ក្តៅៗ! Microsoft ផ្តល់ជម្រើសឱ្យបុគ្គលិក ៦ម៉ឺននាក់ចាកចេញពីការងារ ខណៈ AI កំពុងរីកចម្រើន
Touch Soriya
•
OCTOBER 27 2026
•
ឱកាស
•
154 views
•
1 min read
•

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កំពុងផ្តល់ជម្រើសឱ្យបុគ្គលិកចាកចេញពីការងារដោយស្ម័គ្រចិត្តប្រមាណ ៦០ ០០០នាក់ នៅតាមក្រុមការងារមួយចំនួន ខណៈដែលក្រុមហ៊ុនកំពុងព្យាយាមកាត់បន្ថយចំណាយ និងរៀបចំកម្លាំងការងារឱ្យស្របតាមការផ្លាស់ប្តូរនៃឧស្សាហកម្មបច្ចេកវិទ្យា ក្នុងពេលបញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើន។

038

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោកស្រី Amy Coleman ប្រធានផ្នែកបុគ្គលិករបស់ Microsoft បានផ្ញើសារជូនដំណឹងដល់បុគ្គលិកអំពីការផ្តល់ជម្រើសចាកចេញពីការងារដោយស្ម័គ្រចិត្ត ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់បុគ្គលិកដែលមានសិទ្ធិ និងកំពុងពិចារណាផ្លាស់ប្តូរទិសដៅអាជីព ឬចាកចេញពីក្រុមហ៊ុន។

យោងតាមសារព័ត៌មាន TechCrunch បានឱ្យដឹងថា បុគ្គលិកចាប់ពីកម្រិតអនុប្រធានក្រុមហ៊ុន (Vice President) ចុះក្រោម នៅតាមក្រុមការងារដែលបានជ្រើសរើសក្នុងសហរដ្ឋអាមេរិក កាណាដា ឥណ្ឌា និងចក្រភពអង់គ្លេស អាចមានសិទ្ធិចូលរួមការផ្តល់ជម្រើសខាងលើ។ បុគ្គលិកដែលមានសិទ្ធិ នឹងទទួលបានអ៊ីមែលបញ្ជាក់ពីព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការផ្តល់ជូន។ សារព័ត៌មាន Bloomberg បានបញ្ជាក់ថា ក្រុមការងារដែលចូលរួមកម្មវិធីនេះរួមមានផ្នែក Xbox, Windows, Copilot និងហិរញ្ញវត្ថុ ចំណែកបុគ្គលិកមួយចំនួននៅផ្នែកមជ្ឈមណ្ឌលទិន្នន័យ ការលក់ និងទីផ្សារ មិនស្ថិតក្នុងក្រុមដែលមានសិទ្ធិចូលរួមនោះទេ។

036

ការផ្តល់ជម្រើសឱ្យបុគ្គលិកចាកចេញពីការងារដោយស្ម័គ្រចិត្តនេះ មិនមែនជាលើកដំបូងទេសម្រាប់ Microsoft កាលពីដើមឆ្នាំ ២០២៦ ក្រុមហ៊ុនក៏បានផ្តល់ជម្រើសស្រដៀងគ្នាដល់បុគ្គលិកដែលមានអាយុជិតចូលនិវត្តន៍ផងដែរ។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Microsoft មានបុគ្គលិកសរុបប្រមាណ ២២៣,០០០ នាក់ គិតត្រឹមចុងខែមិថុនា ដែលការផ្តល់ជម្រើសចាកចេញនេះកើតឡើងក្នុងពេលក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងពង្រីកការវិនិយោគលើ AI និងពិនិត្យឡើងវិញនូវរបៀបប្រតិបត្តិការ និងការរៀបចំកម្លាំងការងាររបស់ខ្លួន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia