នេះគឺជាដំណឹងល្អមួយសម្រាប់មនុស្សជាតិ ជុំវិញពិភពលោក ដែលក្រុមហ៊ុនចិន CATL បានរកឃើញថ្មសម្រាប់រថយន្តអគ្គិសនី ដែលអាចបញ្ចូលភ្លើងតែម្តង អាចរត់បានក្នុងចម្ងាយប្រហែល 1000 km ឯណោះ ។ មួយវិញទៀត ក្រុមហ៊ុន CATL បានសន្យាថា នឹងចាប់ផ្តើមផលិតថ្មនេះ នៅឆ្នាំ ២០២៣ ខាងមុខ នេះបើយោងតាមការផ្សាយរបស់ BusinessInsider ។
យោងតាមប្រភពដដែលបានឲ្យដឹងថា CATL គឺជាក្រុមហ៊ុនផលិតថ្ម ឬ អាគុយ សម្រាប់យានយន្តប្រើអគ្គិសនីដ៏ធំបំផុតលើពិភពរបស់ប្រទេសចិន ដែលមានដៃគូសហការធំៗជាច្រើននៅជុំវិញពិភពលោក ។ ស្របពេលនេះផងដែរ ក្រុមហ៊ុន CATL បានស្រាវជ្រាវបានកំពូលថ្ម ទំហំ ២៥៥ វ៉ាត់ក្នុង១ម៉ោង (255Kwh ) ដែលជាប្រភេទថ្មដែលធំជាងគេមិនធ្លាប់មានមុនមក ព្រមទាំងមានសមត្ថភាពអាចឲ្យរថយន្តអគ្គិសនីរត់យ៉ាងលឿនទៅដល់គោលដៅក្នុងចម្ងាយ ១០០០ គ.ម ដោយគ្រាន់តែសាកថ្មតែម្តងគត់តែប៉ុណ្ណោះ ។
តួយ៉ាង បច្ចេកវិទ្យាថ្ម Qilin គឺត្រូវបានរកឃើញដោយបានដាក់ជាបាតង់ដោយ ក្រុមហ៊ុន CATL ព្រមទាំងបានកែត្រូវចំណុចពិសេសមួយចំនួន ដូចជាការបន្ថែមនូវសារធាតុរាវត្រជាក់ liquid-cooling នៅចន្លោះថ្មនីមួយៗដើម្បីជួយកាត់បន្ថយការកើនឡើងកម្តៅខ្លាំងនៅពេលសាកថ្មម្តងៗ ។ លើសពីនេះ ក្រុមហ៊ុន CATL បានអះអាងថា ថ្ម Qilin សាកភ្លើងបានក្នុងរយ:ពេលយ៉ាងលឿន ក្នុងចន្លោះពី ១០% ទៅ ៨០% ប្រើពេលតែ ១០ នាទីតែប៉ុណ្ណោះ ។
យ៉ាងណាមិញ បច្ចុប្បន្ននេះ រថយន្តអគ្គិសនីដែលអាចរត់បានចម្ងាយឆ្ងាយជាងគេបំផុត គឺជា Lucid Air ប្រភេទ Sedan មានតម្លៃ ១៦៩០០០ដុល្លារ ហើយរថយន្តអគ្គិសនីនេះ អាចរត់ចម្ងាយឆ្ងាយបំផុតបាន ៨៣៦ គ.ម ។ ចំណែកឯ ចំណាត់ថ្នាក់បន្ទាប់គឺជាTesla Model S ដែលអាចរត់បានចម្ងាយ ៦៥១ គ.ម ។
ម្យ៉ាងវិញទៀត ចំពោះថ្ម Qilin មានកម្លាំងខ្លាំងជាង ប្រភេទថ្ម 4680 ខ្នាតធំ របស់ Tesla ទៅដល់ ១៣% ឯណោះ ។ ដោយប្រភេទនេះត្រូវបានដាក់ឲ្យប្រើរួចមកហើយ នៅលើរថយន្ត Model Y ខណ:ពេលឥឡូវនេះវាត្រូវបានលក់ដាច់ជាងគេបង្អស់ក្នុងចំណោមម៉ូដែលរថយន្តរបស់ក្រុមហ៊ុន Tesla ៕
អត្ថបទដោយ៖ ព្រឹម ភក្តី