តម្លៃកាក់ Bitcoin ដាំក្បាលចុះខ្លាំងមិនធម្មតា ព្រោះហេតុផលធំៗ២នេះ
SOKLY - កូនផ្កាឈូក
FEBRUARY 25 2025
ឌីជីថល
699 views
2 mins read

គិតត្រឹមម៉ោង ៣រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ តម្លៃរបស់ Bitcoin បានធ្លាក់មកសល់ត្រឹម 89,895 ដុល្លារ។ តួលេខនេះជាការធ្លាក់ចុះមិនធ្លាប់មានទេសម្រាប់ Bitcoin តាំងពីចូលដល់ឆ្នាំ២០២៥ មក ដែលកាក់នេះចុះមកដល់តម្លៃក្រោម ៩ម៉ឺនដុល្លារ។

ការធ្លាក់ចុះយ៉ាងគំហុកនេះ បានកើតឡើងក្រោយពេលដែល BYBIT ដែលជាក្រុមហ៊ុន​ ផ្លាស់ប្ដូររូបិយប័ណ្ណឌីជីថលធំមួយឈរជើងនៅទីក្រុងឌូបៃ ត្រូវបានពួក Hacker ចូលលួចលុយអស់ប្រមាណ 1.5ពាន់លានដុល្លារ។

លោក Ben Zhou សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ BYBIT បានលើកឡើងថា ការ Hack នេះបានកើតឡើងនៅពេលដែលក្រុមហ៊ុនកំពុងដំណើរការផ្ទេរ Ethereum ពី “Cold” Wallet ទៅ “Warm” Wallet ដែលគ្រប់គ្រងការជួយដូរប្រចាំថ្ងៃរបស់ក្រុមហ៊ុន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។ បើទោះបីជាមិនស្គាល់អត្តសញ្ញាណរបស់អ្នកវាយប្រហារ BYBIT ក៏ដោយ ប៉ុន្តែគេបានរកឃើញរបាយការណ៍មួយចំនួនបង្ហាញថា ជនល្មើសអាចជាពួក Hacker រដ្ឋកូរ៉េខាងជើង។

យ៉ាងណាមិញក្រៅពីបញ្ហាខាងលើនេះ វាក៏អាចបណ្ដាលមកពីចំហាយនៃរឿងមួយចំនួនផ្សេងទៀតផងដែរ ដូចជាកាលពី ថ្ងៃទី២០ ខែមករា កន្លងទៅ ប្រធានធិបតី ដូណាល់ ត្រាំ បានប្រកាសគោលនយោបាយពន្ធថ្មីៗ ដែលមានឥទ្ធិពលដល់ទីផ្សាររូបិយប័ណ្ណគ្រីបតូ។ ជាក់ស្ដែងលោក ត្រាំ បានគម្រាមដាក់ពន្ធ ២៥% លើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិកចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥។ សេចក្ដីប្រកាសនេះបានបង្កភាពមិនប្រាកដប្រជា និងប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុទូទៅ រួមទាំងទីផ្សាររូបិយប័ណ្ណគ្រីបតូផងដែរ។

គួរជម្រាបផងដែរថា ឧស្សាហកម្មគ្រីបតូ ធ្លាប់បានស្ទុះងើបឡើងវិញក្នុងរយៈពេល ប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីទទួលបានអត្ថប្រយោជន៍ពី ការវិលត្រឡប់ របស់លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមាន និងការសន្យារបស់គាត់ក្នុងការធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជា "រដ្ឋធានីគ្រីបតូនៃភពផែនដី"។ ប៉ុន្តែនៅថ្ងៃដែលលោកថ្លែងសុន្ទរកថាទាក់ទងនឹងការរឹតបន្តឹងពន្ធ គេមិនឃើញលោកនិយាយពី គ្រីបតូឡើយ ទើបជាហេតុនាំឱ្យមានភាពមិនប្រាកដប្រជា និងប៉ះពាល់ដល់តម្លៃគ្រីបតូ។

អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia