លោក ត្រាំ ព្រមានថាសេដ្ឋកិច្ចអាមេរិក អាចធ្លាក់ចូលវិបត្តិធ្ងន់ធ្ងរ បើរឿងធំ១នេះកើតឡើង
SOKLY - កូនផ្កាឈូក
NOVEMBER 12 2025
ឌីជីថល
7.6 K views
1 min read

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា សេដ្ឋកិច្ចអាមេរិកអាចប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរ និងប៉ះពាល់ដល់សន្តិសុខជាតិ ប្រសិនបើតុលាការកំពូល សម្រេចប្រឆាំងនឹងសិទ្ធិអំណាចរបស់លោក ក្នុងការដាក់ពន្ធគយលើទំនិញនាំចូល។ ការព្រមាននេះ ត្រូវបានបញ្ជាក់នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានលើកឡើងថា ការដាក់ពន្ធគយជាគោលនយោបាយសំខាន់មួយ ដែលជួយការពារផលិតផលក្នុងស្រុក និងបង្កើនចំណូលសរុបរបស់រដ្ឋាភិបាល។ បន្ទាប់មករដ្ឋាភិបាលរបស់លោកក៏មានផែនការផ្តល់លុយជាផ្នែកពីចំណូលពន្ធ ជូនដល់ប្រជាពលរដ្ឋអាមេរិករាប់លាននាក់ ជាពិសេសអ្នកមានប្រាក់ចំណូលទាប និងមធ្យម ដោយម្នាក់ៗទទួលបានប្រហែល ២,០០០ ដុល្លារ ខណៈចំណូលដែលនៅសេសសល់ នឹងត្រូវយកទៅកាត់បន្ថយបំណុលជាតិ។

ក្នុងអំឡុងពេលនិយាយជាសាធារណៈ លោក ត្រាំ ក៏បានសរសើរដល់ការធ្លាក់ចុះនៃអតិផរណា ដែលកើតឡើងចាប់តាំងពីលោកឡើងកាន់តំណែង ដោយបញ្ជាក់ថា តម្លៃអាហារ និងថាមពលកំពុងធ្លាក់ថ្លៃ។ ទោះបីជាយ៉ាងណា តុលាការកំពូលបានបង្កការសង្ស័យចំពោះសិទ្ធិអំណាចនៃការដាក់ពន្ធនេះ ដោយចៅក្រម Amy Coney Barrett បានបញ្ជាក់ថា ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ ឆ្នាំ ១៩៧៧ (IEEPA) មិនបានរៀបរាប់ច្បាស់អំពីសិទ្ធិប្រើប្រាស់ពន្ធគយឡើយ។

គួរជម្រាបផងដែរថា ប្រសិនបើតុលាការសម្រេចប្រឆាំងនឹងលោក ត្រាំ ពិតមែន ក្រុមហ៊ុននាំចូលអាមេរិកនឹងអាចទទួលសំណងជាង ១០០ពាន់លានដុល្លារ ត្រលប់មកវិញ ពីពន្ធដែលបានបង់រួច។ ការសម្រេចចុងក្រោយរបស់តុលាការនេះ នឹងក្លាយជាចំណុចសំខាន់ ដែលអាចកំណត់អនាគតសេដ្ឋកិច្ច និងគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅឆ្នាំខាងមុខ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia