សព្វថ្ងៃនេះការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត បានក្លាយជាបញ្ហាចម្បងមួយ ដែលមនុស្សជជែកពីវា។ ហើយក្នុងនោះ សារបោកបន្លំ តាមរយៈ Telegram ក៏មានច្រើនទម្រង់ដែរ បើសិនជាលោកអ្នក បានឃើញ សារដែលផ្ញើមក ស្ថិតក្នុងទម្រង់ដូចទៅនឹងសារទាំង ៥ខាងក្រោមនេះ សូមកុំចុចចូលឱ្យសោះ៖
ទី១-សារដែលមានតំណភ្ជាប់មិនស្គាល់ (Unknown links)៖ ដូចជា bit.ly, tinyurl, t.me/joinchat, ឬតំណភ្ជាប់គ្មានភាពជាក់លាក់។ តំណភ្ជាប់ (Link) ទាំងនោះ អាចមានផ្ទុកនូវហានិភ័យ បញ្ជូនចូលទៅកាន់គេហទំព័រដែលផ្ទុកមេរោគ (phishing ឬ trojan ដែលអាចលួចយកព័ត៌មានសម្ងាត់របស់អ្នកបាន)។
ដំណោះសា្រយ៖ កុំចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ ឬសារដែលអ្នកមិនស្គាល់
ទី២-សាររួមជាមួយនឹងហ្វាល់ផ្ទុកឯកសារ៖ ដូចជា File.apk , .exe , .bat , .zip , .rar ជាពិសេសគឺពេលដែលឯកសារទាំងនោះផ្ញើចេញមកពីអ្នកមិនស្គាល់ ព្រោះវាអាចជាមេរោគដែលចូលទៅក្នុងប្រព័ន្ធទូរស័ព្ទ ឬកុំព្យូទ័រ ដើម្បីគ្រប់គ្រង ឬលួចទនិន្ន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។
ដំណោះសា្រយ៖ មិនគួរទាញយកឯកសារដែលមានប្រភពមិនច្បាស់លាស់ ឬពីអ្នកមិនស្គាល់
ទី៣-សារដែលនិយាយថា “អ្នកឈ្នះរង្វាន់” , “Claim Now” ឬប្រើពាក្យដែលឱ្យអ្នកមានអារម្មណ៍ចំណេញ គួរឱ្យចង់ចុចចូល។ ប៉ុន្តែលោកអ្នកគួរដឹងថា គ្មានអ្វីបានមកស្រួលៗទេ តំណលីងដែលផ្ជាប់មកជាមួយសារអបអរសាទរនោះ អាចមានបង្កប់នូវមេរោគ ដែលមានសមត្ថភាពវាយលុកឧបករណ៍របស់អ្នក ដើម្បីប្រមូលព័ត៌មានសម្ងាត់ ដូចជាព័ត៌មានធនាគារជាដើម។
ដំណោះស្រាយ៖ សូមចាំថា Telegram មិនមែនជាកន្លែងចែករង្វាន់ឡើយ
ទី៤-សារពេញទៅដោយអក្សរព្រិល (Spam messages)៖ គេប្រើបច្ចេកទេស Bot នៅក្នុង Telegram ដោយសរសេរសារមកមានអក្សរព្រិល និងតម្រូវឱ្យយើងចុចដើម្បីឱ្យវាប្ដូរមកជាច្បាស់ ទើបអានបាន។ ប៉ុន្តែសូមកុំចុចលើវាអី ព្រោះការចុចតែ ១ឃ្លីក វាអាចនាំអ្នកទៅកាន់ក្រុម ឬ ឆានែល ដែលផ្ទុកនៅកម្មវិធីមិនល្អបាន។
ដំណោះស្រាយ៖ សូមចៀសវាងការចុចចូលក្រុមដែលមិនស្គាល់ប្រភព
ទី៥-សារសុំលេខសំងាត់ OTP ឬស្នើឱ្យចុះឈ្មោះគណនីឡើងវិញ៖ បើអ្នកចុចចូល ឬផ្ញើព័ត៌មានដែលគេទារនោះ ជាពិសេសលេខសម្ងាត់ Telegram ផ្ទាល់របស់អ្នក វាអាចធ្វើឱ្យបាត់គណនីភ្លាមៗ ឬបាត់បង់ទិន្នន័យទាំងអស់ ឬអាចមានអ្នកដទៃចូលគ្រប់គ្រងគណនីរបស់អ្នកយកទៅប្រព្រឹត្តរឿងមិនល្អជាដើម។
ដំណោះស្រាយ៖ Telegram ពិតប្រាកដមិនដែលស្នើលេខសម្ងាត់ OTP តាមសារ Telegram ឡើយ
សូមជម្រាបផងដែរថា ព័ត៌មានប្រភេទនេះមិនមែនសរសេរឡើងដើម្បីបំភ័យលោកអ្នកឡើយ គ្រាន់តែជាការចែករំលែកដើម្បីឱ្យលោកអ្នកអាចបង្ការនូវបញ្ហាអសុត្ថិភាពលើអ៊ីនធឺណេត។ សូមបង្កើនការប្រុងប្រយ័ត្នព្រោះប្រព័ន្ធអ៊ីនធឺណេតទូលំទូលាយណាស់ មានតែការទទួលព័ត៌មានបានច្រើន និងបន្តសិក្សាអភិវឌ្ឍន៍ឱ្យទាន់សម័យបច្ចេកវិទ្យាជាប្រចាំទេ ទើបអាចជួយការពារខ្លួនឯងបាន៕