នៅតាមបណ្តាក្រុមហ៊ុនជាច្រើនកំពុងតែប្រញឹកដៃជើងជាខ្លាំង ដើម្បីសម្រេចនូវប៉ាតង់រៀងៗខ្លួន ក៏ដូចជាគោរពតាមសេចក្តីប្រកាសរបស់សភាអន្តរជាតិដែលគ្រោងនឹងបិទការលក់រថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ICE) Hybrid និង plug-in Hybrid ដោយបានកំណត់ពេលទុកត្រឹមនៅឆ្នាំ ២០៣៥ ។
យ៉ាងណាមិញ នៅតំបន់អាស៊ីយើងមិនទាន់ចែងច្បាប់នេះនៅឡើយ ដោយសារតែប្រទេសជាច្រើននៅអាស៊ី ស្ថិតក្នុងកំពុងអភិវឌ្ឍន៍នៅឡើយ ដោយឡែកប្រទេសកម្ពុជាយើងក៏កំពុងរងឥទ្ធិពលខាងផ្នែកបច្ចេកវិទ្យារថយន្តអគ្គិសនីនាំចូលយ៉ាងគំហុកផងដែរ ។
ក្រឡេកមកវិញ ក្រុមហ៊ុនដែលកំពុងតែសម្រុកបញ្ចេញរថយន្តប្រភេទ ភីបអាប់ នៅថ្ងៃខាងមុននោះរួមមាន ៖
Chevy Silverado EV
ក្រុមហ៊ុន Chevy ទើបតែទទួលសមិទ្ធផលយ៉ាងអស្ចារ្យ ជាមួយរថយន្តអគ្គិសនីប្រភេទ ភីបអាប់ Silverado Ev ដែលបានយកទៅដាក់តាំងបង្ហាញនៅពិព័រណ៍ CES មួយលើកតែប៉ុណ្ណោះ ក្រុមហ៊ុននោះបានប្រកាសថា រថយន្ត Silverado EV លក់អស់ពីឃ្លាំងត្រឹមរយ:ពេល ១២ នាទីតែប៉ុណ្ណោះ នេះបើយោងតាមវ៉េបសាយ Autoblog ។ មួយវិញទៀត រថយន្តនេះត្រូវបានគេដឹងថាអាចបើកបររយ:ចម្ងាយ ៦៤៣ គ.ម នៅពេលសាកថ្មពេញម្តង ព្រមទាំងមានកម្លាំងម៉ូទ័រសរុប ៦៦៤សេះ និងកម្លាំងរមូរ ៧៨០ ផោនហ្វី ក្រុមហ៊ុនបានសង្ឃឹមថានៅឆ្នាំ២០២៤ នឹងផលិតម៉ូដែលនេះលក់ម្តងទៀត ជាមួយវបច្ចេកវិទ្យាកាន់តែទំនើបជាមុន ។
GMC Sierra EV
ចំពោះម៉ូដែលលាក់ខ្លួន Sierra EV មិនទាន់បង្ហាញរូបរាងច្បាស់លាស់សានៅឡើយទេ ប៉ុន្តែគេសង្ឃឹមថារថយន្តភីបអាប់មួយនេះអាចនឹងឃើញពន្លឺព្រះអាទិត្យនៅចុងឆ្នាំនេះ ហើយយើងនឹងរងចាំមើលរូបរាងសង្ហារ សូម្បីតែបញ្ចេញក្បាលឡានមកតិចសោះក៏ដឹងថាវាមានរូបរាងស្អាតណាស់ដែរ ។
Ram 1500 BEV
តាមការសន្និដ្ឋានរបស់នាំពាក្យពីខាងក្រុមហ៊ុន Ram បានឲ្យដឹងថា សម្រាប់ម៉ូដែលនេះនឹងតាមបង្ហាញមុខនៅចុងឆ្នាំ ២០២២ នេះហើយ ព្រមទាំងរៀបចំគម្រោងផលិតនៅក្នុងឆ្នាំ ២០២៤ ខាងមុខ ។
Toyota pickup EV
ចំពោះរថយន្តអគ្គិសនី ភីបអាប់របស់ Toyota ត្រូវបានខ្ចីការរចនាបទ នៃរូបរាងខាងក្រៅពី Tundra ប៉ុន្តែមើលទៅវាស្រដៀងទៅ Tacoma ។ ដោយឡែកសម្រាប់ប្រភេទរថយន្តអគ្គិសនី Toyota ក៏បានផលិតចេញជាច្រើនម៉ូដែលផងដែរ ប៉ុន្តែជាប្រភេទ SUV ហើយសម្រាប់រថយន្ត ភីកអាប់នោះគេមិនដឹងកាលបរិច្ឆេទនៅឡើយទេ គ្រាន់តែដឹងថារហូតដល់ឆ្នាំ ២០៣០ Toyota នឹងបញ្ចេញរថយន្តអគ្គិសនី ៣០ ម៉ូដែល ។
Tesla CyberTruck
Cybertruck ត្រូវបានបង្ហាញមុខនៅឆ្នាំ ២០១៩ ដោយសារបញ្ហាបច្ចេកទេសមួយចំនួន ដែលជាហេតុធ្វើឲ្យការផលិតពន្យាពេលនៅដល់សព្វថ្ងៃនេះ បើយោងតាមទិន្នន័យដែលប្រកាសកាលពីកន្លងទៅ Cybertruck មានការកក់រហូតដល់ជាង ៣ លានគ្រឿង ចំណែកឯការផលិតត្រូវបានលើកមកក្នុងឆ្នាំ២០២៣ ខាងមុខនេះ ។
Ford F-150 lightning
ចូលមក F-150 lightning គឺជារថយន្តប្រភេទ ភីបអាប់ដែលមានការលក់ដាច់ខ្លាំងជាគេក្នុងចំណោមក្រុមហ៊ុនទាំងអស់លើពិភពលោក ហើយក៏ប្រភេទរថយន្តមានថាមពលធំបំផុត ដែលអាចយកថាមពលនៅក្នុងឡានទៅប្រើប្រាស់ក្នុងផ្ទះ ឬធ្វើកិច្ចការផ្សេងៗ បណ្ដោះអាសន្នបានថែមទៀត ។
គួរជំរាបផងដែរថា ចំពោះម៉ូដែលរថយន្តដែលបានរៀបរាប់ខាងលើនេះ សុទ្ធសឹងតែមានការគាំទ្រនិងកំពុងឈានមុខគេខាងផ្នែករថយន្តភីបអាប់ ក្រៅពីនេះចំពោះក្រុមហ៊ុនដទៃទៀតដែលមិនបានរៀបរាប់ គឺសុទ្ធតែជា Concept តែប៉ុណ្ណោះ ៕
អត្ថបទដោយ ៖ ព្រឹម ភក្តី