ធនាគារជាតិ នៃកម្ពុជា បានចេញការបកស្រាយបដិសេធទាំងស្រុង ទៅលើការផ្សព្វផ្សាយនូវព័ត៌មានមិនពិត របស់គណនីហ្វេសប៊ុកមួយ ដែលបង្ហោះដោយដាក់ចំណងជើងថា «លោកស្រី ជា សេរី ប្រធានធនាគារជាតិកម្ពុជា ព្រមានមិនឱ្យចាយលុយដុល្លារ ឱ្យចាយលុយដុងរបស់យួនវិញ នៅក្នុងពេលឆាប់ៗខាងមុខនេះ»។
យោងតាមការផ្សព្វផ្សាយនៅលើផេកផ្លូវការរបស់ ធនាគារជាតិ នៃកម្ពុជា បានឱ្យដឹងថា ព័ត៌មានដែលគេចែកចាយនោះ ជារឿងក្លែងក្លាយ ប្រឌិត បោកប្រាស់ ក្នុងចេតនាទុច្ចរិត។
ដោយឡែក ចំពោះព័ត៌មានពិតវិញ គឺ លោកជំទាវបណ្ឌិត ជា សិរីទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់និងចាយវាយប្រាក់រៀលខ្មែរឱ្យបានទូលំទូលាយ ដើម្បីពង្រឹងឯករាជ្យ និងអធិបតេយ្យភាពជាតិ។ លោកជំទាវមានប្រសាសន៍បែបនេះក្នុងសិក្ខាសាលាស្តីពី “ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ” នៅវិមានរដ្ឋសភា នាថ្ងៃទី២០ ខែមីនាឆ្នាំ២០២៥។
យ៉ាងណាមិញ ធនាគារជាតិ នៃកម្ពុជា ក៏បានបានបញ្ជាក់ ឱ្យបងប្អូនសាធារណជនប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលគេផ្សព្វផ្សាយលើបណ្ដាញសង្គម៕