យោងតាមការចុះផ្សាយរបស់គេហទំព័របច្ចេកវិទ្យា TechCrunch កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមហ៊ុន Google កំពុងពង្រីករយៈពេលរក្សាទុកទិន្នន័យសន្ទនាបណ្តោះអាសន្ន និងការជជែកដែលអ្នកប្រើប្រាស់បានបិទមុខងារប្រវត្តិ នៅក្នុងកម្មវិធី Gemini រហូតដល់ប្រមាណ ២ ខែ។ ការផ្លាស់ប្តូរនេះនឹងត្រូវដាក់ឱ្យដំណើរការជាសកលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដោយ Google អះអាងថា ធ្វើឡើងដើម្បីពង្រឹងសុវត្ថិភាព និងប្រព័ន្ធការពារ ខណៈដែលបច្ចេកវិទ្យា AI កាន់តែមានសមត្ថភាពខ្ពស់ជាងមុន។

រយៈពេលរក្សាទុកថ្មីរហូតដល់ ២ ខែនេះ គឺជាការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងគោលការណ៍ចាស់ដែល Google ធ្លាប់រក្សាទុកទិន្នន័យសន្ទនាបណ្តោះអាសន្នត្រឹមតែ ៧២ ម៉ោង ប៉ុណ្ណោះ (យោងតាមឯកសារចាស់នៃមជ្ឈមណ្ឌលឯកជនភាព Gemini កាលពីថ្ងៃទី១២ ខែវិច្ឆិកា)។ បើប្រៀបធៀបទៅនឹងគូប្រជែងធំៗផ្សេងទៀត ក្រុមហ៊ុន OpenAI រក្សាទុកការជជែកបណ្តោះអាសន្ននៅក្នុង ChatGPT ត្រឹមរយៈពេល ៣០ ថ្ងៃ ចំណែកឯក្រុមហ៊ុន Anthropic ក៏រក្សាទុកការជជែកសម្ងាត់នៅក្នុង Claude រយៈពេល ៣០ ថ្ងៃដូចគ្នា លើកលែងតែមានករណីពិសេសពាក់ព័ន្ធនឹងផ្លូវច្បាប់ ឬការស៊ើបអង្កេតលើការរំលោភគោលការណ៍។

ទោះបីជាយ៉ាងណាក៏ដោយ Google មិនបានឆ្លើយតបលម្អិតអំពីមូលហេតុជាក់លាក់ដែលជំរុញឱ្យមានការផ្លាស់ប្តូរនេះ ឬថាតើវានឹងប៉ះពាល់ដល់របៀបនៃការត្រួតពិនិត្យទិន្នន័យសន្ទនាយ៉ាងណានោះទេ ដោយគ្រាន់តែបញ្ជាក់ក្នុងប្លុកផ្លូវការថា ការរក្សាទុកយូរជាងមុនគឺដើម្បីឆ្លើយតបទៅនឹងអ្នកប្រើប្រាស់ ដំណើរការមតិកែលម្អ និងការពារសេវាកម្មរបស់ខ្លួន ក៏ដូចជាការពារបញ្ហាគាំងប្រព័ន្ធជាយថាហេតុ។ ទន្ទឹមនឹងនេះ Google បានសង្កត់ធ្ងន់ថា ការសន្ទនាបណ្តោះអាសន្នទាំងនោះ នឹងមិនត្រូវបានយកទៅប្រើប្រាស់ដើម្បីហ្វឹកហាត់ម៉ូដែល AI (Train AI models) ឡើយ។

ស្របពេលជាមួយគ្នានេះ Google ក៏បានណែនាំការកំណត់ថ្មីចំនួនពីរដាច់ដោយឡែកពីគ្នា គឺការគ្រប់គ្រងលើប្រវត្តិជជែក (Chat history) និងការហ្វឹកហាត់ AI (AI training) ដែលកាលពីមុនមុខងារទាំងពីរនេះត្រូវបានចងភ្ជាប់គ្នាតែមួយក្រោមឈ្មោះថា "Keep Activity"។ តាមរយៈការកំណត់ថ្មីនេះ អ្នកប្រើប្រាស់អាចរក្សាទុកប្រវត្តិជជែករបស់ខ្លួនទុកមើលបាន ដោយមិនចាំបាច់អនុញ្ញាតឱ្យ Google យកទិន្នន័យទាំងនោះទៅហ្វឹកហាត់ AI ឡើយ ហើយសម្រាប់អ្នកដែលធ្លាប់បិទ "Keep Activity" ពីមុនមក ការកំណត់ថ្មីទាំងពីរនេះនឹងត្រូវបានបិទទុកជាស្រេចដោយស្វ័យប្រវត្តិ។
