ក្រុមហ៊ុនបណ្តាញសង្គមយក្សៗរួមមាន Meta, TikTok, Snapchat និង Google កំពុងប្រឈមមុខនឹងដំណើរការក្តីតាមផ្លូវតុលាការដ៏វែងឆ្ងាយ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគេបានចេតនារចនាផលិតផលរបស់ខ្លួនដើម្បីឱ្យកុមារ និងប្អូនៗវ័យក្មេងញៀនប្រើប្រាស់។ យោងតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters តុលាការឧទ្ធរណ៍អាមេរិកប្រចាំតំបន់ទី៩ នៅទីក្រុង San Francisco បានបដិសេធការប្រឹងប្រែងរបស់ក្រុមហ៊ុនទាំងនេះ ក្នុងការការពារខ្លួនពីបណ្តឹងរាប់ពាន់ករណី ដោយប្រើប្រាស់ «មាត្រា ២៣០» ដែលជាច្បាប់ការពារក្រុមហ៊ុនបណ្តាញសង្គមពីការទទួលខុសត្រូវលើសំណេរ ឬខ្លឹមសារដែលបង្ហោះដោយអ្នកប្រើប្រាស់។

ក្រុមហ៊ុនទាំងនោះបានអះអាងថា មាត្រានេះគួរតែជួយការពារពួកគេពីការចោទប្រកាន់រឿងមិនបានព្រមានសាធារណជនអំពីការរចនាដែលនាំឱ្យញៀន ប៉ុន្តែតុលាការបានលើកឡើងថា ការស្នើសុំប្តឹងឧទ្ធរណ៍នេះគឺឆាប់រហ័សពេក ព្រោះនីតិវិធីបែបនេះជាទូទៅកើតឡើងបន្ទាប់ពីការកាត់ក្តីត្រូវបានបញ្ចប់។

ពាក្យបណ្តឹងរាប់ពាន់ករណីទាំងនេះ ដែលត្រូវបានប្តឹងដោយបុគ្គលឯកជន រដ្ឋាភិបាលក្នុងស្រុក និងមណ្ឌលសិក្សាធិការ ត្រូវបានបូកបញ្ជូលគ្នាតាមនីតិវិធីទៅជាបណ្តឹងថ្នាក់សហព័ន្ធតែមួយ ដើម្បីបន្តដំណើរការក្តីទៅមុខ។ ទោះបីជានៅឆាប់រហ័សពេកក្នុងការសន្និដ្ឋានថា តើការក្តីក្តាំលើការរចនាបង្កឱ្យញៀននេះនឹងបញ្ចប់ទៅដោយលទ្ធផលបែបណាក៏ដោយ ប៉ុន្តែកន្លងមក ក្រុមហ៊ុន Meta បានចាញ់ក្តីចំនួនពីរករណីរួចទៅហើយលើបញ្ហាស្រដៀងគ្នានេះ។ ការចាញ់ក្តីនេះបានគូសបញ្ជាក់ជាប្រវត្តិសាស្ត្រថា ជាលើកដំបូងបង្អស់ដែលក្រុមហ៊ុនបណ្តាញសង្គមត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះក្តីបារម្ភលើសុវត្ថិភាពកុមារ នៅក្នុងសវនាការដែលមានការចូលរួមពីគណៈវិនិច្ឆ័យ។
