ក្រុមហ៊ុន Meta កំពុងធ្វើការតេស្តបច្ចេកវិទ្យាសម្គាល់មុខថ្មី ដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពនៅលើផ្លេតហ្វមរបស់ខ្លួន ដោយផ្តោតលើការការពារអ្នកប្រើប្រាស់ពីការក្លែងបន្លំ និងការក្លែងបន្លំគណនី។ ការក្លែងបន្លំចម្បងមួយដែលត្រូវបានស្គាល់ថាជា "celeb-bait" ពាក់ព័ន្ធនឹងជនក្លែងបន្លំដែលប្រើរូបភាពតារាល្បីៗដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យចុចលើការផ្សាយពាណិជ្ជកម្មក្លែងក្លាយដែលនាំទៅរកគេហទំព័រក្លែងបន្លំផ្សេងទៀត។
ដើម្បីដោះស្រាយបញ្ហានេះ Meta កំពុងប្រើប្រាស់មុខងារសម្គាល់មុខដើម្បីប្រៀបធៀបរូបភាពផ្សាយពាណិជ្ជកម្មជាមួយនឹងរូបភាពកម្រងឯកសារផ្សេងៗរបស់តារាល្បីៗនៅលើ Facebook និង Instagram។ ប្រសិនបើការផ្គូផ្គងត្រូវបានបញ្ជាក់ និងការផ្សាយពាណិជ្ជកម្មត្រូវបានចាត់ទុកថាជាការក្លែងបន្លំ វាត្រូវបានរារាំងមិនឲ្យដំណើរការទេ ហើយទិន្នន័យមុខដែលបានស្កេនទាំងអស់ត្រូវបានលុបភ្លាមៗបន្ទាប់ពីដំណើរការនេះតែម្តង។
គំនិតផ្តួចផ្តើមនេះគឺធ្វើឡើងដើម្បីដោះស្រាយការក្លែងបន្លំ ដែលជនក្លែងបន្លំបង្កើតគណនីក្លែងក្លាយដោយធ្វើពុតជាតារាល្បីៗដើម្បីបោកប្រាស់អ្នកប្រើប្រាស់ឱ្យចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬផ្ញើប្រាក់ឲ្យជាដើម។ Meta បច្ចុប្បន្នប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងរបាយការណ៍របស់អ្នកប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណគណនីក្លែងបន្លំ។ ជំហានថ្មីនេះគេប្រើប្រាស់ការស្គាល់មុខដើម្បីរកឃើញកាពិត និងដកគណនីក្លែងក្លាយទាំងនោះចោលយ៉ាងរហ័សដោយប្រៀបធៀបរូបភាពកម្រងឯកសារជាមួយនឹងតារាល្បីៗដែលគេស្គាល់។
បន្ថែមពីលើការទប់ស្កាត់ការក្លែងបន្លំ Meta ក៏កំពុងធ្វើការដើម្បីជួយអ្នកប្រើប្រាស់ទទួលបានការចូលប្រើគណនីដែលត្រូវបានគេលួចយកទៅប្រើកាន់តែមានប្រសិទ្ធភាពជាងមុន។ វិធីសាស្ត្រថ្មីដែលកំពុងត្រូវបានសាកល្បងនេះគឺពាក់ព័ន្ធនឹងវីដេអូ selfie ដែលអ្នកប្រើប្រាស់អាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេតាមរយៈការបញ្ចូល វីដេអូ selfie។ ហើយវីដេអូ Selfie នេះត្រូវបានប្រៀបធៀបជាមួយនឹងរូបភាព Profile ដែលមាននៅលើគណនី ដោយ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចូលទៅប្រើគណនីរបស់ពួកគេដោយសុវត្ថិភាពប្រសិនបើផ្ទៀតផ្ទាត់ត្រឹមត្រូវ។
ការផ្ទៀងផ្ទាត់តាមរយៈវីដេអូ selfie នេះគឺមានគោលបំណងផ្តល់វិធីសាស្ត្រងាយស្រួល និងមានសុវត្ថិភាពជាងមុនសម្រាប់ការចូលទៅទាញយកគណនីមកប្រើឡើងវិញ ជាពិសេសនៅពេលប្រៀបធៀបជាមួយនឹងវិធីសាស្ត្រចាស់ដូចជាការបញ្ចូលឯកសារអត្តសញ្ញាណប័ណ្ណជាដើម។
Meta ក៏បានបញ្ជាក់បន្ថែមថា សម្រាប់វិធីសាស្រ្តនេះគឺអាចមានភាពធន់ជាងមុនចំពោះការប៉ុនប៉ងលួចគណនីរបស់ពួក ហេគឃ័រ ដោយវាអាចបន្ថែមស្រទាប់ការពារមួយតង់ទៀតដើម្បីប្រឆាំងនឹងជនក្លែងបន្លំដែលព្យាយាមលួចគណនីរបស់អ្នកយកទៅប្រើប្រាស់។
អត្ថបទដោយ៖ រិន មករា