ជារឿងមួយដែលភ្ញាក់ផ្អើលខ្លាំង ក្រុមហ៊ុន Honda Motor Co Ltd បានបោះទុន ចំណាយទឹកប្រាក់ ៦៤ ពាន់លានដុល្លារ ដើម្បីសិក្សាស្រាវជា្រវ និងអភិវឌ្ឍន៍ ផ្តោតលើគោលដៅ រយ:ពេលវែង ក្នុងការសម្រេចមហិច្ឆតាធំមួយរបស់ Honda គឺដើម្បីបញ្ចេញរថយន្តអគ្គិសនីសុទ្ធ ម្តងទាំងអស់ចំនួន ៣០ម៉ូដែលទៅកាន់សកលលោកនៅឆ្នាំ ២០៣០ ។
យោងតាមការចុះផ្សាយកាលពីកន្លងទៅរបស់ កាសែត Reuters បានឲ្យដឹងថា ចំពោះគោលដៅរយ:ពេលយូរ ក្រុមហ៊ុន Honda បានសម្រេចប្រកាសប្រាប់មហាជនថាខ្លួននឹងផលិតរថយន្តអគ្គិសនីឲ្យ ២ លានគ្រឿងក្នុងមួយឆ្នាំ គ្រប់រោងចក្រទាំងអស់ នៅក្នុងឆ្នាំ ២០៣០ គោលបំណង គឺដើម្បីចាប់ចំណែកទីផ្សារ ជាមួយក្រុមហ៊ុននាំមុខគេ Tesla ។ ខណ:ពេលនេះដែលក្រុមហ៊ុនជប៉ុនមួយនេះក៏កំពុងស្ថិតនៅក្នងក្រឡាអុកដ៏គ្រោះថ្នាក់ជាមួយនឹងគូប្រជែងប៉ែកខាងអឺរ៉ុប និងសហរដ្ឋអាមេរិក ។
កាលពីមួយរយ:មុន ក្រុមហ៊ុន Honda បាននិយាយថាខ្លួន នឹង GM ចាប់ដៃអភិវឌ្ឍន៍ស៊េរីរថយន្តអគ្គិសនីដែលមានតម្លៃទាបជាងទីផ្សារទូទៅ ដោយផ្អែកលើនិន្នាការរួមគ្នា ពង្រីកសក្កដានុពលនៃខែ្សសង្វាក់ផលិតរថយន្តអគ្គិសនី SUV ចំនួន ពីរគ្រឿងរបស់ Honda ដែលត្រូវចាប់ផ្តើមចេញនៅឆ្នាំ២០២៤ ខាងមុខនេះ ។
បន្ថែមពីនេះ Honda បាននិយាយថាខ្លួនកំពុងតែពឹងផ្អែកលើខ្សែសង្វាក់ផលិតកម្មជាមួយដៃគូនៅខាងសហរដ្ឋអាមេរិក ដោយបានទិញយកអាគុយប្រភេទ Ultium ពីក្រុមហ៊ុន General Motor Co (GM) ផងដែរ ។
យ៉ាងណាមិញ លោក Toshihiro Mibe ជាCEO នៃ ក្រុមហ៊ុន Honda បានអះអាងថា « ទោះជាពិភពលោកកំពុងតែងាកទៅរកយានជំនិះដំណើរការអគ្គិសនី ភាគច្រើនក៏ដោយ តែ ក្រុមហ៊ុន Honda ព្រមទាំងក្រុមហ៊ុនជប៉ុនដទៃទៀត មិនបំភ្លេចឡើយ នូវរថយន្តដែលមានបច្ចេកវិទ្យា Hybrid ព្រោះទីផ្សារបច្ចុប្បន្ន មិនទាន់បត់ ៩០ដឺក្រេនៅឡើយទេចំពោះរថយន្ត EV សុទ្ធ ដូច្នេះតម្រូវការរថយន្តជាប្រភេទ Hybrid នៅតែឈរលំដាប់ខ្ពស់ដដែល ៕