មោទនភាព AI ស្នាដៃកូនខ្មែរ! ទោះប្រជុំគ្នា ១០ នាក់ ក៏ដឹងថាអ្នកណានិយាយអ្វីខ្លះដែរ ថែមទាំងជួយសង្ខេប និងធ្វើរបាយការណ៍ឱ្យមួយចប់!
Sakada Techie
MARCH 23 2026
អាជីវកម្ម 4.0
752 views
2 mins read

ក្នុងសម័យកាលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងរីកដុះដាលខ្លាំង ស្ថាបនិកវ័យក្មេងកម្ពុជាពីររូបបានបង្កើតនូវដំណោះស្រាយដ៏អស្ចារ្យមួយឈ្មោះថា Brachum (ប្រជុំ) ដែលជាជំនួយការ AI ឆ្លាតវៃ អាចជួយសម្រាលបន្ទុកការងាររដ្ឋបាល និងការសរសេររបាយការណ៍ប្រជុំដែលធ្លាប់តែចំណាយពេលរាប់ម៉ោង មកនៅត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

លោក ខូវ ទី វិកទ័រ និងលោក ប៉ែន ពេជ្រពន្លឺ ដែលជាស្ថាបនិកនៃ Brachum បានបង្ហើបឱ្យដឹងក្នុងកិច្ចសម្ភាសន៍ជាមួយ ចាបខៀវ ថា គំនិតនៃការបង្កើត App នេះឡើង គឺផ្ដើមចេញពីការធុញទ្រាន់នឹងការអង្គុយកត់ត្រាកំណត់ហេតុប្រជុំដោយដៃ និងការស្ដាប់សំឡេង Record ឡើងវិញដើម្បីធ្វើរបាយការណ៍។ ពួកលោកបានចំណាយពេលត្រឹមតែ ១ ខែប៉ុណ្ណោះ ក្នុងការអភិវឌ្ឍផលិតផលដំបូង (MVP) រហូតដាក់ឱ្យប្រើប្រាស់ជាសាធារណៈ។

អ្វីដែលធ្វើឱ្យ Brachum មានភាពលេចធ្លោបំផុត និងជាមោទនភាពនៃស្នាដៃកូនខ្មែរនោះ គឺសមត្ថភាពយល់ដឹងពីភាសាខ្មែរបានយ៉ាងស៊ីជម្រៅ៖

  1. Speaker Diarization (ការបែងចែកអ្នកនិយាយ): ទោះបីជាក្នុងអង្គប្រជុំមានមនុស្សរហូតដល់ ១០ នាក់ ឬច្រើនជាងនេះក៏ដោយ AI របស់ Brachum អាចបែងចែកបានយ៉ាងសុក្រឹតថា សម្ដីមួយណានិយាយដោយបុគ្គលណា។

  2. Khmer Context Awareness: វាត្រូវបានដំឡើង (Fine-tune) ឱ្យយល់ពីបរិបទការនិយាយរបស់ជនជាតិខ្មែរ ជាពិសេសការនិយាយខ្មែរឡូកឡំជាមួយអង់គ្លេស ដែលជាទម្លាប់ទូទៅក្នុងវិស័យអាជីវកម្មបច្ចុប្បន្ន។

  3. Smart Summarization: ក្រោយចប់ការប្រជុំ អ្នកមិនចាំបាច់អង្គុយស្ដាប់ឡើងវិញឡើយ។ AI នឹងសង្ខេបចំណុចសំខាន់ៗ និងដាក់ចេញជា «សកម្មភាពដែលត្រូវបន្តធ្វើ» (Action Items) យ៉ាងច្បាស់លាស់។

«ពួកខ្ញុំចង់ឱ្យបច្ចេកវិទ្យា AI នេះ ក្លាយជាផ្នែកមួយដែលជួយឱ្យការធ្វើការងារនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព និងចំណេញពេលវេលាជាងមុន» នេះជាការបញ្ជាក់របស់ស្ថាបនិក។

ឆ្លើយតបនឹងការព្រួយបារម្ភលើការលេចធ្លាយព័ត៌មានសម្ងាត់ លោក វិកទ័រ និងលោក ពេជ្រពន្លឺ បានសង្កត់ធ្ងន់ថា Brachum ត្រូវបានបង្កើតឡើងដោយផ្ដោតខ្លាំងលើ Privacy។ រាល់ទិន្នន័យដែលបាន Upload ត្រូវបានការពារដោយបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ ហើយសូម្បីតែក្រុមការងារបច្ចេកទេសរបស់ Brachum ក៏មិនមានសិទ្ធិចូលទៅស្ដាប់ការជជែករបស់អ្នកប្រើប្រាស់បានដែរ។

ទោះបីជាទើបតែបើកដំណើរការបានរយៈពេលខ្លី ប៉ុន្តែ Brachum ទទួលបានការគាំទ្រ និងមានអ្នកប្រើប្រាស់បង់ប្រាក់ភ្លាមៗ។ នេះបង្ហាញថា ទីផ្សារកម្ពុជាកំពុងត្រូវការដំណោះស្រាយ AI ដែលពិតជាអាចដោះស្រាយបញ្ហាជាក់ស្ដែងបាន។ សម្រាប់អ្នកដែលចង់សាកល្បងសមត្ថភាព AI ខ្មែរដ៏អស្ចារ្យនេះ អាចចូលទៅកាន់គេហទំព័រ brachum.com ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃការប្រជុំដោយមិនបាច់កត់ត្រា។

650729418 122104202967283151 3495612651041941115 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia