កាលពីកន្លងទៅថ្មីៗ នេះ Ford Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ RMA នៅកម្ពុជាបាននាំយករថយន្ត Ford everest សេរីថ្មីប្រភេទ SUV ពេញតួរ ២ ម៉ូឌែលពីអាមេរិកដែល Ford Company ប្រកាសកាលពីថ្ងៃទី១ ខែមីនា ។
បើយោងតាមការស៊ើបសួរពីអ្នកនាំពាក្យរបស់ Ford Cambodia បានប្រាប់មកថា ការមកដល់របស់ Ford Everest 2023 មួយនេះ ខាងក្រុមហ៊ុននៅកម្ពុជា បានជ្រើសនូវ ២ ម៉ូឌែល Sport Titanium ។
យ៉ាងណាមិញចំពោះម៉ាស៊ីនទាំង ២ ម៉ូដែល ខាងក្រុហ៊ុននៅកម្ពុជាបានជ្រើសយកតែ ម៉ាស៊ីនម៉ាសូត ដែលមានចំណុះ ២.០ លីត្រ ដំណើរការដោយ AWD មានស៊ីឡាំង ៦ រាប់ជាអក្សរ V ហើយថែមទាំងប្រើនូវបច្ចេកវិទ្យាជំនួយ Bi-Turbo ដែលជួយឲ្យម៉ាស៊ីនស្ទុះខ្លាំង និងជួយសន្សំសំចៃស៊ីប្រេងតិច ។
ម្យ៉ាងវិញទៀតចំពោះ ម៉ាស៊ីនម៉ាសូតមានកម្លាំងរហូតដល់ ២១៣ PS កម្លាំងរមួលកង់រថយន្តមាន ៥០០ ញូតុនម៉ែត្រ និងបានភ្ជាប់មកជាមួយនឹងប្រអប់លេខ ១០វគ្គអូតូ ។ ហើយអ្វីកាន់តែពិសេសលើ ចំណុចស៊ីប្រេងរបស់ម៉ាស៊ីនមួយនេះ គឺ ១០០ គីឡូម៉ែត្រអាចចាយខ្ទង់ ៦.៧ លីត្រទេ តែអាស្រ័យទៅលើកម្រិតនៃការបើកបរ Drive Mode គ្រប់ស្ថានភាពផ្លូវដែលមានជម្រើសរហូតដល់ទៅ 7 រួមមាន៖ ធម្មតា សន្សំសំចៃ ស្ព័រ អូសសណ្តោង រអិល ភក់ និងខ្សាច់ ។
តួរយ៉ាងចំពោះ ការរចនាផ្នែកខាងក្រៅ Ford នៅតែរក្សាសម្រស់ DNA ដូចទៅនឹងជំនាន់មុនៗ ដោយបានបំពាក់ជាមួយនឹងអំពូលភ្លើង C-Clamp ដែលមានរាងអក្សរ C ។ មិនតែប៉ុណ្ណោះ ចំណែកឯ ប៉ាណាខាងមុន ប្រវែង ៥០ ណាណូម៉ែត្រ ដោយផ្ដល់ឳកាសឲ្យខ្យល់ចូលទៅស្អំម៉ាស៊ីនបានលឿនជាងមុន ។
លើសពីនេះ ចំពោះការឌីហ្សាញផ្នែកខាងក្នុង Everest 2023 មួយនេះ បានបំពាក់មកជាមួយ កុងទ័រឌីជីថលទំហំ 8អ៊ីញ ឬ 12.4អ៊ីញ, អេក្រង់កំសាន្តធំបញ្ឈរចំកណ្តាលទំហំ 10.1អ៊ីញ ឬ 12អ៊ីញ,ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់, ប្រព័ន្ធប្រត្តិបត្តិការ SYNC 4A អាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto ដោយពុំចាំបាច់ប្រើខ្សែ ថែមទាំងអាចភ្ជាប់ជាមួយនឹង FordPassTM App សម្រាប់បញ្ជាតាមទូរស័ព្ទដៃផងដែរ ។
សូមបញ្ជាក់ផងដែរថា ចំពោះរថយន្តប្រភេទ SUV មួយនេះ បានមកដល់ស្រុកយើងហើយ ទាំង Sport និង Titanium ដោយមានតម្លៃខ្ទង់ ៦ម៉ឺន ដល់ ៧ម៉ឺន តែប៉ុណ្ណោះទេ ។
អត្ថបទដោយ៖ ព្រឹម ភក្ដី (Fb : Pheakdey Prem , Telegram : 0102720222 )