នេះគឺជាឡានអគ្គិសនីរបស់ Citroen ដែលមានឈ្មោះថា My Ami Buggy ដែលត្រូវបានផលិតឡើងនៅប្រទេសបារាំង ហើយអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះ ត្រឹមពេលតែ ១៨នាទីអាចលក់អស់ពីស្តុក ៥០គ្រឿងដែលជាការផលិតសាកល្បងដំបូង ប៉ុន្តែអ្នកទាំងអស់គ្នាក៏អាចកម្មង់ពេលនេះក៏បាន តែត្រូវចាំរាងយូរតិចហើយណា ព្រោះថាពេលនេះមានការកម្មង់ដល់មនុស្សទី ១៨០០ដែលកំពុងតម្រង់ជួរគ្នាចាំ ។
សម្រាប់ឡានអគ្គិសនីនេះ មានបំពាក់នូវ Sunroof អាចបើកដំបូលបាន និងមានកៅអីស្បែកហើយក៏មានប្រណោះមួយ មើលទៅប្រហែលជាគេទុកឲ្យមានខ្យល់ចេញចូល ដើម្បីធ្វើឲ្យអារម្មណ៍អ្នកជិះ រីករាយនឹងការកម្សាន្ត។
អ្វីដែលពិសេសជាងនេះទៅទៀត My Ami Buggy នេះមានទម្ងន់តែ ១៤០គីឡូក្រាមតែប៉ុណ្ណោះ វាស្រាល ប្រសិនយើងមានរថយន្តដែលមានកន្ទុយក្រោយ ដូចជាប្រភេទរថយន្ត ភីបអាប់ អាចដាក់ឡាននេះទៅតាម ទុកគ្រាន់តែជិះផ្លូវជិតៗ ឬតាមឆ្នេរសមុទ្រ ឬក៏អាចជិះក្នុងចំការលេងក៏បានដែរ។
ហើយណាមួយរថយន្តនេះមានបំពាក់កញ្ចប់ថ្មតូចល្មម 5.5Kwh ដោយអាចបញ្ចូលថ្មពេញម្តងរត់បានចម្ងាយ ៧៤គីឡូម៉ែត្រ និងមានល្បឿនលឿនបំផុត ៤៥គីឡូម៉ែត្រក្នុង ១ម៉ោង ។
បើគិតទៅសម្រាប់ចម្ងាយប្រវែងរត់របស់ឡាននេះ អាចទទួលយកបាន ដោយថ្មវាអាចទ្រទ្រង់បាន ១ថ្ងៃពេញបើយើងគ្រាន់ជិះដើរកម្សាន្តលេងជិតៗ ។
ម្យ៉ាងវិញទៀត បើតាមរយ:ការធ្វើតេស្តពី WMTC ទៅលើសមត្ថភាពកង់ទាំង៤ វាអាចទ្រទ្រង់ទម្ងន់បានដល់ ៥០០Kg ឯណោះ ហើយសម្រាប់តម្លៃរបស់រថយន្តអគ្គិសនីនេះ ប្រមាណ ៩៧៩០អឺរ៉ូ ឬ១០៤០០ដុល្លារ នៅក្នុងប្រទេសបារាំង នេះបើយោងតាម Car Expert។
សម្រាប់អ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរ បើយកមកបើកស្រុកខ្មែរយើង បងប្អូនគិតថាសាកសមនឹងជិះនៅតំបន់ណាខ្លះ ហើយមានលក់នៅស្រុកខ្មែរយើង គួរតែទិញទេ?
អត្ថបទដោយ៖ ព្រឹម ភក្តី