ការដោតឆ្នាំងសាកទុកចោល បានក្លាយទៅជាទម្លាប់មហារីកមួយ ដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា។ ខាងក្រោមនេះ គឺជាហានិភ័យតិធំៗ៣ យោងតាមការចុះផ្សាយរបស់ The Hearty Soul៖
ទី១-អាចបង្ករអគ្គីភ័យ៖ បើទោះបីជាយើងដោតឆ្នាំងសាកចោលជាប់នឹងព្រី ដោយមិនភ្ជាប់ទៅនឹងឧបករណ៍ផ្សេងទៀតដ៏ដោយ ក៏ប៉ុន្តែចរន្តអគ្គសនីនៅតែដំណើរការ ដែលជាហេតុនាំឱ្យដុំសាកកើនឡើងនូវកម្ដៅ។ ប្រសិនបើភ្លេចខ្លួនធ្វើឱ្យមានអ្វីគ្របពីលើ ដូចជាក្រណាត់ ឬសៀវភៅ ជាដើម វាអាចបណ្ដាលឱ្យកម្ដៅកើនឡើងកាន់តែខ្លាំង អាចឈានដល់ការបង្កជាចំហេះភ្លើងបាន។ បញ្ហានេះនឹងកាន់តែធ្ងន់ធ្ងរ បើសិនជាលោកអ្នកមិននៅផ្ទះ ឬគ្មានអ្នកដឹងទាន់ពេលវេលា។
ទី២-ខូចគុណភាពដុំសាក៖ ការបណ្ដោយឱ្យដុំឆ្នាំងសាកដំណើរការចោល វាអាចបំផ្លាញសមាសធាតុឆ្នាំងសាក ជាពិសេស capacitors របស់វា ដែលជាហេតុនាំឱ្យឆ្នាំងសាក ឆាប់ខូច ប្រើប្រាស់មិនបានយូរ។
ទី៣-បញ្ហាឆ្លងចរន្តអគ្គិសនី៖ ប្រសិនបើករណីចរន្តអគ្គិសនីមានភាពរអាក់រអួលភ្លាមៗ ធ្វើឱ្យមានបញ្ហាដល់ឆ្នាំងសាក វាអាចបណ្ដាឱ្យឆ្លងចរន្តអគ្គិសនី ធ្វើឱ្យខូចឆ្លងដល់ឧបករណ៍ដទៃទៀតដែលកំពុងភ្ជាប់ចរន្តអគ្គិសនីដែរ ដូចជាទូទឹកក ឬអំពូលភ្លើង ផ្សេងៗដែលត្រូវការភ្ជាប់អគ្គិសនីជាប្រចាំជាដើម។
គួរជម្រាបផងដែរថា សូមលោកអ្នកបង្កើនការប្រុងប្រយ័ត្ន ដោយការដកឆ្នាំងសាក ឬដុំសាកផ្សេងៗ បន្ទាប់ពីប្រើប្រាស់រួច ជាប្រចាំដើម្បីការពារពីហានិភ័យផ្សេងៗ។ ទន្ទឹមនឹងនោះក៏ដើម្បីកាត់បន្ថយថ្លៃចំណាយខ្ជះខ្ជាយលើអគ្គិសនីដែលមិនចាំបាច់ ព្រមទាំងចូលរួមចំណែកថែរក្សាបរិស្ថានផងដែរ៕