យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា នឹងមានការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ខេត្តកំពង់ចាម-ត្បូងឃ្មុំ ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៧១សេ។
ការបញ្ចៀសចរាចរណ៍ត្រង់ចំណុចទីតាំងខាងលើនេះ គឺត្រូវធ្វើឡើង៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១០ - ទី១២ ខែមេសា ឆ្នាំ២០២៥ និងបើកដំណើរការធម្មតាវិញនៅថ្ងៃទី១៣។ លោកអ្នកអាចធ្វើការបញ្ចៀសចរាចរណ៍ ចាប់ពីចំណុចថ្នល់បែក ឃុំស្វាយទាប ស្រុកចំការលើ រហូតដល់រង្វង់មូលគល់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៖
១-សម្រាប់រថយន្តធុនធ្ងន់ សូមបញ្ចៀសចរាចរណ៍ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ទើបអាចបើកឱ្យចរាចរណ៍វិញ
២-សម្រាប់រថយន្តទេសចរណ៍ អាចធ្វើចរាចរណ៍ត្រឹមផ្លូវបំបែក ជិតសាលាឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ចាប់ពីថ្ងៃទី១១ ខែមេសា រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ទើបបើកឱ្យដំណើរការវិញ
៣-សម្រាប់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ ដែលមានរថយន្តដឹកទំនិញធុនធ្ងន់ សូមបង្វែរចរាចរណ៍ទៅស្រុកចំការលើវិញ ឬតាមផ្លូវផ្សេង ចៀសវាងឆ្លងកាត់ស្ពាន៕