កំពូលក្រុមហ៊ុនបច្ចេកវិទ្យា Meta របស់មហាសេដ្ឋី Mark Zuckerberg បានប្រកាសដាក់សម្ពោធនូវ កម្មវិធី Ai ឯករាជ្យថ្មីមួយដែលមានឈ្មោះថា Meta Ai ដើម្បីគាំទ្រដល់ Facebook, Instagram, WhatsApp និង Messenger។
បញ្ញាសិប្បនិម្មិត Meta Ai មានមុខងារសំខាន់ៗដូចជា ChatBot ការបម្លែងរូបភាព និងមុខងារជាច្រើនផ្សេងទៀតដែលប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងវេទិកា Ai ល្បីៗដទៃទៀតដូចជា ChatGPT, Gemini និង Claude ជាដើម។
ប្រភពពី CNBC បានឱ្យដឹងថា ក្រុមហ៊ុន Meta នឹងត្រៀមចំណាយប្រាក់រហូតទៅដល់ 65ពាន់លានដុល្លារក្នុងឆ្នាំនេះ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ Ai ថ្មីរបស់ខ្លួន។ ទន្ទឹមនឹងនោះ លោក Mark Zuckerberg ក៏បានក៏បានដាក់ក្ដីរំពឹងយ៉ាងមុតមាំថា Meta Ai នឹងក្លាយជា ជំនួយការ Ai ដ៏ឈានមុខគេមួយ។
គួរជម្រាបផងដែរថា តាមការពិតទៅ ក្រុមហ៊ុន Meta បានដាក់ឱ្យប្រើប្រាស់ Meta AI តាំងពីឆ្នាំ២០២៣ មកម្ល៉េះ ដោយភ្ជាប់ខ្លួនជាជំនួយនៅតាមកម្មវិធី Facebook, Instagram, WhatsApp និង Messenger ប៉ុន្តែឥឡូវនេះ គេបានផ្ដាច់ខ្លួនឱ្យក្លាយជាកម្មវិធី ឯករាជ្យវិញ ឬហៅថា standalone app៕