នាពេលកន្លងមក ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសង្កេតឃើញថាមានប្រជាពលរដ្ឋបានចាញ់បោកតាមរយៈការទិញផ្លែទុរេននៅតាមគណនីហ្វេសប៊ុកក្លែងក្លាយនានាដែលបានបង្ហោះលក់ ព្រោះឥឡូវដល់រដូវប្រមូលផលផ្លែទុរេន ដោយមានគណនីហ្វេសប៊ុកផេកមួយចំនួនបានបង្ហោះលក់ផ្លែឈើនានា ជាពិសេសផ្លែទុរេន នៅលើបណ្ដាញទំនាក់ទំនងសង្គម(គណនីហ្វេសប៊ុក និងគណនីតិកតុក)ដោយលក់ក្នុងតម្លៃតាមទីផ្សារ និងគណនីហ្វេសប៊ុកផេកខ្លះទៀតលក់ក្នុងតម្លៃទាបជាងទីផ្សារ នៅពេលដែលប្រជាពលរដ្ឋបានឃើញគណនីហ្វេសប៊ុកមួយចំនួនបង្ហោះលក់ផ្លែទុរេន ក្នុងតម្លៃថោកជាងទីផ្សារ ប្រជាពលរដ្ឋចាប់ផ្ដើមកម្មង់ទិញតាមរយៈគណនីហ្វេសប៊ុកដែលបានបង្ហោះលក់ខាងលើ ហើយតម្រូវឱ្យបង់ប្រាក់ជាមុនតាមរយៈ QR Code គណនីធនាគារណាមួយ បន្ទាប់ពីប្រជាពលរដ្ឋបានវេរប្រាក់ថ្លៃទិញឱ្យរួចរាល់ហើយ ម្ចាស់គណនីហ្វេសប៊ុកផេកលក់ផ្លែទុរេនខាងលើចាំផ្ដើមចុចប្លុក(Block)គណនីហ្វេសប៊ុករបស់ប្រជាពលរដ្ឋ ដែលជាអ្នកទិញ និងមិនបានផ្ញើទុរេនមកឱ្យ។

ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមធ្វើការក្រើនរំលឹកដល់សាធារណជនទាំងអស់មេត្តាគប្បីប្រុងប្រយ័ត្នចំពោះការទិញផ្លែឈើនានា ជាពិសេសផ្លែទុរេននៅតាមគណនីហ្វេសប៊ុកនានា មានដូចខាងក្រោម:
១.លើកទឹកចិត្តឱ្យទៅទិញដោយផ្ទាល់នៅតាមទីតាំងនានាដែលមានលក់។
២.ពិនិត្យមើលប្រវត្តិគណនីហ្វេសប៊ុកដែលបង្ហោះលក់ និងមិតអ្នកប្រើប្រាស់។
៣.ពិនិត្យមើលចំនួន Follow គណនីហ្វេសប៊ុកបង្ហោះលក់ខាងលើ។
៤.ប្រុងប្រយ័ត្នចំពោះការលក់តម្លៃថោកជាងទីផ្សារ។
៥.ជៀសវាងការវេរប្រាក់ទៅឱ្យមុន។
៦.ដាក់ពាក្យបណ្ដឹងជូននគរបាលមានសមត្ថកិច្ចដើម្បីស្រាវជ្រាវរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់។
