ចាប់តាំងពីពេលមហាសេដ្ឋីលេខមួយលើលោក Elon Musk រូបនេះបានឡើងកាន់កាប់ក្រុមហ៊ុន Twitter មកឃើញថាមានរឿងរ៉ាវជាច្រើនដែលបានកើតឡើងពោលគឺគាត់បានកែប្រែគោលការណ៍ទៅលើផ្នែកមួយចំនួនរបស់ Twitter រួមទាំងមានការបញ្ឈប់បុគ្គលិកផងដែរ។ ដោយឡែកថ្មីៗនេះក៏លេចឮដំណឹងមួយទៀតថាលោកចង់បង្កើតទូរស័ព្ទខ្លួនឯង បើពិតមែនតើវាអាចជា Tesla Phone ដែរទេ?
ដោយយោងទៅតាមការចុះផ្សាយរបស់ Gizmodo បានឱ្យដឹងថា ទាក់ទងជាមួយនឹងរឿងដែលកំពុងល្បីនេះគឺកើតចេញមកពីការឆ្លើយឆ្លងសារគ្នានៅលើ Twitter រវាងគណនី Twitter មួយឈ្មោះ Liz Wheeler ជាមួយនឹងលោក Elon Musk ដោយ Liz បានសរសេរស្ទង់មតិថា “បើ Apple និង Google ដក Twitter ចេញពី Store របស់គេ Elon គួរតែបង្កើតស្មាតហ្វូនដោយខ្លួនឯង ហើយមនុស្សនឹងឈប់ប្រើ iPhone និង Android ហើយ...”។
យ៉ាងណាមិញលោក Elon Musk ក៏បានធ្វើការតបវិញថា គាត់មិនសង្ឃឹមថាវាអាចនឹងមានរឿងនោះកើតឡើងទេប៉ុន្តែ ប្រសិនបើវាមិនមានជម្រើសផ្សេងទេ លោកនឹងទៅបង្កើតស្មាតហ្វូនផ្សេងទៀតដោយខ្លួនឯង។ “I certainly hope it does not come to that, but, yes, if there is no other choice, I will make an alternative phone,” ។
I certainly hope it does not come to that, but, yes, if there is no other choice, I will make an alternative phone
— Elon Musk (@elonmusk) November 25, 2022
ជុំវិញបញ្ហានេះខាង Apple និង Google ជាដើមគឺមានគោលការណ៍រៀងៗខ្លួនដែលអាចបិទឬច្រានចោលកម្មវិធីណាមួយចេញពី Store ក៏បានដែរ ប្រសិនបើកម្មវិធីទាំងនោះមិនគោរពទៅតាមគោលការណ៍ដូចជា ការបង្ហាញពាក្យរើសអើង ការបៀតបៀន គំរាមកំហែង អាសអាភាស ជាដើម។
ជាក់ស្តែងកាលពីឆ្នាំ2021កន្លងទៅ Apple ក៏ធ្លាប់បានដកបណ្តាញសង្គមមួយឈ្មោះ Parler ចេញពី App Store ដោយមិនបានបំពេញគោលការណ៍ត្រូវនឹងអ្វីដែលគេចង់បានហើយក្រោយមកក៏ Apple អនុញ្ញាតឱ្យដាក់ចូល App Store វិញបន្ទាប់ពីមានការកែរប្រែ។
ចំពោះអ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរ ប្រសិនរឿងនោះកើតឡើងមែន គិតថា Elon Musk នឹងទៅបង្កើតស្មាតហ្វូនដែលគេល្បីជាយូរមកហើយឈ្មោះថា Tesla Phone ដែរទេ?
អត្ថបទដោយ៖ រិន មករា