វិស័យអភិវឌ្ឍន៍ហ្គេម និងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា កំពុងបោះជំហានយ៉ាងសកម្មទៅមុខ ដោយមានការចូលរួមពីសំណាក់យុវជនជំនាន់ថ្មីដែលមានទាំងទេពកោសល្យ ភាពច្នៃប្រឌិត និងការតស៊ូព្យាយាមខ្ពស់។ ក្នុងចំណោមអ្នកត្រួសត្រាយផ្លូវជំនាន់ដំបូងៗ លោក ឈួម ពិសិដ្ឋ និងប្អូនប្រុសទាំងពីរគឺ លោក រតនា និងលោក វិសាល ដែលជាសហស្ថាបនិកក្រុមហ៊ុន DirexPlay គឺជាបុគ្គលដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាជាងមួយទសវត្សរ៍ពេញ ក្នុងការរួមគ្នាកសាងស្នាដៃហ្គេមខ្មែរ រហូតទទួលបានការគាំទ្រយ៉ាងខ្លាំង និងបានបន្សល់ទុកនូវបទពិសោធន៍ដ៏មានតម្លៃសម្រាប់យុវជនជំនាន់ក្រោយដែលចង់ដើរលើវិថីជាសហគ្រិនបច្ចេកវិទ្យា។

ដូច្នេះក្នុងអត្ថបទនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីប្រវត្តិ និងស្នាដៃសហស្ថាបនិកមួយរូបរបស់ DirexPlay គឺលោក ឈួម ពិសិដ្ឋ ដែលមានបទពិសោធន៍លើវិស័យអភិវឌ្ឍន៍ហ្គេម ១៣ ឆ្នាំកន្លងមកនេះ។
លោក ឈួម ពិសិដ្ឋ មានដើមកំណើតនៅខេត្តសៀមរាប ជាអតីតសិស្សវិទ្យាល័យ ១០ មករា ១៩៧៩ និងប្រលងបាក់ឌុបកាលពីឆ្នាំ ២០០៧។ ហើយលោកក៏បានបន្តរៀនថ្នាក់បរិញ្ញាបត្រវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប។

បច្ចុប្បន្នលោកគឺជាសហស្ថាបនិកមួយរូបនៃក្រុម DirexPlay បើគិតចាប់តាំងពីឆ្នាំ ២០១៣ មក DirexPlay បានចាប់ផ្តើមអភិវឌ្ឍ និងដាក់ចេញនូវហ្គេមកម្សាន្ត និងកម្មវិធីកម្សាន្តលើទូរសព្ទដៃជាបន្តបន្ទាប់។ មកដល់បច្ចុប្បន្ន ក្រុមការងារមានស្នាដៃចំនួន ៧ ដែលរួមមាន៖
- Hungry ObOb
- Sok and Sao Adventure
- Chasing Zombies
- Wrath of Fighter
- Jailbreak
- Khmer eCard
- Wrath of Fighter (New Seasons)

ក្នុងចំណោមស្នាដៃទាំងនេះ មានគម្រោងមួយចំនួនដែលជាបទពិសោធន៍ និងជាព្រឹត្តិការណ៍សំខាន់ៗ៖
- កាលពីឆ្នាំ ២០១៤ ក្រុមការងារបានដាក់ចេញហ្គេម Sok and Sao Adventure (ដំណើរផ្សងព្រេងរបស់សុក និងសៅ) ដែលនិយាយអំពីក្មេងប្រុសពីរនាក់មានបេសកកម្មកម្ចាត់មូសខ្លាយក្ស ដើម្បីជួយសង្គ្រោះពិភពលោកពីជំងឺគ្រុនឈាម។ ហ្គេមនេះទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកលេងក្នុងស្រុកនៅពេលនោះ។
- បន្ទាប់មក នៅឆ្នាំ ២០១៦ DirexPlay បានសហការជាមួយផលិតកម្មខ្សែភាពយន្តក្នុងស្រុក Kongchak Studio ដើម្បីផលិតហ្គេមផ្លូវការរបស់ខ្សែភាពយន្តខ្នាតធំរឿង Jailbreak (ការពារឧក្រិដ្ឋជន)។ នេះជាបទពិសោធន៍ដ៏ពិសេសមួយសម្រាប់ពួកគេ ព្រោះហ្គេមនេះត្រូវបានដាក់ចេញស្របពេលជាមួយនឹងការចាក់បញ្ចាំងខ្សែភាពយន្តនៅតាមរោងកុនផងដែរ។
- នៅឆ្នាំ ២០១៧ ក្រុមការងារបានដាក់ស្នាដៃ Jailbreak ចូលរួមប្រកួតក្នុងកម្មវិធី Cambodia ICT Award ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយជាលទ្ធផល ទទួលបានជ័យលាភីលេខ ១។ នេះជាការលើកទឹកចិត្តដ៏សំខាន់មួយសម្រាប់ក្រុមការងារនៅពេលនោះ។
- នៅឆ្នាំ ២០១៨ DirexPlay បានបង្កើត Khmer eCard ដែលជាកម្មវិធីកម្សាន្តអនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ចូលផ្ទៃមុខរបស់ខ្លួនទៅក្នុងវីដេអូគំនូរជីវចលបែបតុក្កតា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក។ កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ក្នុងស្រុក រហូតដល់ទទួលបានចំណាត់ថ្នាក់លេខ ១ Trending ក្នុងស្រុកនៅលើ App Store និង Google Play ស្ទើរតែពេញមួយសប្តាហ៍។
- នៅឆ្នាំ ២០២០ ក្រុមការងារបាននាំយក Wrath of Fighter ត្រឡប់មកវិញជាមួយនឹងកំណែថ្មី ដែលទទួលបានការគាំទ្រពីអ្នកលេងចាស់ៗ និងអ្នកលេងថ្មីជាច្រើនផងដែរ។ តាមរយៈបទពិសោធន៍ទាំងនេះ ពួកគាត់តែងតែស្វែងរកវិធីថ្មីៗក្នុងការអភិវឌ្ឍហ្គេមឱ្យកាន់តែប្រសើរ ប្លែក និងផ្តល់បទពិសោធន៍ថ្មីៗដល់អ្នកលេង។


ជាជំហានថ្មីមួយទៀត គឺការសហការជាមួយក្រុមហ៊ុន Smart Axiata ក្នុងការអភិវឌ្ឍហ្គេម ចំការស្រុកស្រែ (Dawn of Life) ដែលជាហ្គេមបែបស្រែចម្ការ ដែលអ្នកលេងអាចដាំដំណាំ ចិញ្ចឹមសត្វ និងបង្កើតទំនាក់ទំនងជាមួយតួអង្គផ្សេងៗនៅក្នុងសហគមន៍ ដោយផ្តោតលើជីវិតសាមញ្ញ និងភាពរីករាយនៃការរស់នៅបែបស្រុកស្រែ។ ក្រុមការងារបានបើកឱ្យអ្នកលេងសាកល្បងនៅដើមឆ្នាំ ២០២៦ ហើយកំពុងឈានទៅរកការដាក់ចេញជាផ្លូវការ។
នេះបើតាមការលើកឡើងរបស់ក្រុម DirexPlay បានបង្ហើបថា គ្រាន់តែហ្គេម ចំការស្រុកស្រែ - Dawn of Life បើកឱ្យចុះឈ្មោះលេង Beta Version ភ្លាមគឺមានអ្នកចុះឈ្មោះជាង ២០០០០ នាក់ទូទាំងប្រទេសកម្ពុជា និងប្រទេសជិតខាងមួយចំនួនផងដែរ។ នេះសបញ្ជាក់ឱ្យឃើញថាទិសដៅរបស់ DirexPlay មិនមែនធ្វើឱ្យតែបាន ហើយចេញផ្សាយបង្អួតទៅខាងក្រៅនោះទេ ដូច្នេះហើយទើប DirexPlay បានចំណាយពេលយូរក្នុងការផលិតហ្គេមចំការស្រុកស្រែនេះឡើង ដែលនឹងអាចចេញចុងឆ្នាំខាងមុននេះ ជាមួយកំណែទម្រង់ដ៏ល្អអស្ចារ្យជាងជំនាន់ Beta ជូនទៅកាន់អ្នកគាំទ្រផងដែរ។

"សមាជិកក្រុម DirexPlay"
សម្រាប់លោក ឈួម ពិសិដ្ឋ ផ្ទាល់ ឧបសគ្គនិងកិច្ចការទាំងនេះ មិនមែនគ្រាន់តែជាហ្គេមថ្មីមួយទៀតនោះទេ ប៉ុន្តែវាជាជំហានមួយទៀតក្នុងដំណើររបស់ DirexPlay ដែលចង់បន្តបង្កើតស្នាដៃផ្ទាល់ខ្លួន និងនាំយកបទពិសោធន៍ហ្គេមថ្មីៗទៅកាន់អ្នកលេងទាំងក្នុង និងក្រៅប្រទេសកម្ពុជា។
ជាក់ស្តែង បើតាមការយល់ឃើញរបស់លោក ពិសិដ្ឋ នៅពេលដែលបានចាប់ផ្តើម DirexPlay វិស័យអភិវឌ្ឍហ្គេមនៅក្នុងប្រទេសកម្ពុជាយើងនៅមិនទាន់មានភាពទូលំទូលាយនៅឡើយទេ ទាំងផ្នែកទីផ្សារ និងសហគមន៍អ្នកបង្កើតហ្គេមក្នុងស្រុក។ ប៉ុន្តែអ្វីដែលជំរុញឱ្យលោកចាប់ផ្តើម និងបន្តដំណើរមកដល់សព្វថ្ងៃ គឺដោយសារការស្រឡាញ់ការច្នៃប្រឌិត និងបង្កើតអ្វីដែលថ្មីៗ។ លោកចូលចិត្តដំណើរការដែលយើងអាចយកគំនិតមួយដែលដំបូងគ្រាន់តែមាននៅក្នុងការស្រមៃ មកអភិវឌ្ឍជាមួយក្រុមការងារ រហូតក្លាយជាស្នាដៃមួយដែលមនុស្សអាចមើលឃើញ ប៉ះពាល់ និងទទួលបានបទពិសោធន៍ពីវា។
សម្រាប់លោកផ្ទាល់ ហ្គេមគឺជាសិល្បៈ និងជាមធ្យោបាយច្នៃប្រឌិតមួយដែលមានលទ្ធភាពទូលំទូលាយណាស់។ វាមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំយកគំនិត រឿងរ៉ាវ និងបទពិសោធន៍ផ្សេងៗទៅកាន់មនុស្សបានផងដែរ។ ម្យ៉ាងទៀត ប្រទេសកម្ពុជាយើងមានមរតកដ៏សម្បូរបែបពីដូនតា ដូចជា សិល្បៈ វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ អក្សរសិល្ប៍ និងប្រវត្តិសាស្ត្រ។ លោកគិតថា ទាំងនេះសុទ្ធតែប្រភពនៃការច្នៃប្រឌិតដ៏មានតម្លៃ ដែលអាចយកមកបកស្រាយ និងអភិវឌ្ឍជាស្នាដៃថ្មីៗតាមរយៈហ្គេម ដោយមានការយល់ដឹង ការគោរព និងទំនួលខុសត្រូវ។ ហើយអ្វីដែលលោកសង្ឃឹមនោះគឺ មិនមែនត្រឹមតែឃើញ DirexPlay រីកចម្រើននោះទេ ប៉ុន្តែលោកក៏ចង់ឃើញអ្នកបង្កើតហ្គេមក្នុងស្រុកកាន់តែច្រើនឡើង មានឱកាសបង្កើតស្នាដៃផ្ទាល់ខ្លួន និងជួយឱ្យវិស័យនេះរីកចម្រើនទៅមុខផងដែរ។ នេះហើយជាមូលហេតុដែលធ្វើឱ្យលោកចង់បន្តដំណើរនេះ ទោះបីជាវាមិនមែនជាដំណើរដែលងាយស្រួលក៏ដោយ។

លោក ពិសិដ្ឋ បានយល់ឃើញថា វិស័យកីឡាអេឡិចត្រូនិក (eSport) និងវិស័យអភិវឌ្ឍហ្គេម (Game Development) គឺជាវិស័យពីរដែលមានទំនាក់ទំនងគ្នា ប៉ុន្តែក៏មានលក្ខណៈខុសគ្នាដែរ។ ដោយសារបទពិសោធន៍ផ្ទាល់ គឺផ្តោតសំខាន់លើការអភិវឌ្ឍហ្គេម លោកប្រហែលមិនអាចវាយតម្លៃបានទូលំទូលាយលើគ្រប់ផ្នែកនៃវិស័យកីឡាអេឡិចត្រូនិកនោះទេ។ ប៉ុន្តែតាមការសង្កេត លោកគិតថា ប្រទេសកម្ពុជាយើងមានរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យនេះ ជាពិសេសផ្នែកអ្នកលេង សហគមន៍ និងការយល់ដឹងរបស់មនុស្សទូទៅចំពោះហ្គេម។ លោកក៏ឃើញមានចាប់អារម្មណ៍ និងចូលរួមកាន់តែច្រើនពីយុវជនផងដែរ។ ប៉ុន្តែបើនិយាយពីការអភិវឌ្ឍហ្គេមក្នុងស្រុក លោកគិតថាយើងនៅមានចំណុចជាច្រើនដែលត្រូវបន្តអភិវឌ្ឍ ដូចជា ធនធានមនុស្ស ជំនាញបច្ចេកទេស ឱកាសការងារ ការវិនិយោគ និងគាំទ្រដល់អ្នកបង្កើតហ្គេមក្នុងស្រុក។ លោកក៏បានបន្ថែមថា យើងមិនគួរមើលឃើញហ្គេមត្រឹមតែជាការកម្សាន្ត ឬការប្រកួតប្រជែងរបស់អ្នកលេងប៉ុណ្ណោះទេ ប៉ុន្តែគួរមើលឃើញពីសក្តានុពលនៃការបង្កើតហ្គេមជាអាជីព និងជាឧស្សាហកម្មមួយដែលអាចបង្កើតឱកាសការងារ និងស្នាដៃបច្ចេកវិទ្យាដែលមានតម្លៃសម្រាប់ប្រទេសកម្ពុជា។ លោកសង្ឃឹមថា នៅថ្ងៃអនាគត យើងនឹងមិនត្រឹមតែមានអ្នកលេងហ្គេម និងក្រុមកីឡាអេឡិចត្រូនិកកាន់តែច្រើននោះទេ ប៉ុន្តែថែមទាំងមានអ្នកបង្កើតហ្គេម អ្នករចនា អ្នកសរសេរកម្មវិធី និងអ្នកជំនាញជាច្រើនទៀតដែលអាចចូលរួមកសាងវិស័យនេះឱ្យរីកចម្រើនផងដែរ។

ចំពោះរយៈពេល ៥ ឆ្នាំទៅមុខទៀត លោកសង្ឃឹមថា DirexPlay នឹងបន្តរីកចម្រើន មិនមែនចាំបាច់ទាល់តែទំហំក្រុមហ៊ុនធំនោះទេ ប៉ុន្តែជាការរីកចម្រើនលើសមត្ថភាពក្នុងការបង្កើតអ្វីដែលថ្មីៗ។ ក្នុងរយៈពេលជាង ១៣ ឆ្នាំកន្លងមកនេះ ក្រុមការងារបានឆ្លងកាត់រឿងរ៉ាវជាច្រើន មានឱកាស មានបញ្ហាប្រឈម មានភាពជោគជ័យ និងមានពេលខ្លះដែលអ្វីៗមិនបានចេញទៅតាមការរំពឹងទុក។ លោកគិតថា បទពិសោធន៍ទាំងអស់នេះបានជួយកែប្រែរបៀបដែលយើងគិត និងធ្វើការក្នុងវិស័យអភិវឌ្ឍន៍ហ្គេមរហូតមកដល់សព្វថ្ងៃ។
ជារួមមកវិញ Dawn of Life គឺជាជំហានដ៏សំខាន់មួយក្នុងទិសដៅទៅអនាគត។ វាជាគម្រោងមួយដែលចង់បង្កើតតាំងពីយូរមកហើយ ហើយលោកក៏សង្ឃឹមថា វានឹងក្លាយជាឱកាសបើកផ្លូវឱ្យអាចសាកល្បងគំនិតថ្មីៗ និងនាំយកស្នាដៃទៅកាន់អ្នកលេងនៅក្រៅប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់ជាងគេ លោក ឈួម ពិសិដ្ឋ សង្ឃឹមថា DirexPlay នឹងនៅតែជាកន្លែងមួយដែលមនុស្សមួយក្រុមតូចអាចមករួមគ្នា បន្តរៀនសូត្រ សាកល្បងគំនិតថ្មីៗ និងបង្កើតស្នាដៃដែលមានមោទនភាពចំពោះវា។
លោកមិនអាចដឹងច្បាស់ថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នឹងទៅដល់ទីណានោះទេ។ ឧស្សាហកម្មហ្គេមមានការផ្លាស់ប្តូរយ៉ាងលឿន ហើយប្រាកដណាស់ នឹងត្រូវជួបប្រទះបញ្ហាប្រឈមមួយចំនួនដែលមិនអាចទាយទុកជាមុនបាន។ ប៉ុន្តែលោកសង្ឃឹមថា នៅពេលក្រឡេកមើលត្រឡប់មកវិញក្នុងរយៈពេល ៥ ឆ្នាំទៀត នឹងអាចនិយាយបានថា ក្រុមការងារនៅតែបន្តបង្កើត បន្តរៀនសូត្រ និងបានបង្កើតអ្វីមួយដែលមានអត្ថន័យនៅក្នុងដំណើរនេះ។
អមជាមួយគ្នានេះដែរ លោកក៏បានផ្តល់ជាពាក្យផ្តាំផ្ញើ ទៅកាន់យុវជនជំនាន់ក្រោយដែលចង់ក្លាយជា Founder ឬចង់ចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យា គឺការចាប់ផ្តើមអាជីវកម្មមួយ មិនមែនគ្រាន់តែជាការចាប់ផ្តើមធ្វើអ្វីដែលខ្លួនស្រឡាញ់ ឬបង្កើតអ្វីដែលខ្លួនមានក្តីស្រមៃនោះទេ ប៉ុន្តែវាក៏ជាការចាប់ផ្តើមទទួលខុសត្រូវចំពោះអ្វីមួយដែលអ្នកអាចនឹងនឹកស្មានមិនដល់ផងដែរ។
តាមបទពិសោធន៍ផ្ទាល់ក្នុងរយៈពេលជាង ១៣ ឆ្នាំកន្លងមក លោកបានរៀនច្រើន ការដែលមានគំនិតល្អ ឬមានផលិតផលល្អ មិនមានន័យថាអាជីវកម្មនោះនឹងជោគជ័យ ឬអាចបន្តដំណើរទៅមុខបាននោះទេ។ អ្នកត្រូវយល់ពីអាជីវកម្ម ហិរញ្ញវត្ថុការគ្រប់គ្រងមនុស្ស និងការសម្រេចចិត្តជាច្រើនដែលពេលខ្លះមិនមែនជារឿងងាយស្រួលឡើយ។

ជាចុងក្រោយ លោក ឈួម ពិសិដ្ឋ បានផ្ដាំផ្ញើទៅកាន់ប្អូនៗថា កុំប្រញាប់ប្រញាល់ក្នុងការចង់ក្លាយជា Founder ឬចង់មានក្រុមហ៊ុនផ្ទាល់ខ្លួនពេក គួរចាប់ផ្តើមពីការយល់ថា តើយើងចង់ដោះស្រាយបញ្ហាអ្វី? តើយើងកំពុងបង្កើតអ្វីដែលមានតម្លៃសម្រាប់អ្នកដទៃ? ហើយតើយើងអាចធ្វើឱ្យវាក្លាយជាអាជីវកម្មដែលអាចបន្តទៅមុខបានដោយរបៀបណា?
ជាពិសេស ក្នុងសម័យបច្ចេកវិទ្យា និង AI ដែលអ្វីៗកំពុងផ្លាស់ប្តូរយ៉ាងលឿន លោកគិតថា ការរៀនសូត្រ និងសម្របខ្លួនគឺសំខាន់ណាស់។ ឧបករណ៍អាចជួយឱ្យធ្វើអ្វីៗបានលឿនជាងមុន ប៉ុន្តែវាមិនអាចជំនួសការយល់ដឹង វិនិច្ឆ័យ និងទទួលខុសត្រូវរបស់យើងបានទាំងស្រុងនោះទេ។ កុំយល់ថាការលះបង់គ្រប់យ៉ាងក្នុងជីវិត គឺជាលក្ខខណ្ឌចាំបាច់នៃភាពជាសហគ្រិននោះឡើយ។ ការតស៊ូគឺសំខាន់ ប៉ុន្តែយើងក៏ត្រូវចេះកសាងអាជីវកម្មមួយដែលអាចឱ្យខ្លួនឯង និងមនុស្សដែលធ្វើការជាមួយ មានជីវភាពរស់នៅបានល្អ និងអាចបន្តដំណើរទៅមុខបានឆ្ងាយ។
លោកមិនទាន់ចាត់ទុកខ្លួនឯងថាជាមនុស្សដែលមានចម្លើយគ្រប់យ៉ាង ឬជោគជ័យគ្រប់ផ្នែកនោះទេ ក៏នៅតែរៀនសូត្រ និងជួបប្រទះបញ្ហាប្រឈមជារៀងរាល់ថ្ងៃដែរ។ ប៉ុន្តែបើសួរថាមានអ្វីមួយដែលបានរៀនពីដំណើរនេះ ចម្លើយគឺ បង្កើតអាជីវកម្មមួយមិនមែនគ្រាន់តែជាបង្កើតអ្វីមួយដែលយើងស្រឡាញ់នោះទេ តែជារៀនទទួលខុសត្រូវ និងធ្វើឱ្យអ្វីដែលបង្កើតឡើងនោះ មានតម្លៃគ្រប់គ្រាន់សម្រាប់អ្នកដទៃផងដែរ។

មួយចំណុចទៀតដែលលោកចង់បន្ថែមនោះគឺ ប្រសិនបើមានឱកាស លោកលើកទឹកចិត្តឱ្យយុវជនសាកល្បងចេញទៅធ្វើការក្នុងក្រុមហ៊ុន ឬស្ថាប័នណាមួយយ៉ាងហោចណាស់ពី ២ ទៅ ៣ ឆ្នាំសិន មុននឹងសម្រេចចិត្តបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ព្រោះក្នុងអំឡុងពេលនោះ នឹងមានឱកាសស្វែងយល់ពីរបៀបដែលអាជីវកម្មដំណើរការ ស្វែងយល់ពីទីផ្សារ អតិថិជន ការគ្រប់គ្រងក្រុមការងារ ហិរញ្ញវត្ថុ និងជំនាញផ្សេងៗទៀតដែលប្រហែលជាមិនអាចរៀនបានទាំងស្រុងតាមរយៈទ្រឹស្តីនៅក្នុងថ្នាក់រៀន។ បទពិសោធន៍ទាំងនេះអាចជួយឱ្យមានការយល់ដឹងកាន់តែច្បាស់ និងត្រៀមខ្លួនបានល្អជាងមុន នៅពេលដែលចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។
“ទោះបីជាឧស្សាហកម្មមានការផ្លាស់ប្តូរ និងជួបប្រទះបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏ការបន្តបង្កើត និងរៀនសូត្រមិនឈប់ឈរ គឺជាគន្លឹះនៃភាពជោគជ័យ”
អត្ថបទដោយ៖ ងួន ឃុនណា - Khunna NGUON

