ប្រភពពី Investopedia បានឱ្យដឹងថា កាលពីថ្ងៃអង្គារទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកនឹងដាក់លក់ កាតមាស ក្នុងតម្លៃ ៥លានដុល្លារ ($5M Gold Card) សម្រាប់លក់ឱ្យអ្នកមានលុយដែលចង់ចូលទឹកដីអាមេរិក។ ហើយខាងក្រោមនេះគឺជាគុណសម្បត្តិធំៗទាំង៣ នៃកាតមាស ៥លានដុល្លារនេះ៖
ទី១៖ សិទ្ធិស្នាក់នៅអាមេរិកជាអចិន្ត្រៃយ៍៖ អ្នកដែលទិញកាតនេះ នឹងទទួលបានសិទ្ធិរស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិកដោយមិនមានបញ្ហា ឬមិនជាប់ជាជនអន្តោប្រវេសន៍ឡើយ។
ទី២៖ ងាយស្រួលចូលសញ្ជាតិ៖ កាតមាសនេះមានសមត្ថភាពលើសពី ទិដ្ឋាការចាស់ EB-5 ព្រោះថាអ្នកមានការចង់ចូលសញ្ជាតិអាមេរិកមិនត្រូវការពេលយូរ ឬលក្ខខណ្ឌតឹងតែងច្រើនដូចទិដ្ឋាការចាស់ឡើយ។
ទី៣៖ បង្កើនចំណូលសម្រាប់សេដ្ឋកិច្ចអាមេរិក៖ ដោយសារតែតម្លៃខ្ពស់រហូតទៅដល់ ៥លានដុល្លារ ការលក់កាតមាសនេះ អាចជួយបន្ថយដល់បំណុលជាតិនិងបង្កើតប្រាក់ចំណូលជាច្រើនសម្រាប់អាមេរិក។
យ៉ាងណាមិញ ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ហើយថា កាតមាសនេះគឺជាជម្រើសសម្រាប់អ្នកមានសមត្ថភាពហិរញ្ញវត្ថុខ្ពស់ ដែលចង់ឈរជើងរស់នៅសហរដ្ឋអាមេរិកដោយមានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និងអាចក្លាយជាប្រជាជនអាមេរិក។
អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)