បច្ចុប្បន្នស្មាតហ្វូនទំនើបៗមួយចំនួនគឺបានបំពាក់មកជាមួយនឹងប្រភេទកាមេរ៉ាមុខដោយបង្កប់វានៅក្រោមអេក្រង់ដែលសឹងតែមើលមិនឃើញស្មាមទៅហើយប៉ុន្តែវាអាចថតរូបបាន ថតវីដេអូបាន និងអាចធ្វើជាសេនសស័រសម្រាប់ស្កេនមុខបានទៀតផង។ ហើយអ្នកធ្លាប់ឆ្ងល់ទេ ថាហេតុអ្វីបានជាកាមេរ៉ាដែលគេបង្កប់នៅក្រោមអេក្រង់យើងមើលមិនឃើញផងតែវាអាចដំណើការបាន?
ជាក់ស្តែងបច្ចេកវិទ្យានេះមានឈ្មោះថា Under-Display Camera Technology ហើយកន្លងមកក៏ធ្លាប់មានស្មាតហ្វូនទំនើបៗមួយចំនួនបានប្រើប្រាស់វារួចមកហើយដែរដូចជា៖ ZTE Axon 20 5G ដែលវាស្មាតហ្វូនដំបូងបំពាក់បច្ចេកវិទ្យានេះក្នុងឆ្នាំ2020 ហើយនៅក្នុងឆ្នាំ2021 ក៏មានម៉ូដែល Xiaomi Mi Mix 4, Samsung Galaxy Z Fold 3 និង ZTE Axon 30 ផងដែរ។
តាមពិតទៅចំពោះការលាក់កាមេរ៉ាមិនឱ្យយើងឃើញវាលេចចេញមកខាងក្រៅគឺ ដោយសារតែស្មាតហ្វូនដែលបំពាក់កាមេរ៉ាបែបនេះ ត្រង់ចំណុចកាមេរ៉ាគេបានកាត់ស្រទាប់អេក្រង់មួយចេញដើម្បីឱ្យពន្លឺចូលបានមានន័យថាវាស្តើងខុសពីកន្លែងផ្សេង ប៉ុន្តែនៅអាចដំណើរការបានធម្មតា។ ក្នុងនោះផងដែរវាក៏មិនអាចបិទបាំងបានជិតទាំងស្រុង100%នោះទេ ពោលគឺយើងនៅតែអាចមើលឃើញស្មាមតិចនៅពេលកាមេរ៉ាដំណើរការ។
ហេតុអ្វីបច្ចេកវិទ្យានេះកំពុងពេញនិយម?
ដូចដែលអ្នកបានដឹងហើយថា បច្ចុប្បន្ននេះក្រុមហ៊ុនស្មាតហ្វូនភាគច្រើនគឺកំពុងតែប្រកួតប្រជែងគ្នាលើការផលិតទូរស័ព្ទដែលមានអេក្រង់ធំ ហើយនេះក៏ដោយសារតែតម្រូវការអតិថិជនផងដែរ ដែលភាគច្រើនគេចង់បានស្មាតហ្វូនណាដែលធំទូលាយ មិនមានអ្វីបិទបាំង រំខានដល់ការមើលវីដេអូ ឬលេងហ្គេមជាដើម ជាក់ស្តែងដូចជាអេក្រង់ប្រភេទដំណក់ទឹក ឬ Punch Hole ជាដើម។ ដូច្នេះក្រុមហ៊ុនស្មាតហ្វូនបច្ចុប្បន្នកំពុងតែព្យាយាមធ្វើយ៉ាងលាក់សេនស័រក៏ដូចជាកាមេរ៉ានៅពីក្រោមអេក្រង់ឱ្យបាន។
មិនតែប៉ុណ្ណោះថ្មីៗនេះក៏លេចឮដំណឹងថា Apple គ្រោងរចនា iPhone 16 Pro ដោយលាក់សេនស័រស្កេនមុខឬហៅថា under-display Face ID ផងដែរ ដែលស្មាតហ្វូននេះនឹងត្រូវចេញនៅឆ្នាំ2024 ខាងមុខ។
យ៉ាងណាមិញសម្រាប់បច្ចេកវិទ្យាមួយនេះគឺមានតែនៅលើស្មាតហ្វូនទំនើបៗមួយចំនួនប៉ុណ្ណោះក្នុងពេលបច្ចប្បន្ន ហើយអ្វីដែលជាចំណុចមិនសូវល្អនោះគឺប្រភេទកាមេរ៉ាបែបនេះ គុណភាពមិនសូវច្បាស់ល្អទេព្រោះវាមិនអាចចាប់ពន្លឺបានច្បាស់ដូចកាមេរ៉ាដែលយើងឃើញរូបរាងវានៅក្រៅទ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាគឺជាបច្ចេកវិទ្យាដែលក្រុមហ៊ុនស្មាតហ្វូនភាគច្រើនកំពុងតែអភិវឌ្ឍទៅលើគុណភាពដើម្បីដាក់វានៅលើស្មាតហ្វូនរបស់់ខ្លួន។ ហើយសម្រាប់អ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះប្រភេទកាមេរ៉ាបែបនេះ? ។
អត្ថបទដោយ៖ រិន មករា