ក្រុមហ៊ុន Ford កំពុងតែកកាយយុទ្ធសាស្ត្រក្រឡុកទីផ្សារចាស់របស់ខ្លួន ប្រហែលមានបំណងចង់ផ្ដួលគូប្រជែងធំ Tesla ដែលកំពុងតែក្ដោបក្តាបចំណែកទីផ្សារថយន្តអគ្គិសនីច្រើនជាងគេបំផុត ។ នេះបើយោងតាមប្រភពពី The Verge ។
ដោយឡែក កាលពីថ្មីៗនេះ ក្រុមហ៊ុន Ford ទើបតែចេញសេចក្តីប្រកាសលក់ម៉ូទ័រអគ្គិសនីថ្មីៗ ទៅកាន់ទីផ្សារនៅអឺរ៉ុប ។ ជាក់ស្តែងកាលពីរដូវស្លឹកឈើជ្រុះកន្លងទៅ Ford បានចាប់ផ្តើមយកម៉ូដែល Ford F-100 ស៊េរីចាស់ឆ្នាំ ១៩៧៨ ដែលជារថយន្តប្រភេទភីបអាប់ ដោយបានញាត់បញ្ចូលនូវម៉ូទ័រអេឡិចត្រិចវិញម្តងដែលធ្វើឲ្យរថយន្តអាយុ ៤៤ឆ្នាំ មួយនេះក្លាយជា Performance ពេញលេញ ដែលមានល្បឿនស្ទុះពីសូន្យទៅ 100 Km/h បានហក់ចូលក្នុងរយ:ពេលយ៉ាងគួរឲ្យភ្ញាក់ផ្អើលមួយ ត្រឹមតែ 3 វិនាទីតែប៉ុណ្ណោះ ។
ម្យ៉ាងវិញទៀត ដូចជា M-9000-MACHE នេះអ៊ីចឹង វាត្រូវចាត់ទុកជាម៉ូទ័ររបស់ Ford Performance E-Crate ពេញលេញមួយហើយសម្រាប់ម៉ូទ័រដែល Ford បានចេញលក់ ហើយតម្លៃក្នុងគ្រឿងនោះគឺ ៤០៩៥ ដុល្លារ ដែលកម្លាំង ២១០ គីឡូវ៉ាត់ កម្លាំងបង្វិលជុំ ៤៣០ ញូតុនម៉ែត្រ ហើយល្បឿនរត់ខ្ពស់បំផុត (Max Speed ) នោះ 13,800 rpm ឯណោះ ។
មួយផ្នែកថែមទៀតដែលបងប្អូនគួរតែដឹងនោះ Ford គឺមានគម្រោងចង់បំផុតគំនិតឲ្យមនុស្សទូទៅអាចផលិតរថយន្តអគ្គិសនីបាន ថែមទាំងចែកនូវចំណេះដឹងផ្នែកជុសជុលរថយន្តបានដោយខ្លួនឯងបានទៀតផង ។ក៏ប៉ុន្តែវិធីធ្វើទីផ្សារបែបនេះគឺខុសគ្នាឆ្ងាយពីក្រុមហ៊ុន Tesla ដោយការរៀបចំទីផ្សារ និងការផលិតចេញនូវរថយន្តនីមួយៗ គឺស្រដៀង ទៅនឹងយុទ្ធសាស្រ្តរបស់ Apple អ៊ីចឹងដែរ ដោយការជុសជុល និងគ្រឿងបន្លាសផ្សេងៗ គឺតម្រូវឲ្យអូសចូលក្នុងរោចក្រ Tesla ផ្ទាល់ ហើយតម្លៃវិញគឺថ្លៃកប់ ៕