ថ្មីៗនេះ រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានទម្លាក់ពន្ធនាំចូលរថយន្តអគ្គិសនីបន្ថែមទៀត ចុះមកសល់ ១% ដោយកាលពីមុនពន្ធនាំចូលស្មើនឹង ១១% ។ នេះបើយោងតាមការចេញផ្សាយពី Reuters ។
ដោយសារបច្ចុប្បន្ននេះពិភពលោកទាំងមូលកំពុងតែវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស ជាក់ស្តែងដូចជាការប្រើប្រាស់ថាមពលលើវិស័យដឹកជញ្ជូនលើជុំវិញពិភពលោក ដែលបានចាប់ផ្តើមលើកកម្ពស់លើការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងការកាតបន្ថយនូវការបញ្ចេញឧស្ម័នពុលចេញពីម៉ាស៊ីនសាំង និងម៉ាស៊ូត ដែលឧស្ម័នពុលទាំងនោះគេហៅថា CO2 ឬ កាបូនិក។
តួយ៉ាងកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានចេញនូវសេចក្តីប្រកាសប្រាប់ទៅប្រជាជនខ្លួន រួមទាំងពិភពលោកទាំងមូលបានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីបានធ្វើការកាត់បន្ថយពន្ធនាំចូលរថយន្តអគ្គិសនីមកសល់ត្រឹមតែ ១% តែប៉ុណ្ណោះ ដែលកាលពីមុនពន្ធនាំចូលរថយន្តអគ្គិសនីក្នុងប្រទេសនេះ ក៏មានអត្រាទាបដែរ តែត្រឹម ១១% នោះទេ ពោលគឺ គេបានបញ្ចុះតម្លៃពន្ធដល់ទៅ ១០%បន្ថែមទៀត ។ហើយនេះរឿងដំណឹងល្អ គួរឲ្យសរសើរខ្លាំងមែនទែនសម្រាប់ប្រជនជនឥណ្ឌូនេស៊ី។
ជាមួយគ្នានេះផងដែរ ប្រទេសនេះ បានកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញការវិនិយោគទៅក្នុងការផលិតអាគុយ សម្រាប់បំពាក់លើរថយន្តអគ្គិសនី និងយានយន្តអគ្គិសនី ក្នុងស្រុក ខណ:ដែលប្រទេសនេះ មានរ៉ែនីកែលច្រើនមែនទែន ដែលជាវត្ថុធាតុដ៏សំខាន់បំផុតសម្រាប់ផលិតអាយុរថយន្តអគ្គិសនី។
ជាក់ស្តែងដូចជាក្រុមហ៊ុន LG និង Hyundai របស់កូរ៉េខាងត្បូងបានចាប់ផ្តើមសាងសង់រោងចក្រដំឡើងអាគុយ និងរថយន្ត EV នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍រួចហើយ។
គូសបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ីបាននិយាយកាលពីខែមីនាថាខ្លួន នឹងបែងចែក ថវិការដ្ឋចំនួន 7 ពាន់ពាន់លានរូពី ឬស្មើនឹង 466.70 លានដុល្លារ ដើម្បីឧបត្ថម្ភធនដល់ការលក់ម៉ូតូអគ្គិសនីរហូតដល់ឆ្នាំ 2024៕
អត្ថបដោយ៖ ព្រឹម ភក្តី