យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ដោយផ្អែកលើប្រភពឯកសារដែលប្រមូលបាន បានឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Startup ផ្នែក AI បែបកូដបើកចំហមួយនេះ នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ជាបន្ទាន់នូវបន្ទះឈីប Nvidia GB300s ដែលជាប្រភេទឈីប AI ប្រើប្រាស់សម្រាប់បណ្តុះបណ្តាល និងដំណើរការប្រព័ន្ធគំរូកម្រិតខ្ពស់។ ក្រុមហ៊ុន Reflection បានយល់ព្រមបង់ប្រាក់ឱ្យក្រុមហ៊ុន SpaceX ចំនួន ១៥០ លានដុល្លារអាមេរិកក្នុងមួយខែ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៩។ រហូតមកទល់ពេលនេះ ទាំងក្រុមហ៊ុន SpaceX និង Reflection មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញកិច្ចព្រមព្រៀងនេះពីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅឡើយទេ។

សារព័ត៌មាន CNBC បានរាយការណ៍បន្ថែមថា ទំហំទឹកប្រាក់នៃការទូទាត់សរុបនឹងកើនឡើងដល់ប្រមាណ ៦,៣ ពាន់លានដុល្លារអាមេរិក ប្រសិនបើកិច្ចព្រមព្រៀងនេះដំណើរការរហូតដល់ចប់អាណត្តិ។ ទោះជាយ៉ាងណាក៏ដោយ ផ្អែកតាមរបាយការណ៍ដដែល ក្រុមហ៊ុនទាំងពីរមានសិទ្ធិអាចបញ្ចប់កិច្ចសន្យានេះបាន ដោយគ្រាន់តែផ្តល់ដំណឹងជាមុនរយៈពេល ៩០ ថ្ងៃ បន្ទាប់ពីការអនុវត្តកិច្ចសន្យាបានរយៈពេល ៣ ខែដំបូង។ ក្រុមហ៊ុន Reflection ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុនយក្ស Nvidia បានបង្ហោះសារនៅលើបណ្តាញសង្គម LinkedIn ដោយមិនបានបញ្ជាក់លម្អិតស៊ីជម្រៅនោះទេថា៖ ការទទួលបានប្រព័ន្ធគណនាកុំព្យូទ័រកាន់តែច្រើន នឹងផ្តល់លទ្ធភាពកាន់តែធំទូលាយសម្រាប់យើងក្នុងការជំរុញព្រំដែននៃប្រព័ន្ធគំរូ AI បែបបើកចំហឱ្យកាន់តែរីកចម្រើន។
កិច្ចព្រមព្រៀងជាមួយ Reflection នេះ បានបន្ថែមទៅលើបញ្ជីជោគជ័យផ្នែកពាណិជ្ជកម្មជាបន្តបន្ទាប់របស់ក្រុមហ៊ុន SpaceX ខណៈដែលក្រុមហ៊ុននេះក៏ទើបតែបានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google និងក្រុមហ៊ុន AI Startup ឈ្មោះ Anthropic ផងដែរ។

កាលពីដើមខែនេះ ក្រុមហ៊ុន SpaceX បានឱ្យដឹងថា ក្រុមហ៊ុន Google នឹងត្រូវបង់ប្រាក់ឱ្យក្រុមអាជីវកម្មរ៉ុក្កែតនិង AI មួយនេះ ក្នុងទំហំទឹកប្រាក់រហូតដល់ ៩២០ លានដុល្លារអាមេរិកក្នុងមួយខែ ចាប់ពីខែតុលាឆ្នាំនេះ រហូតដល់ខែមិថុនា ឆ្នាំ២០២៩ ជាមួយនឹងការបង្កើនសមត្ថភាពជាលំដាប់រហូតដល់ខែកញ្ញា ក្រោមតម្លៃសមរម្យ។ ទន្ទឹមនឹងការប្រកាសព័ត៌មាននេះ ភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX បានធ្លាក់ចុះប្រហែល ១០,៦% នៅក្នុងការជួញដូរនាពេលរសៀល។
