អស្ចារ្យមែនម៉ូតូអគ្គិសនីរបស់ក្រុមហ៊ុន BMW កំពុងទទួលបានប្រជាប្រិយភាពពីសំណាក់មនុស្សនៅប៉ែកខាងអឺរ៉ុប សូម្បីតែប្រជាជននៅអាស៊ីយើងក៏ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែតម្លៃខ្ទង់ម៉ឺនដុល្លារ និងបច្ចេកវិទ្យា(Technology) ដែលមានលើម៉ូតូនេះ គឺមានលក្ខណ:ទំនើបស្រដៀងនឹងម៉ូដែលឡានអ៊ីចឹង ជាពិសេសអាចសាកថ្មលឿនជាងឡានអគ្គិសនីទូទៅថែមទៀតផង ។
បើយោងតាមការចេញផ្សាយកាលពីកន្លងទៅរបស់គេហទំព័រ electrek.com បានឲ្យដឹងថាម៉ូតូអគ្គិសនីដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារមួយនេះមានឈ្មោះថា BMW CE 04 ដែលត្រូវបានក្រុមហ៊ុន BMW ដាក់តាំងបង្ហាញជាលើកដំបូងកាលពីឆ្នាំ ២០២០ ដោយបាននិយាយថា ម៉ូតូស្កូតឺគំនិតអនាគត ព្រោះតែរូបរាងរបស់វាបានរំលេចនូវ ការឌីហ្សាញយ៉ាងប្រណិតស្រដៀងទៅរ៉ូប៉ូត ហើយប្លែកពីម៉ូដែលម៉ូតូរបស់ក្រុមហ៊ុនដទៃទៀត ។
ម៉ូតូអគ្គិសនី BMW ត្រូវបានបំពាក់មកជាមួយនឹងកញ្ចក់អេក្រង់ជាលក្ខណ: LCD ដែលមានទំហំ 10.25 អ៊ីញ TFT ជាអេក្រង់ដែលអាចផ្តល់នូវរូបភាពបានយ៉ាងច្បាស់ល្អ អាច Touchscreen បានសម្រាប់ចុចមើលផែនទី នៅលើ Google Map និងមានកន្លែងសាកថ្មទូរស័ព្ទ ព្រមទាំងកន្លែងទុកមួកសុវត្ថិភាពមួយ បានថែមទៀតផង ។
បន្ថែមពីនេះ ចំណែកផ្នែកសុវត្ថិភាព គេបានបំពាក់មកជាមួយនឹង បច្ចេកវិទ្យាហ្វ្រាំងឌីសកង់ខាងមុខចំនួន ២ ទំហំ 205 mm (Double Disc Brake ) និងហ្វ្រាំងឌីសកង់ខាងក្រោយចំនួន ១ ទំហំដូចគ្នា (Single Disc Brake) ។
លើសពីនេះ ក្រុមហ៊ុន BMW បានបំពាក់នូវបច្ចេកវិទ្យា Automatic Stability Control (ASC) ដែលជាប្រព័ន្ធគ្រប់គ្រងលើចង្កូតដៃដោយស្វ័យប្រវត្តិនៅពេលបត់ផ្លូវកែងខ្លាំង និងប្រព័ន្ធគ្រប់គ្រងស្ថានភាពផ្លូវ Dynamic Traction Control (DTC) ដែលជួយទប់លំនឹងម៉ូតូនៅពេលបើកបរលើស្ថានភាពផ្លូវដែលរអិលឬដីខ្សាច់ ហើយនេះគឺជាបទពិសោធន៍ថ្មីមួយសម្រាប់អ្នកជាម្ចាស់ម៉ូត ដែល BMW បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើផ្នែកសុវត្ថិភាព ដូច្នេះតម្លៃខ្ទង់ជាង ១ម៉ឺនដុល្លារ គឺស័ក្តិសមបំផុត ។
ដោយឡែកសម្រាប់ម៉ូតូអគ្គិសនី CE 04 មានថ្មជាប្រភេទលីចូមអ៊ីយ៉ុងចំនួន ៤០គ្រាប់ដែលមានថាមពលថ្ម 8.9 Kwh ដែលអាចបើកបរបានចម្ងាយឆ្ងាយដល់ 130 Km ឯណោះ ។ មួយវិញទៀត ចំពោះម៉ូទ័រអគ្គិសនីរបស់ម៉ូតូនេះអាចបង្កើតកម្លាំងធំបំផុត 31kw និងកម្លាំងរមួល 62 Nm និងកម្រិតស្ទុះពី 0-50km/h ចាយពេលតែ 2.6s និងអាចមួលកប់ពី ០-100km/h ស៊ីពេលត្រឹមតែ 9.1s តែប៉ុណ្ណោះ ។
សូមជំរាបផងដែរថា សម្រាប់ការសាកថ្ម ខាងក្រុមហ៊ុនបានផ្តល់មកជា ២ ប្រភេទដែលមានលក្ខណ:ខ្សែសាកចល័តឬ ជាប្រភេទ AV អាចសាកថ្មពេញក្នុងពេល ៤ ម៉ោង ៤០ នាទី និងប្រភេទខែ្សសាកល្បឿនលឿនដែលមានថាមពលភ្លើង 6.9 Kw អាចសាកថ្មពេញ 100% ចំណាយពេលតែ ១ម៉ោង៤០នាទីនោះទេ ។ បញ្ជាក់ ចំពោះអាគុយរបស់យើងសល់ថាមពល 20% អាចសាកថ្មដល់ 80% ចាយពេលតែ ៤០នាទីតែប៉ុណ្ណោះ ៕
អត្ថបទដោយ៖ ព្រឹម ភក្ដី (Fb : Pheakdey Prem , Telegram : 0102720222 )