ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីមួយនៅប្រទេសចិន Nio បានបង្ហាញនូវវ៉ែនតា AR ថ្មី ដែលអាចបានមើលវិដេអូប្រភេទ 1080p 3D ដោយបានប្រកាសលក់ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងតម្លៃ ៣៣០ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ នេះបើយោងតាមគេហទំព័រ CarNewschina ។
វ៉ែនតា AR នេះមានឈ្មោះពេញថា NIO Air AR Glasses ដែលទើបតែបញ្ចេញមកលក់ថ្មីៗ ដោយមានការចូលរួមសហការផលិតរវាង NIO និង Nreal ។ ក្រុមហ៊ុន NIO បាននិយាយថា វ៉ែនតានេះគឺផលិតជាពិសេសសម្រាប់ ម្ចាស់រថយន្ត NIO ព្រោះថាវ៉ែនតានេះអាចដំណើរការបានតែនៅក្នុងរថយន្តNIO តែប៉ុណ្ណោះ ។
ដោយឡែក វ៉ែនតានេះមិនមែនអាចដំណើរការគ្រប់នូវម៉ូដែលរថយន្តរបស់ NIO ទាំងអស់ឡើយ ពោលគឺ វាអាចដំណើរការបានតែជាមួយនឹងកម្មវិធី NT 2.0 មាននៅលើរថយន្ត ET7 ET5 (ប្រភេទ Sedan) និង EP9 (ប្រភេទ Coupe) ហើយក៏ជារថយន្តមានលក្ខណ:ជាប្រភេទ Sport ផងដែរ ។ ក្រៅពីនេះដូចជារថយន្តដែលប្រើកម្មវិធីចាស់ NT 1.0 រួមមាន EC6 ES6 ES7 និង ES8 មិនត្រូវបានអនុញ្ញាតឲ្យប្រើជាមួយវ៉ែនតា NIO Air AR Glasses នេះឡើយ ។
បើយោងតាមក្រុមហ៊ុន NIO បានបញ្ជាក់ថា វ៉ែនតាន NIO Air AR Glasses អាចមើលទិដ្ឋភាព ក៏ដូចជាវិដេអូបានដល់កម្រិត 3D និងទំហំវិដេអូឡើងដល់ ១៣០អ៊ីញ ចំនួនពណ៌ដែលជះមកលើផ្ទាំងវិដេអូដល់ ២៥៦ពណ៌ អមជាមួយបច្ចេកវិទ្យា Dolby Atmos និងប្រព័ន្ធគ្រប់គ្រងសំឡេងកម្រិតខ្ពស់ 7.1.4 ។ មួយវិញទៀត NIO Air AR Glasses ក៏អាច support ជាមួយនឹងវិដេអូច្បាស់ដល់កម្រិត 1080P 3D និង 108% sRGB ថែមទៀតផង ។
គួរញ្ជាក់ផងដែរថា ក្រុមហ៊ុន NIO បានដាក់ចូលនូវខ្សែភាគយន្តជាប្រភេទ 3D ចំនួន ២០០ ភាគយន្ត និងប្រភេទ Dolby Atmos ចំនួន ២៦០ ភាគយន្ត ទៅលើវ៉ែនតា NIO Air AR Glasses នោះ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី