ថ្មីៗនេះ ក្រុមហ៊ុន Meta បានចេញមុខងារ Nudity protection (ការការពារភាពអាក្រាតកាយ) នៅលើ Messenger គឺជាមុខងារសុវត្ថិភាពថ្មីមួយ ដែលត្រូវបានរចនាឡើងដើម្បីជួយការពារអ្នកពីការទទួលបានរូបភាពមិនសមរម្យនៅក្នុងសារ។

នៅពេលអ្នកបើកមុខងារនេះ Messenger នឹងប្រើប្រាស់បច្ចេកវិទ្យាដើម្បីស្កេនរូបភាពដែលផ្ញើមកអ្នក។ ប្រសិនបើរូបភាពនោះមានផ្ទុកភាពអាក្រាតកាយ វានឹងធ្វើការព្រិលរូបភាពនោះដោយស្វ័យប្រវត្តិ ដើម្បីកុំឱ្យអ្នកឃើញរូបភាពនោះ។ អ្នកមានសិទ្ធិជ្រើសរើស ក្នុងការលុបវាចោលបាន។ មុខងារនេះជួយការពារកិត្តយសអ្នកប្រើប្រាស់ចៀសវាងខ្មាស់មនុស្សដែលមើលឃើញអេក្រង់យើង និងការពាររូបបែកធ្លាយផ្សេងៗពីមនុស្សជុំវិញខ្លួនផងដែរ។

របៀបបើកមុខងារ Nudity protection៖
- នៅក្នុងកម្មវិធី Messenger របស់អ្នក សូមចូលទៅកាន់ផ្នែក Menu (រូបគំនូសបន្ទាត់បី នៅជ្រុងខាងក្រោមស្តាំ)
- ចុចលើរូបសញ្ញា Settings នៅជ្រុងខាងលើស្តាំ
- ស្វែងរកហើយចុចលើពាក្យ Privacy & safety
- នៅក្នុងផ្នែក Safety and well-being អ្នកនឹងឃើញជម្រើស Nudity protection
- ចុចលើវា ហើយប្តូរវាឱ្យទៅជា On (បើក)។
គូសបញ្ជាក់ថាមុខងារមួយនេះបានផ្សារភ្ជាប់ជាមួយ Platform ជាច្រើនដូចជា Facebook, Messenger, TikTok, X… និងផ្សេងៗទៀតដែលពាក់ព័ន្ធ ដើម្បីការពារកត្តិយសអ្នកប្រើប្រាស់ចៀសវាងបើកចំ ហើយអ្នកផ្សេងមើលឃើញពីអ្វីដែលយើងបានឃើញរូបភាពមិនសមរម្យនោះ។ ម្យ៉ាងវិញទៀតវាក៏បានផ្សារភ្ជាប់ជាមួយបញ្ហាកំពុងជួបប្រទះផងដែរ ប្រសិនបើអ្នកផ្ទាល់ ឬមនុស្សជុំវិញខ្លួនកំពុងជួបប្រទះបញ្ហាបែកធ្លាយរូបភាព ឬវីដេអូឯកជនភាពមិនសមរម្យនៅលើបណ្តាញសង្គម ដោយការបញ្ជូនបន្តគ្នាលើអ៊ិនធឺណេតកុំបារម្ភ មានវេបសាយមួយឈ្មោះថា StopNCII.org អាចជួយអ្នកបានយ៉ាងមានប្រសិទ្ធភាព ដែលមានក្រុមការងារកម្ពុជាដែលជួយ Service ជាភាសាខ្មែរឲ្យបានមួយចប់ មិនពិបាកក្នុងការដាក់ស្នើដោយខ្លួនឯង។ ផ្លាតហ្វមនេះត្រូវបានបង្កើតឡើងក្រោមសហការជាមួយស្ថាប័នការពារសិទ្ធិ និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗ (ដូចជា Meta, TikTok, និង X) ដើម្បីទប់ស្កាត់ការរីករាលដាលនៃរូបភាពអាសអាភាសដែលគ្មានការអនុញ្ញាត។ អ្វីដែលជាចំណុចពិសេស និងសុវត្ថិភាពបំផុតនោះគឺ វេបសាយនេះមិនតម្រូវឱ្យអ្នកបង្ហោះ រូបភាពដើមចូលទៅក្នុងប្រព័ន្ធឡើយ ពោលគឺវាគ្រាន់តែបង្កើតជាប្រព័ន្ធកូដសម្ងាត់ឌីជីថលម្យ៉ាងហៅថា Digital Footprint ឬ Hash ចេញពីឧបករណ៍របស់អ្នក រួចយកកូដនោះទៅស្កែនស្វែងរក និងប្រកាសអាសន្នដើម្បីឱ្យបណ្តាញសង្គមធំៗធ្វើការលុប ឬទប់ស្កាត់ Block មិនឱ្យមានការចែករំលែកបន្តភ្លាមៗ។

ដូច្នេះ ប្រសិនបើអ្នកផ្ទាល់ ឬមនុស្សជុំវិញខ្លួនរងគ្រោះ ដោយចេតនា ឬអចេតនាក្តី និងដោយសារការគំរាមកំហែង ឬបែកធ្លាយរូបភាពអាក្រាតកាយ មិនសមរម្យហើយចង់ឆែកមើលថាបានចែកចាយទៅណាខ្លះ ជាពិសេសមានជនខិលខូចកាត់តរូបអ្នកក្តីដើម្បីចែកចាយលើអុិនធឺណែត សូមកុំលាក់ទុកម្នាក់ឯង វេបសាយ StopNCII.org គឺជាខែលការពារដ៏មានសុវត្ថិភាព ផ្ដល់ភាពសម្ងាត់ខ្ពស់បំផុត និងជួយដោះស្រាយបញ្ហាជំនួសអ្នកបាន។ សូមទំនាក់ទំនងបន្ថែមសម្រាប់អ្នកដែលត្រូវការជំនួយពីវេបសាយមួយនេះ ក្រុមការងារ AusCam Freedom Project កម្ពុជា នឹងជួយសម្រួលជូនជាបន្ទាន់ ដោយគ្រាន់តែប្រាប់ពីសាច់រឿងដែលអ្នកទាំងអស់គ្នាកំពុងជួបប្រទ្ទះពីបញ្ហាបែបធ្លាយរូប ឬករណីចែកចាយបន្តទាំងពិត ឬប្រឌិតក្តី អាចធ្វើការទាក់ទងតាមរយៈលេខ 011 444 080 និង តំណលីងលើពាក្យ ACFP ខាងលើនេះដើម្បីបញ្ចប់ភាពស្មុគស្មាគរបស់អ្នកនៅលើអុិនធឺណែតបានភ្លាម។ កុំភ្លេចចែករំលែកបន្តដល់មនុស្សជុំវិញខ្លួនឲ្យបានដឹងថា ACFP កម្ពុជា នឹងរងចាំជួយអ្នកជានិច្ច។

