មិនធម្មតា! ក្រុមហ៊ុន Startup AI មួយនេះទើបតែបង្កើតឡើង ឥឡូវនេះមានតម្លៃខ្លួនហក់ឡើងរហូតដល់ទៅ ១៣ ពាន់លានដុល្លារ
Khunna - ឃុនណា
JUNE 23 2026
នវានុវត្តន៍
65 views
2 mins read

ក្រុមហ៊ុន Baseten ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI Startup) មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងចូលរួមបង្កើតឡើងដោយជនជាតិអូស្ត្រាលី បានប្រកាសថា ខ្លួនប្រមូលទុនបានចំនួន ១,៥ ពាន់លានដុល្លារអាមេរិក បន្ថែមទៀត នៅក្នុងការកៀងគរទុនវគ្គចុងក្រោយ។ ការទទួលបានទុនបន្ថែមនេះ បានរុញច្រានតម្លៃវាយតម្លៃសរុប របស់ក្រុមហ៊ុនឱ្យហក់ឡើងរហូតដល់ ១៣ ពាន់លានដុល្លារអាមេរិក ដែលនេះជាសញ្ញសហ្វែងបញ្ជាក់យ៉ាងច្បាស់ពីលំហូរទុនវិនិយោគយ៉ាងគំហុកចូលទៅក្នុងវិស័យ AI

Baseten Logo  AI Inference Infrastructure Platform

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Baseten កាលពីយប់ថ្ងៃចន្ទកន្លងទៅ ការកៀងគរទុនវគ្គនេះត្រូវបានដឹកនាំដោយក្រុមហ៊ុនវិនិយោគ Sands Capital និង Wellington Management របស់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនវិនិយោគទុនឈានមុខគេរបស់ប្រទេសអូស្ត្រាលី គឺ Blackbird VC ក៏បានប្រកាសពីការចូលរួមបោះទុនក្នុងទំហំទឹកប្រាក់ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ ទោះបីជាមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ជាក់លាក់ក៏ដោយ។ លោក Michael Tolo ដៃគូគ្រប់គ្រងនៃក្រុមហ៊ុន Blackbird បានលើកឡើងតាមរយៈបទសម្ភាសន៍តាមទូរស័ព្ទថា៖ នេះគឺជាសញ្ញានៃការជឿជាក់យ៉ាងមុតមាំ ហើយលោកបានបន្ថែមថា ការចំណាយចុងក្រោយរបស់ Blackbird នេះ អាចជាការបោះទុនដ៏ធំបំផុតរហូតមកទល់ពេលនេះ ដោយក្រុមហ៊ុនវិនិយោគទុនរបស់អូស្ត្រាលី។

ក្រុមហ៊ុន Baseten គឺជាអ្នកអភិវឌ្ឍ និងផ្គត់ផ្គង់កម្មវិធី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុននានាអាចធ្វើការកែច្នៃ និងកំណត់ទម្រង់ប្រព័ន្ធគំរូ AI ផ្ទាល់ខ្លួនបាន។ ក្រុមហ៊ុនបានអះអាងថា សេវាកម្មរបស់ខ្លួនគឺជាជម្រើសដែលមានតម្លៃសមរម្យ និងធូរថ្លៃជាងបើធៀបនឹងក្រុមហ៊ុនផ្គត់ផ្គង់ធំៗ ដូចជា OpenAI និង Anthropic។ លោក Michael Tolo បានគូសបញ្ជាក់បន្ថែមថា សម្រាប់បណ្តាក្រុមហ៊ុនដែលកំពុងបញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងប្រព័ន្ធបច្ចេកវិទ្យារបស់ពួកគេ Baseten អាចប្រកួតប្រជែងជាមួយ OpenAI និង Anthropic ក្នុងតម្លៃទាបជាង ហើយនេះគឺជាការផ្លាស់ប្តូរដ៏ធំបំផុតដែលយើងបានឃើញទាំងនៅក្នុងសេដ្ឋកិច្ចឯកតា និងអត្ថប្រយោជន៍ប្រកួតប្រជែងនៅក្នុងទីផ្សារ AI នាពេលបច្ចុប្បន្ន។

Images (3)

ក្រុមហ៊ុនបានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ចំណូលរបស់ខ្លួនបានកើនឡើងរហូតដល់ ២០ ដង ដោយសារតែការកើនឡើងនៃតម្រូវការលើ Inference (ដំណាក់កាលដែលប្រព័ន្ធគំរូ AI ដែលបានបណ្តុះបណ្តាលរួចរាល់ ដំណើរការបង្កើតលទ្ធផលនៅក្នុងកម្មវិធីប្រើប្រាស់ជាក់ស្តែង)។

គួរជម្រាបផងដែរថា នេះគឺជាការកៀងគរទុនលើកទី ៤ ហើយរបស់ក្រុមហ៊ុន Baseten ក្នុងរយៈពេលត្រឹមតែ ១៨ ខែចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីតម្រូវការខ្ពស់របស់អ្នកវិនិយោគលើក្រុមហ៊ុនដែលផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីធ្វើពាណិជ្ជកម្មកម្មវិធី Generative AI។ ក្រុមហ៊ុន Baseten មានផែនការប្រើប្រាស់ថវិកាដែលទទួលបានថ្មីនេះ ទៅលើការងាយស្រួលពង្រីកសមត្ថភាពកុំព្យូទ័រ អភិវឌ្ឍកម្មវិធី និងជ្រើសរើសបុគ្គលិកបន្ថែម៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia