បើទោះបីជាវិស័យធនាគារនៅស្រុកខ្មែរយើងបានវិវត្តខ្លួន រីកច្រើនមកឆ្ងាយ ដល់ការប្រើប្រាស់នូវបច្ចេកវិទ្យា KHQR សម្រាប់ការ Scan ទូទាត់លុយជំនួសឱ្យការវាយបញ្ចូលលេខដែលងាយនឹងមានការភាន់ច្រឡំក៏ពិតមែន ក៏ប៉ុន្តែនៅតែមិនទាន់ចៀសផុតទាំងស្រុងអំពីបញ្ហាវេរលុយខុសកុងនៅឡើយ។
ជុំវិញបញ្ហាមួយនេះដែរ អ្នកជំនាញផ្នែកច្បាប់ លោក យូ ឧស្សាហ៍ បានលើកឡើងថា «ប្រសិនបើបុគ្គលណាម្នាក់ទទួលបានលុយដែលគេវេរច្រឡំនោះ ហើយយកទៅចាយវាយ មិនព្រមសងត្រឡប់ទៅម្ចាស់ដើមវិញ មានន័យថាគាត់បានធ្វើខុសចំពោះគោលការណ៍ធំ៣ ដែលភាគីម្ចាស់លុយ អាចយកទុកដាក់ពាក្យបណ្ដឹងបាន»។
គោលការណ៍ទី២ «ច្បាប់រដ្ឋប្បវេណី»៖ ត្រង់ចំណុចនេះដែរ លោក ឧស្សាហ៍ បានពន្យល់ថា ករណីខាងលើនេះ នៅក្នុងទិដ្ឋភាពផ្នែករដ្ឋប្បវេណី គេហៅថា «សេចក្ដីចម្រើនដោយឥតហេតុ»។ យោងតាមមាត្រា ៧៣៦ នៃក្រមរដ្ឋប្បវេណី បានចែងថា «ទោះបីជាគ្មានមូលហេតុលើផ្លូវច្បាប់ក៏ដោយ បុគ្គលដែលបានទទួលផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬពលកម្មរបស់អ្នកដទៃ ហើយធ្វើឱ្យកើតមានការបាត់បង់ផលប្រយោជន៍ដល់អ្នកដទៃ ដោយសារការទទួលនោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ត្រឹមកម្រិតដែលផលប្រយោជន៍នោះមាន»។
គោលការណ៍ទី៣ «ច្បាប់ព្រហ្មទណ្ឌ»៖ ក្រៅពីកំហុសទៅលើផ្នែកទាំង២ខាងលើ លោកមេធាវី ឧស្សាហ៍ បានបញ្ជាក់ច្បាស់ៗទៀតថា ករណីមួយនេះម្ចាស់លុយអាចប្ដឹង ដោយប្រើក្រមព្រហ្មទណ្ឌ ទាក់ទងពីបទ «លួច»។ លោកបានពន្យល់បន្ថែមថា ការលួចមិនមែនទាល់តែទៅលួចផ្ទាល់ៗទេ បើក្នុងករណីដែលគេវេរលុយមកច្រឡំ ហើយម្ចាស់លុយគេទាមទារវិញ តែយើងមិនព្រមឱ្យទាំងបំពានទោះដឹងច្បាស់ថាជារបស់គេ មិនថាលុយតិចឬច្រើនទេ បែបនេះក៏ចូលជាករណីលួចដែរ ហើយអំពើលួចគឺជាប់ជាទោសព្រហ្មទណ្ឌ។
បើយោងតាមមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌបានចែងថា «អំពើលួច ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១លានរៀល ទៅ ៦លានរៀល»។
អ្នកជំនាញផ្នែកច្បាប់រូបនេះ បានគូសបញ្ជាក់ផងដែរថា បើសិនជាសុខៗមានគេវេរលុយមកច្រឡំ កុំចាំដល់គេទារអី លោកអ្នកអាចធ្វើរឿងទាំង២នេះភ្លាមៗបាន។ រឿងទី១គឺស្វែងរកព័ត៌មានម្ចាស់លុយតាមរយៈប្រតិបត្តិការផ្ទេរប្រាក់ បើមិនដូច្នោះទេលោកអ្នកអាចទាក់ទងទៅកាន់ធនាគារសាម៉ី (គេវេរចូលកុងធនាគារមួយណា ទាក់ទងទៅធនាគារនោះ) ដើម្បីស្វែងរកព័ត៌មានម្ចាស់លុយ។ រឿងទី២គឺ វេរលុយត្រឡប់ទៅម្ចាស់គេវិញតាមចំនួនដែលគេច្រឡំវេរមក ជាការស្រេច៕
អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)
អត្ថបទបន្ទាប់ ខ្ញុំនឹងប្រាប់លោកអ្នកអំពីរឿងដែលត្រូវធ្វើបន្ទាប់ពីវេរលុយច្រឡំទៅកុងធនាគារគេផ្សេង