ជឿថាមានអ្នកធ្លាប់ធ្លាប់ជួបប្រទះនឹងសារ SMS ចម្លែកៗ ដែលផ្ញើមកពីប្រភពមិនស្គាល់ ដែលជារឿយៗមានលក្ខណៈជាការផ្សាយពាណិជ្ជកម្ម ការបោកបញ្ឆោត ឬសារដែលគួរឱ្យសង្ស័យផ្សេងៗ។
តើប្រភពនៃសារទាំងនេះមកពីណា ហើយហេតុអ្វីបានជាពួកគេអាចដឹងលេខទូរសព្ទរបស់យើង? បញ្ហានេះត្រូវបានគេលើកឡើងជាច្រើនលើកច្រើនសារ ហើយថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបង្ហោះលើគណនីបណ្ដាញសង្គមផ្លូវការរបស់ខ្លួនពន្យល់អំពីបាតុភូតនេះផងដែរ។
ឧបករណ៍ដែលជាប្រភពនៃបញ្ហាទាំងនេះត្រូវបានគេស្គាល់ថាជា "Fake BTS" ដែលជាឧបករណ៍ផ្សាយស៊ីញ៉ាល់ ឬសេវាទូរស័ព្ទក្លែងក្លាយ។
តាមការបង្ហោះរបស់ក្រសួង Fake BTS មកពីពាក្យពេញគឺ Fake base transceiver station គឺជាឧបករណ៍ផ្សាយស៊ីញ៉ាល់ ឬសេវាទូរសព្ទក្លែងក្លាយ ដោយពុំឆ្លងកាត់បណ្តាញរបស់ប្រតិបត្តិករទូរសព្ទចល័តនោះឡើយ ហើយឧបករណ៍នេះអាចមានសមត្ថភាពកាត់ផ្តាច់សេវាទូរសព្ទដៃ និងធ្វើឱ្យទូរសព្ទដៃអ្នកប្រើប្រាស់ចាប់យកស៊ីញ៉ាល់ក្លែងបន្លំ របស់ឧបករណ៍ Fake BTS វិញ។
ឧបករណ៍ Fake BTS ធ្វើការដោយបង្កើតសេវាទូរស័ព្ទក្លែងក្លាយដោយខ្លួនឯង។ វាស្វែងរកលេខសម្គាល់ទូរស័ព្ទរបស់យើង (IMSI)។ បន្ទាប់មក វាធ្វើឱ្យទូរស័ព្ទរបស់យើងផ្ដាច់ចេញពីសេវាទូរស័ព្ទធម្មតា ហើយបោកបញ្ឆោតទូរស័ព្ទឱ្យភ្ជាប់ទៅសេវាក្លែងក្លាយរបស់វាវិញ។ ពេលទូរស័ព្ទភ្ជាប់ទៅ Fake BTS នេះហើយ វានឹងផ្ញើសារមកទូរស័ព្ទយើង ដោយមិនឆ្លងកាត់ក្រុមហ៊ុនទូរស័ព្ទដែលយើងប្រើឡើយ។
Fake BTS បង្កបញ្ហាដូចជា៖
១. ធ្វើឱ្យការប្រើទូរស័ព្ទលែងដំណើរការល្អ ឬរអាក់រអួល។
២. បោកបញ្ឆោតតាមសារ SMS ដែលមានលីងភ្ជាប់ទៅគេហទំព័របោកបញ្ឆោត (ដូចជាការបោកយកលុយតាមអនឡាញ)។ គេហៅបែបនេះថា "SMS Phishing"។
៣. ងាយរងការបោកប្រាស់ ដូចជាការលេងល្បែងស៊ីសងអនឡាញ ឬការខ្ចីលុយពីគេដែលខុសច្បាប់។
៤. ទទួលបានសារ SMS ច្រើនដែលរំខាន។
ពួកជនខិលខូចប្រើវិធីនេះដើម្បីបន្លំធ្វើជាស្ថាប័នណាមួយ ដូចជាធនាគារ ក្រុមហ៊ុនទូរស័ព្ទ ឬលេខទូរស័ព្ទធម្មតា។ ពួកគេប្តូរឈ្មោះអ្នកផ្ញើសារ (Sender name modification) រួចផ្ញើសារទៅអ្នកប្រើប្រាស់ ដើម្បីបោកបញ្ឆោតឱ្យចុចលើលីងណាមួយ។ លីងទាំងនោះអាចជាការផ្សាយពាណិជ្ជកម្មកម្ចីលុយ ល្បែងស៊ីសង ឬលីងផ្សេងៗទៀត ដែលអាចឱ្យជនខិលខូចលួចយកព័ត៌មាន ឬធ្វើឱ្យយើងខាតបង់ប្រយោជន៍អ្វីមួយ។