ថ្មីៗនេះប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសគោលជំហរគាំទ្រទៅលើរូបិយប័ណ្ណគ្រីបតូ និងបានបង្ហាញឈ្មោះកាក់ចំនួន៥ ដែលគាត់ចង់ដាក់បញ្ចូលទៅក្នុងទុនបម្រុងយុទ្ធសាស្រ្តីថ្មីទៅក្នុងរតនាគារជាតិអាមេរិក ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជា «រាជធានី គ្រីបតូ នៃពិភពលោក»។
ប្រភពពី BBC បានឱ្យដឹងថា កាក់ទាំង៥ ដែលលោក Trump បានប្រកាសការគាំទ្ររួមមាន Bitcoin, Ethereum, XRP, Solona និង Cardano។ ទន្ទឹមនឹងនោះលោកក៏បានបញ្ជាក់ពីការចុះហត្ថលេខារួចរាល់ទៅលើបទបញ្ជា ដឹកនាំក្រុមការងាររបស់ប្រធានាធិបតីឱ្យឆ្ពោះទៅមុខលើទុនបម្រុងយុទ្ធសាស្រ្តគ្រីបតូ (Crypto Capital) ដែលរួមមាន XRP, SOL (Solona) និង ADA (Cardano)។
បន្ទាប់ពីការប្រកាសជាសាធារណៈ កាក់ទាំង៥ ខាងលើបានកើនឡើងតម្លៃយ៉ាងឆាប់រហ័ស។ កាក់ XRP, SOL និង ADA បានហក់ឡើងដល់ទៅ ៦២% កាលពីថ្ងៃអាទិត្យ។ ដោយឡែក Bitcoin និង Ethereum ក៏បានហក់ឡើងលើសពី ១០% ផងដែរ។
គួរជម្រាបផងដែរថា សេចក្ដីប្រកាសមួយនេះបានធ្វើឱ្យទីផ្សារគ្រីបតូហាក់មានសន្ទុះឡើងវិញជាខ្លាំង បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកកាលពីសប្ដាហ៍មុនកន្លងទៅ៕
អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)