នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Technology Cambodia កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅនេះ លោក ម៉ក់ វណ្ណា (Mork Vanna) ដែលជាស្ថាបនិកនៃក្រុម Blizzer ដែលជាសហគ្រាសបច្ចេកវិទ្យាថ្មី ផ្ដោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតសម្រាប់ភាសាខ្មែរ ខណៈដែលលោកបានទម្លាយឱ្យដឹងពីដំណើរជីវិត និងមូលដ្ឋានគ្រឹះសំខាន់ៗដែលរុញច្រានឱ្យលោកឈានជើងចូលក្នុងវិស័យបច្ចេកវិទ្យាទំនើបនេះ។

លោកបានរំឮកថា លោកធ្លាប់ជា «សិស្សពូកែរូបវិទ្យាថ្នាក់ជាតិ» មួយរូប ដែលជាកត្តាដ៏សំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ លើសមត្ថភាពវិភាគ និងការគិតបែបតក្កវិជ្ជា។ បន្ទាប់ពីទទួលបានជោគជ័យក្នុងវ័យសិក្សា លោកក៏បានសម្រេចចិត្តបន្តការសិក្សាលើជំនាញ វិស្វកម្មអេឡិចត្រូនិច (Electronic Engineering) ដែលជាចំណុចចាប់ផ្ដើមនៃការឈានទៅរកការបង្កើតសហគ្រាសបច្ចេកវិទ្យាថ្មី" ផ្ដោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតសម្រាប់ភាសាខ្មែរ។ សមិទ្ធផលដែលលោក ម៉ក់ វណ្ណា ទទួលបានក្រៅពីវិស័យ Tech គឺការក្លាយជា ម្ចាស់ឯកត្តកម្មជាតិ (National Record Holder) ក្នុងការលេង Rubik's Cube ដោយដៃម្ខាង ក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២៤។
ក្នុងវិស័យបច្ចេកវិទ្យា លោកបានសម្រេចជោគជ័យក្នុងការស្រាវជ្រាវ និងបង្កើតម៉ូដែល AI សម្រាប់ការងារខ្មែរដោយផ្ទាល់ ដែលរួមមាន Kiri TTS (បំប្លែងអត្ថបទទៅជាសំឡេង), Kiri ASR (បំប្លែងសំឡេងទៅជាអត្ថបទ), Kiri-OCR (ដកស្រង់អត្ថបទពីរូបភាព) និងម៉ូដែល AI សំខាន់ៗជាច្រើនទៀត។

បើនិយាយពីរឿងរ៉ាវរបស់ Kiri វិញ គឺបានចាប់ផ្ដើមតាំងពី ៧ ឆ្នាំមុនមកម្លេះ គឺនៅក្នុងឆ្នាំ ២០១៩។ កាលនោះ វាមិនទាន់ជា AI ដ៏ស្មុគស្មាញដូចពេលនេះទេ ប៉ុន្តែវាបានចាប់ផ្ដើមចេញពីគ្រាប់ពូជនៃក្ដីស្រមៃតូចមួយ ដែលោកបានបង្កើតវាឡើងដើម្បីធ្វើជាមិត្តភក្តិ និងជាកម្លាំងចិត្តដ៏រឹងមាំក្នុងគ្រាដែលខ្លួនជួបប្រទះការលំបាក។ Kiri មិនត្រឹមតែជាកម្មវិធីសម្រាប់ប្រើប្រាស់ឡើយ តែគឺជាតំណាងនៃភាពរឹងមាំ និងជាកម្លាំងចលករដែលជំរុញឱ្យខ្លួនលោកបន្តដំណើរទៅមុខជានិច្ច ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
ប៉ុន្តែនៅពេលដែលរលកនៃ AI ចាប់ផ្ដើមផ្ទុះឡើងទូទាំងពិភពលោក លោកក៏បានមើលឃើញពីឱកាស និងបញ្ហាប្រឈមដ៏ធំមួយ គឺកង្វះខាតបច្ចេកវិទ្យា AI កម្រិតខ្ពស់សម្រាប់ភាសាខ្មែរយើង។ នេះហើយជាកម្លាំងចលករដែលធ្វើឱ្យខ្ញុំសម្រេចចិត្តអភិវឌ្ឍ Kiri TTS ឡើង។

លោក ម៉ក់ វណ្ណា បានចំណាយពេលយ៉ាងច្រើនក្នុងការស្រាវជ្រាវ និងរៀនសូត្រដោយផ្ទាល់ពី Path បច្ចេកវិទ្យាកម្រិតខ្ពស់ក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្សលើពិភពលោក ដើម្បីនាំយកស្ដង់ដារ និងរបៀបរៀបចំប្រព័ន្ធឱ្យរឹងមាំ ឬ Architecture មកអនុវត្តជាមួយ Kiri ឱ្យមានសមត្ថភាពខ្ពស់បំផុត ព្រោះថាដើម្បីឱ្យគម្រោងបច្ចេកវិទ្យា AI មួយអាចលេចចេញជារូបរាង និងដំណើរការបាន យើងត្រូវមានមូលដ្ឋានគ្រឹះសំខាន់ៗដូចជា៖
- ជំនាញវិស្វកម្មសូហ្វវែរ (Software Engineering)៖ ការសរសេរកូដ និងរបៀបរចនាសម្ព័ន្ធប្រព័ន្ធឱ្យរឹងមាំសោភ័ណភាព (ដើម្បីឱ្យដំណើរការបានរហ័ស និងមានប្រសិទ្ធភាពខ្ពស់)។
- ការស្រាវជ្រាវ និងរៀនសូត្រឥតឈប់ឈរ៖ ត្រូវតាមដាន និងសិក្សាពីស្ថាបត្យកម្ម AI ទំនើបៗបំផុតសម្រាប់អនុវត្តលើភាសាខ្មែរ ក៏ដូចជាការកែច្នៃឱ្យស្របតាមបរិបទភាសាខ្មែរ។
- ធនធាន GPU កម្លាំងខ្លាំង៖ ការបង្កើត AI ដែលនិយមន័យបានធម្មជាតិ និងរលូន គឺទាមទារការប្រើប្រាស់ម៉ាស៊ីនកំព្យូទ័រដែលមានសមត្ថភាពខ្ពស់បំផុត ដើម្បីដំណើរការម៉ូដែល AI ដ៏ស្មុគស្មាញទាំងនេះ។

គោលដៅធំបំផុតរបស់លោក ម៉ក់ វណ្ណា សម្រាប់ Kiri គឺការអភិវឌ្ឍឱ្យទៅជាម៉ូដែល Speech-to-Speech ដែលអាចឱ្យមនុស្ស និង AI ធ្វើការសន្ទនាគ្នាដោយប្រើសំឡេងទៅវិញទៅមកយ៉ាងរលូន។ ចក្ខុវិស័យរបស់លោក គឺចង់ឱ្យកម្ពុជាមានបច្ចេកវិទ្យាផ្ទាល់ខ្លួន ដែលអាចប្រើប្រាស់មនុស្សគ្រប់រូប មិនថាជាសិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន ឬបងប្អូនដែលមានតម្រូវការពិសេសនោះទេ ដើម្បីឱ្យការរស់នៅ និងការប្រើប្រាស់ឌីជីថលកាន់តែមានភាពងាយស្រួល និងស្មើភាពគ្នា។

ជាចុងក្រោយ លោក ម៉ក់ វណ្ណា ស្ថាបនិកនៃក្រុម Blizzer បានផ្តល់ជាពាក្យផ្ដាំផ្ញើល្អៗទៅកាន់យុវជនខ្មែរថា "បើ ៧ ឆ្នាំមុនខ្ញុំមិនចាប់ផ្ដើម ខ្ញុំក៏គ្មានថ្ងៃនេះដែរ"។ ដូចច្នេះកុំខ្លាចក្នុងការដើរតាមក្តីស្រមៃ ទោះបីជាត្រឹមតែរបស់តូចមួយក៏ដោយ។ ចូររៀនសូត្រពីអ្នកដែលពូកែជាងយើង ហ៊ានចាប់ផ្ដើមពីចំណុចតូចៗ និងតស៊ូឱ្យដល់ទីបំផុត។
