នាថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (TSC) ក្រោមការសម្របសម្រួលនៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ដ៏សំខាន់មួយ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០” នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ។
សិក្ខាសាលានេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, វិនិយោគិន និងសហគ្រិនធុរកិច្ចថ្មី សរុបប្រមាណ ២៣០ រូប ។
ក្នុងកិច្ចពិភាក្សានេះ អង្គសិក្ខាសាលាបានផ្តោតសំខាន់លើវិធានការគន្លឹះចំនួន ៥ នៃសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ រួមមាន៖
ការរៀបចំលិខិតបទដ្ឋានគាំទ្រ៖ បង្កើតច្បាប់ និងបទប្បញ្ញត្តិដែលអំណោយផលដល់ការធ្វើអាជីវកម្មបែបបច្ចេកវិទ្យា ។
ការបង្កើនលទ្ធភាពទទួលហិរញ្ញប្បទាន៖ បើកផ្លូវឱ្យ Startup ងាយស្រួលទទួលបានទុនវិនិយោគ និងប្រភពថវិកា ។
ការបង្កើនចំនួនបុគ្គលមានទេពកោសល្យ៖ បណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ក្នុងយុគសម័យឌីជីថល ។
ការពង្រឹងសមត្ថភាពតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ី៖ គាំទ្រដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យដំណើរការកាន់តែមានប្រសិទ្ធភាព ។
ការតភ្ជាប់បណ្ដាញ និងការពង្រីកទីផ្សារ៖ ជួយឱ្យធុរកិច្ចថ្មីកម្ពុជាអាចឈានជើងចូលទីផ្សារកាន់តែទូលំទូលាយ ទាំងក្នុងតំបន់ និងសកលលោក ។
ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានគូសបញ្ជាក់ថា ការអនុវត្តយុទ្ធសាស្ត្រជាតិ ២០២៦-២០៣០ នេះ គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ឆ្នាំ២០៥០ ។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ TSC ក៏បានបង្ហាញពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងនេះ ដើម្បីធានាថាវាមានភាពគត់មត់ និងគ្រប់ជ្រុងជ្រោយបំផុត ។
ការរៀបចំយុទ្ធសាស្ត្រនេះ គឺជាសញ្ញាណវិជ្ជមានថ្មីមួយទៀតដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញសមត្ថភាពប្រកួតប្រជែងរបស់ធុរកិច្ចថ្មីកម្ពុជា ឱ្យក្លាយជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងរស់រវើកនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ។



