ធ និងការដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗ។
ទី៥៖ ត្រូវធ្វើរបាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាពីការអនុវត្ត មកកាន់ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងផ្តល់ការគាំទ្រ ឬអន្តរាគមន៍ដោះស្រាយទាន់ពេលវេលា។
ជាចុងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ និងស្នើឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវចាត់ចែងអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងដោយស្មារតីទទួលខុសត្រូវបំផុត៕


