កម្ពុជា អាចផលិតជីធម្មជាតិ និងសរីរាង្គប្រមាណ ៨ម៉ឺនតោនក្នុងមួយឆ្នាំ ខណៈដែលការនាំចូលជីកសិកម្មពីក្រៅប្រទេសមានចំនួន ១លានតោន
Touch Soriya
•
OCTOBER 27 2026
•
ឱកាស
•
17 views
•
2 mins read
•

កម្ពុជា មានក្រុមហ៊ុន និងសិប្បកម្មផលិតជីធម្មជាតិ និងជីសរីរាង្គចំនួន៣១ ដែលអាចមានសមត្ថភាពផលិតប្រមាណ ៨ម៉ឺនតោនក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ជាមួយគ្នានេះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅក្នុងមួយឆ្នាំៗកម្ពុជាបាននាំចូលជីកសិកម្មពីក្រៅប្រទេសប្រមាណ ១លានតោន ដែលចំណាយថវិកាប្រមាណ ៣០០-៤០០លានដុល្លារអាមេរិក តាមរយៈក្រុមហ៊ុនក្នុងស្រុកចំនួន ១៦៣ក្រុមហ៊ុន។

033

ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៣-២៥ តុលា ឯកឧត្តម គង់ ច័ន្ទវាសនា មានប្រសាសន៍ថា ក្រុមហ៊ុនដែលនាំចូលជីសម្រាប់ផ្គត់ផ្គង់ និងចែកចាយក្នុងស្រុកចំនួន ១៦៣ក្រុមហ៊ុន ដែលទិញជីកសិកម្មពីប្រទេសជាង ៣០នៅលើពិភពលោក រួមមាន វៀតណាម ឡាវ ព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ចិន ជប៉ុន និងប្រទេសមួយចំនួននៅតំបន់អឺរ៉ុប និងអាហ្វ្រិក។

034

រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា ក្រសួងកសិកម្ម កំពុងសហការជាមួយក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មធំៗ ដើម្បីស្វែងរកប្រភពផ្គត់ផ្គង់ជីថ្មីៗពីទីផ្សារអន្តរជាតិ ដើម្បីធានាថាមានជីគ្រប់គ្រាន់ គុណភាព និងតម្លៃសមរម្យសម្រាប់កសិករកម្ពុជា ទោះបីជាខ្សែសង្វាក់ផ្គត់ផ្គង់សកលប្រឈមនឹងភាពមិនប្រាកដប្រជាក៏ដោយ។

035

ក្នុងវិស័យកសិកម្ម ឯកឧត្តម គង់ ច័ន្ទវាសនា បានឱ្យដឹងថា កម្ពុជា បានវិវត្តពីការផលិតសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារក្នុងគ្រួសារទៅជាការផលិត ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅពេលដែលការផលិតកសិកម្មកាន់តែកើនឡើង ការប្រកួតប្រជែងលើទីផ្សារក៏កាន់តែខ្លាំង ដែលទាមទារឱ្យកសិករយកចិត្តទុកដាក់លើថ្លៃដើមផលិតកម្ម និងគុណភាពផលិតផល។ ជាមួយគ្នានេះ ក្រសួងកសិកម្ម គឺកំពុងផ្តោតលើគោលការណ៍សំខាន់ចំនួនបី គឺការធានាឱ្យមានជីគ្រប់គ្រាន់គ្រប់ពេលវេលា ការធានាគុណភាពជី និងការធានាតម្លៃសមរម្យសម្រាប់ប្រជាកសិករ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia