ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការទប់ស្កាត់ការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ដែលកំពុងចរាចរនៅក្នុងប្រទេសកម្ពុជា។ សេចក្តីជូនដំណឹងនេះ មានគោលបំណងធានាស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ និងការពារផលប្រយោជន៍សាធារណជន។
យោងតាមសេចក្តីជូនដំណឹង ដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានស្នើដល់គ្រឹះស្ថានធនាគារ ហិរញ្ញវត្ថុ និងសាធារណជន អនុវត្តតាមវិធានការដូចខាងក្រោម៖
- សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៖ ត្រូវដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិក សម្រាប់ការស៊ើបអង្កេតបន្ត។ គ្រឹះស្ថានទាំងនោះ ក៏ត្រូវរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាសប្រាក់ក្លែងក្លាយ និងផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា។
- សម្រាប់សាធារណជន៖ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក។ ក្នុងករណីមានការសង្ស័យ ត្រូវផ្តល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ណែនាំអតិថិជនរបស់ខ្លួន អំពីវិធីកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិត ដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយ។
សេចក្តីជូនដំណឹងនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការពីគ្រប់ភាគី ដើម្បីធានាប្រសិទ្ធភាពនៃការទប់ស្កាត់ការចរាចរក្រដាសប្រាក់ក្លែងក្លាយ និងរក្សាបាននូវស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុជាតិ។
គួរបញ្ជាក់ផងដែរថា ការចេញសេចក្តីជូនដំណឹងនេះ ធ្វើឡើងស្របតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ដែលជាការឆ្លើយតបទៅនឹងការកើនឡើងនៃការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា។ ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់សាធារណជនឱ្យចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។