ក្រុមហ៊ុន Ford បានចេញសេចក្តីប្រកាសថ្ងៃដាក់លក់នូវរថយន្តអគ្គិសនី E-Transit ដែលជាប្រភេទរថយន្តដឹកទំនិញនៅថ្ងៃទី៩ ខែឧសភា ហើយតម្លៃផ្តល់ជូនដំបូងគឺ £47,700 ( $60,000 ) ប៉ុន្តែគេមិនទាន់គិតពន្ធនៅឡើយទេ(ex VAT) ។
បើយោងតាមការចេញផ្សាយរបស់ AM-Online បានឲ្យដឹងថា Ford បានផ្តល់មកជាជម្រើសនៃឡានប្រភេទដឹកទំនិញ Van នេះមានចំនួន ២៥ ប្រភេទ សម្រាប់តម្រូវការរបស់អតិថិជននីមួយៗ ។ មួយវិញទៀត ចំពោះការបំពាក់អាគុយលើរថយន្តប្រភេទនេះ Ford បានសម្រេចដាក់ថាមពលរហូតដល់ 68 KWh ដែលអាចជួយឲ្យឡានរត់ទៅមុខបានចម្ងាយ 197 mile ឬ 317km ( WLTP )។
ផ្ទុយមកវិញ បរិមាណថាមពលអាគុយប៉ុណ្ណេះ គឺសាកសមនឹងប្រភេទរថយន្តដឹកទំនិញបំផុត ដោយសារតែ E-Transit មួយនេះត្រូវការថាមពលខ្លាំងសម្រាប់ទ្រទ្រង់ទម្ងន់ឡាននិងទំនិញ 1758kg ឯណោះ ។ លើសពីនេះចំពោះម៉ូទ័រអគ្គិសនីវិញ មានជម្រើសច្រើនដែលអាចផលិតកម្លាំងចាប់ពី 183PS ទៅ 269PS និងអាចបង្កើតកម្លាំងបង្វិលជុំ 430Nm ។
យោងតាមប្រភពដដែលបានឲ្យដឹងថា E-Transit ក៏មានបំពាក់នូវមុខងារ ProPower onboard (អាចហៅបានថា ជាម៉ាស៊ីនភ្លើង ) ដែលជាប៉ាតង់តែមួយគត់របស់ Ford ដែលផ្តល់ថាមពល 2.3 Kw នៅក្នុងកាប៊ីនឡាន សម្រាប់ឲ្យយើងអាចទាញយកថាមពលអគ្គិសនីដែលចេញពីឡាននេះទៅប្រើប្រាស់បានតាមតម្រូវការ ។
គូសបញ្ជាក់ផងដែរថា ខាងក្រុមហ៊ុន Ford កំពុងតែត្រៀមចេញនូវរថយន្ត ៧ ម៉ូដែលនៅឆ្នាំ ២០២៤ ខាងមុខនេះ ។ ចំណេកឯព័ត៌មានបន្ថែមទៀត យើងនឹងចាំនូវថ្ងៃទី៩ ខាងមុខនេះ ៕
អត្ថបទដោយ៖ ព្រឹម ភក្ដី (Fb : Pheakdey Prem , Telegram : 0102720222 )