ប៉ុន្មានខែចុងក្រោយនេះ ពិភពលោកបានងាកទៅចាប់អារម្មណ៍នឹងបច្ចេកវិទ្យាថ្មីៗ ពាក់ព័ន្ធនឹងបញ្ញាសិប្បនិមិត្ត ឬ AI (Artificial intelligence) ដែលកំពុងតែវាយលុកយ៉ាងខ្លាំងលើអ៊ីនធើណេត ពិសេសគឺ ChartGPT របស់ក្រុមហ៊ុន Open AI និង Bing របស់ក្រុមហ៊ុន Microsoft ជាដើម។ ជាមួយនឹងភាពល្បីល្បាយនៃ AI នៅបរទេសនេះ ក៏មានកូនខ្មែរយើងមកពីខេត្តសៀមរាប បានធ្វើប្រភេទ AI ដែលមានសមត្ថភាពពិសេសមួយឈ្មោះ eOcontent ដែល AI នេះអាចផលិតអត្ថបទបានសឹងតែគ្រប់ប្រភេទ ជាភាសាអង់គ្លេស និងជិត៣០ភាសាទៀត ដោយយើងគ្រាន់តែវាយចំណងជើង ឬឈ្មោះប្រធានបទដែលយើងចង់បានប៉ុណ្ណោះ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមហ៊ុនការងារចាបខៀវ (Technology Cambodia) លោកស្ទេវិន ភិច (Steven Phich) បានជម្រាបថា eOcontent គឺជាដំណោះស្រាយ AI ដែលយើងបានសហការជាមួយ OpenAI របស់ Elon Mask ដោយ AI នេះមានសម្ថតភាពខ្ពស់ខ្លាំងណាស់ ក្នុងការបង្កើតមាតិកាស្ទើរតែគ្រប់ប្រភេទ និងទាក់ទាញ ប្រៀបបានដូចជាម្ចាស់អាជីវកម្មមាន អ្នកសរសេរមាតិកាដែលមានជំនាញវិជ្ជាជីវៈនៅក្បែរខ្លួន 24ម៉ោង/7ថ្ងៃអ៊ីចឹង។
លោកបន្តថា “មូលហេតុដែលសម្រេចចិត្ដរៀបចំ eOcontent ឡើងគឺដោយសារមើលឃើញថា ការសរសេរមាតិកាដែលមានគុណភាពខ្ពស់មានភាពខ្វះខាតខ្លាំង និងមានការប្រឈមសម្រាប់អាជីវកម្មជាច្រើនក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ដូចនេះហើយ eOcontent គឺ ចូលខ្លួនមកដើម្បីជាជំនួយ ជួយដោះស្រាយរាល់បញ្ហា ទាក់ទងនឹងការបង្កើតមាតិកាសម្រាប់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ជាពិសេសសម្រាប់អ្នកដែលមាន អាជីវកម្មផ្នែកបដិសណ្ឋារកិច្ចតែម្ដង។
ស្ថាបនិករូបនេះ បានសង្កត់ធ្ងន់ថា ចំណុចពិសេសរបស់ eOcontent គឺងាយស្រួលប្រើ និងមានប្រសិទ្ធភាពខ្ពស់ សូម្បីតែអ្នកគ្មានបទពិសោធន៍ក្នុងការបង្កើតមាតិកា ឬ គ្មានបទពិសោធន៍បង្កើត SEO សរសេរលើ Social Media ឬបណ្ដាញសង្គម ក៏អាចធ្វើបានយ៉ាងងាយស្រួល ដោយគ្រាន់តែឆ្លងកាត់បីជំហានងាយៗប៉ុណ្ណោះ៖
- ជំហានទី 1៖ ជ្រើសរើសគំរូដើម្បីបង្កើតមាតិកាដែលចង់បាន។
- ជំហានទី 2៖ បំពេញទម្រង់ស្នើសុំ AI ជាមួយនឹងការពិពណ៌នាលម្អិត។
- ជំហានទី 3៖ ទទួលបានលទ្ធផលដែលមានគុណភាពខ្ពស់ដែលអ្នកអាចយកទៅប្រើប្រាស់បាន។
សម្រាប់លក្ខខណ្ឌក្នុងការចូលប្រើប្រាស់ eOcontent គឺងាយៗ ដោយអ្នកប្រើប្រាស់ត្រូវបង្កើតគណនីមួយ ហើយដាក់ចូលលេខសម្ងាត់គឺរួចជាការស្រេច។ អ្នកប្រើប្រាស់អាចរីករាយជាមួយជម្រើសហ្វ្រ៊ី តែសម្រាប់ជម្រើសប្រើប្រាស់មាតិការពេញលេញគឺតម្រូវអោយអ្នកប្រើប្រាស់បង់លុយប្រចាំខែ។
លោកបានបន្ថែមថាសមត្ថភាពរបស់ eOcontent គឺវាអាចបង្កើតមាតិការស្ទើគ្រប់ទម្រង់ ជាមួយនឹងគំរូជាង 50 ដែលអាចឲ្យយើងប្រើប្រាស់បាន។ eOcontent ផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការបង្កើតមាតិកាដោយស្វ័យប្រវត្តិ ងាយស្រួលនិងឆាប់រហ័ស សន្សំពេលវេលាបានគុណនឹង១០ដង។ ហើយមាតិកាដែលចេញមកសុទ្ធតែជាមាតិកា ប្រកបដោយការច្នៃប្រឌិតមានស្ដង់ដារខ្ពស់បំផុតក្នុងការ យកទៅប្រើប្រាស់បាន។
បើនិយាយថា តើនរណាខ្លះដែលអាចប្រើ គឺ eOcontent ត្រូវជាមួយនឹងម្ចាស់អាជីវកម្មគ្រប់ប្រភេទ អ្នកបង្កើតមាតិកា Influencer អ្នកជំនួញ អ្នកទីផ្សារឌីជីថល សាស្រ្តាចារ្យ អ្នកគ្រប់គ្រង social media នឹង ផ្សេងៗទៀតជាច្រើន ។ ជាពិសេស នៅក្នុងគោលបំណងដំបូងរបស់យើង ដែលមានអាជីវកម្មផ្នែកបដិសណ្ឋារកិច្ចដោយសារពួកគាត់គឺចំបាច់ក្នុងការប្រើប្រាស់វាជាប្រចាំថ្ងៃតែម្ដង។
ជាចុងក្រោយលោកបានបញ្ជាក់ថា សម្រាប់ eOcontent ទៅថ្ងៃអនាគត! ក្នុងន័យទីផ្សារគឺយើងចង់អោយប្រជាជនខ្មែរប្រើប្រាស់ដើម្បីសម្រួលការងារប្រចាំថ្ងៃរបស់គាត់អោយកាន់តែល្អប្រសើរជាងមុន តាមរយៈការប្រើប្រាស់មាតិកា។ ក្នុងន័យអភិវឌ្ឃន៍កម្មវិធី យើងនឹងប្រែក្លាយកម្មវិធីនេះជាកម្មវិធីស្ដង់ដារបំផុត នៅកម្ពុជានិងកាន់តែភាពងាយសម្រួលក្នុងការប្រើប្រាស់៕” ទំនាក់ទំនងតាមរយៈលេខទូរស័្ទ 089 99 1005 / 016 99 1005
អត្ថបទដោយ៖ ផែន ផាន់ណា