លែងចាំបាច់ហត់ធ្វើការ! Google បង្កើតមុខងារថ្មីលើ Gemini ដែលអាចបញ្ជាកុំព្យូទ័រមួយប្រភេទនេះធ្វើការជំនួសមនុស្សបាន
Touch Soriya
•
NOVEMBER 26 2026
•
គន្លឹះល្អៗ
•
78 views
•
2 mins read
•

ក្រុមហ៊ុនបច្ចេកវិទ្យា Google បានបន្ថែមសមត្ថភាពថ្មីដល់ Gemini ដោយអាចបញ្ជាកម្មវិធីផ្សេងៗនៅលើកុំព្យូទ័រ Mac និងបំពេញការងារជាច្រើនដំណាក់កាលជំនួសអ្នកប្រើប្រាស់បាន។ មុខងារនេះ មានឈ្មោះថា «Computer Use» ដែលអាចជួយសម្រួលការងារដែលចំណាយពេលច្រើន និងត្រូវធ្វើដដែលៗ។

132

យោងតាមការប្រកាសរបស់ Google កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មុខងារ Computer Use នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធី Gemini សម្រាប់ប្រព័ន្ធប្រតិបត្តិការ macOS ដោយអាចឱ្យ AI ធ្វើការជាមួយកម្មវិធីដែលមាននៅលើ Mac និងបើកមើលគេហទំព័រនានានៅផ្ទៃខាងក្រោយបាន។

សមត្ថភាពថ្មីនេះ ជាផ្នែកមួយនៃបច្ចេកវិទ្យា Agentic AI ដែលអនុញ្ញាតឱ្យ AI មិនត្រឹមតែឆ្លើយតបសំណួរ ឬផ្តល់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែអាចអនុវត្តសកម្មភាពដោយផ្ទាល់ ដើម្បីបំពេញការងារតាមការណែនាំរបស់អ្នកប្រើប្រាស់។ ក្នុងករណីនេះ Gemini ក៏អាចធ្វើការងារជាច្រើនដំណាក់កាលដែលពាក់ព័ន្ធនឹងឯកសារក្នុងកុំព្យូទ័រ កម្មវិធីផ្សេងៗ និងគេហទំព័រនៅលើអ៊ីនធឺណិតផងដែរ។

15

អ្វីដែលពិសេសនោះ គឺអ្នកប្រើប្រាស់អាចមើលឃើញសកម្មភាពរបស់ AI នៅពេលកំពុងធ្វើការ តាមរយៈផ្ទាំង «Live Preview» នៅក្នុង Gemini ផងដែរ។ ក្នុងពេលជាមួយគ្នានេះ អ្នកក៏អាចបន្តប្រើប្រាស់អេក្រង់ និង Mouse ដើម្បីធ្វើការងារផ្សេងទៀតក្នុងពេលតែមួយបានផងដែរ។

16

ក្នុងនោះ អ្នកប្រើប្រាស់នៅតែអាចគ្រប់គ្រងសកម្មភាពរបស់ AI បាន ដោយអាចផ្អាក បញ្ឈប់ ឬអនុម័តសកម្មភាពរបស់ Gemini មុនពេលវាអនុវត្តសកម្មភាពក្នុងការធ្វើការងារ។ ចំពោះ ការងារដែលអាចធ្វើបាន Google បានបញ្ជាក់ថា Gemini អាចជួយបំពេញ Form ធ្វើការងារដដែលៗលើឯកសារជាច្រើន រៀបចំឯកសារដាក់ក្នុង Folder តាមលក្ខខណ្ឌដែលបានកំណត់ និងបង្កើត Slide Show ពីឯកសារក្នុងកុំព្យូទ័រ ឬព័ត៌មាននៅលើ Online Dashboard ជាដើម។ សមត្ថភាពទាំងនេះ អាចជួយកាត់បន្ថយពេលវេលាដែលអ្នកប្រើប្រាស់ត្រូវចំណាយលើការងារប្រចាំថ្ងៃ។

17

យ៉ាងណាមិញ មុខងារនេះនៅមិនទាន់ដាក់ឱ្យប្រើប្រាស់ទូទៅនៅឡើយទេ ដំបូងឡើយ មុខងារនេះ អាចប្រើបានជាភាសាអង់គ្លេសនៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ហើយអ្នកប្រើប្រាស់ត្រូវមានកម្មវិធី Gemini សម្រាប់ Mac និងមានគម្រោង Google AI Plus, Pro ឬ Ultra ទើបអាចប្រើប្រាស់បាន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia