តើការបង្ហាញលេខគណនីធនាគារ ឬ QR Code គណនីធនាគារ អាចមានហានិភ័យអ្វីខ្លះ? បើយោងតាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហោះនៅលើផេកផ្លូវការមុននេះបានឲ្យដឹងថា ការបង្ហាញលេខគណនីធនាគារ ឬ QR Code សម្រាប់ទទួលប្រាក់នៅលើបណ្តាញសង្គម អាចផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ ប៉ុន្តែអាចនាំមកនូវហានិភ័យសុវត្ថិភាពមួយចំនួនដែលលោកអ្នកគួរប្រុងប្រយ័ត្ន៖

១. ការបែកធ្លាយព័ត៌មានឯកជន៖ ជនខិលខូចដឹងពីលេខគណនី និងឈ្មោះពេញរបស់លោកអ្នកដែលអាចយកទៅប្រើប្រាស់ដើម្បីស្វែងរកគណនីបណ្តាញសង្គមផ្សេងទៀតរបស់អ្នក ឬប្រើជាល្បិចបោកប្រាស់ដើម្បីសួររកលេខកូដ OTP ក្នុងបំណងចូលប្រើប្រាស់គណនីធនាគារ។
២. ហានិភ័យការកែច្នៃ QR Code ឬ Quishing (QR Phishing)៖ ជនខិលខូចអាចយក QR Code របស់អ្នកទៅកែច្នៃ ដោយដាក់ ឬកាត់ត QR Code របស់ពួកគេពីលើរួចបង្ហោះបន្ត ដើម្បីឱ្យអ្នកដទៃផ្ទេរលុយចូលគណនីពួកគេជំនួសវិញ។
៣. ហានិភ័យក្លាយជាគោលដៅវាយប្រហារ៖ ការបង្ហោះរូបភាពដែលជាប់ទាំងសមតុល្យទឹកប្រាក់ (Balance) ធ្វើឱ្យអ្នកក្លាយជាគោលដៅនៃអំពើចោរកម្ម ឬការប៉ុនប៉ងចូលប្រើប្រាស់គណនីដោយខុសច្បាប់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា (Brute Force) ដើម្បីព្យាយាមទាយលេខសម្ងាត់។
ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមណែនាំអំពីវិធីការពារខ្លួន និងសុវត្ថិភាពដូចខាងក្រោម៖
១. បិទបាំងព័ត៌មានសំខាន់៖ ប្រសិនបើចាំបាច់ត្រូវបង្ហោះ គួរបិទបាំងលេខគណនី ឈ្មោះ និងសមតុល្យទឹកប្រាក់។
២. គួរផ្ញើប្រតិបត្តិការផ្ទេរប្រាក់ ឬព័ត៌មានគណនីធនាគារតាមរយៈសារឯកជន ជៀសវាងការបង្ហោះជាសាធារណៈ។
៣. ត្រួតពិនិត្យឈ្មោះអ្នកទទួល៖ មុននឹងស្កេន QR Code ឬផ្ទេរប្រាក់ត្រូវប្រាកដថាឈ្មោះអ្នកទទួលត្រូវ ឱ្យបានច្បាស់លាស់។
៤.ពង្រឹងសុវត្ថិភាព App ដោយបើកមុខងារជូនដំណឹងរាល់ប្រតិបត្តិការ (Notification) និងប្រើប្រាស់មុខងារ (2FA) តាមរយៈការស្កេនស្នាមម្រាមដៃ ឬទម្រង់មុខ។
