ថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ និងជជែកគ្នាអំពីខ្សែជីវិតរបស់សហគ្រិនឆ្នើមម្នាក់ ដែលធ្លាប់ស្គាល់រសជាតិភាពបរាជ័យ ធ្លាប់ត្រូវគេបដិសេធពាក្យសុំធ្វើការ និងធ្លាប់ធ្លាក់ចូលក្នុងវិបត្តិផ្លូវចិត្តស្ទើរតែបាត់បង់គោលដៅជីវិត ប៉ុន្តែបច្ចុប្បន្នលោកបានក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ពិភពលោក និងជាអ្នកបដិវត្តន៍ឧស្សាហកម្មតន្ត្រីទាំងស្រុង។ មកតាមដានសាច់រឿងតស៊ូដ៏ជូរចត់របស់លោក Daniel Ek ដែលជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Spotify។

លោក Daniel Ek កើតក្នុងគ្រួសារសាមញ្ញមួយនៅទីក្រុង Stockholm ប្រទេសស៊ុយអែត លោក Daniel Ek បានបង្ហាញចំណាប់អារម្មណ៍លើបច្ចេកវិទ្យាតាំងពីអាយុ ១៤ ឆ្នាំ ដោយគេបានចាប់ផ្តើមរៀនសរសេរកូដ និងបង្កើត Website ឱ្យគេពីបន្ទប់គេងតូចមួយ។ ទោះជាយ៉ាងណា ផ្លូវជីវិតដំបូងរបស់គេមិនបានរលូនឡើយ។ Daniel ធ្លាប់ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បដិសេធមិនទទួលយកធ្វើការ ដោយសារតែគេគ្មានសញ្ញាបត្រមហាវិទ្យាល័យ។ បន្ទាប់មក គេបានសម្រេចចិត្តបោះបង់ការសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាដ៏ល្បីល្បាញក្នុងស្រុកទាំងដែលទើបតែរៀនបាន ៨ សប្តាហ៍ ដើម្បីមកប្រែក្លាយខ្លួនជាសហគ្រិនពេញសិទ្ធិ ប៉ុន្តែការចាប់ផ្តើមអាជីវកម្មដំបូងៗរបស់គេបានជួបការបរាជ័យ និងបង្កើតភាពខកចិត្តជាច្រើនលើកច្រើនសារ។

នៅអាយុ ២៣ ឆ្នាំ លោក Daniel បានបង្កើតក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមអនឡាញមួយឈ្មោះថា Advertigo ហើយបានលក់វាវិញក្នុងតម្លៃរាប់លានដុល្លារ។ ការក្លាយជាមហាសេដ្ឋីវ័យក្មេងបានធ្វើឱ្យរូបគេធ្លាក់ចូលក្នុងវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារតែភាពទំនេរ និងគ្មានគោលដៅក្នុងជីវិត។ គេបានចំណាយប្រាក់ទិញរថយន្តទំនើបៗ Ferrari, ជួលផ្ទះវីឡាស្អាតៗ និងដើរលេងក្លឹបកម្សាន្តរៀងរាល់យប់ ប៉ុន្តែគេបែរជាមានអារម្មណ៍ថាឯកោ គ្មានន័យ និងឈឺចាប់ផ្លូវចិត្តយ៉ាងខ្លាំង។ លោកបានដឹងខ្លួនថា ប្រាក់មិនអាចទិញក្ដីសុខពិតប្រាកដបានឡើយ ហើយគេក៏បានសម្រេចចិត្តលក់សម្ភារនិយមទាំងនោះចោល ផ្លាស់ទៅរស់នៅក្នុងផ្ទះឈើតូចមួយក្បែរព្រៃដើម្បីស្វែងរកភាពស្ងប់ស្ងាត់ និងស្វែងរកគោលដៅជីវិតថ្មី។
នៅក្នុងអំឡុងឆ្នាំ ២០០៦ ឧស្សាហកម្មតន្ត្រីពិភពលោកកំពុងស្ថិតក្នុងភាពច្របូកច្របល់ និងឈឺចាប់បំផុត ដោយសារតែការលួចចម្លងបទចម្រៀងតាមអនឡាញខុសច្បាប់ (Piracy) ដូចជាតាមរយៈកម្មវិធី Napster និង Pirate Bay ជាដើម។ អ្នកចម្រៀង និងក្រុមហ៊ុនផលិតថាសចម្រៀងបានបាត់បង់ចំណូលរាប់ពាន់លានដុល្លារ ខណៈដែលអ្នកស្តាប់មិនចង់ចំណាយប្រាក់ទិញអាល់ប៊ុមចម្រៀងថ្លៃៗទៀតឡើយ។ លោក Daniel ដោយមានក្តីស្រឡាញ់លើតន្ត្រី និងបច្ចេកវិទ្យាស្រាប់ គេបានឃើញឱកាសក្នុងការដោះស្រាយវិបត្តិនេះ ដោយបានសហការជាមួយមិត្តភក្តិម្នាក់ឈ្មោះ Martin Lorentzon ដើម្បីបង្កើតផ្លាតហ្វត Streaming តន្ត្រីមួយដែល "ស្រួលប្រើ និងលឿនជាងការលួច Download ខុសច្បាប់" ដែលនោះហើយជាចំណុចចាប់ផ្តើមនៃ Spotify។

ការដើរលើផ្លូវថ្មីនេះមិនមែនជារឿងងាយស្រួលឡើយ ហើយវាជាដំណាក់កាលដែលធ្វើឱ្យលោក Daniel ស្ទើរតែឆ្កួតចិត្ត។ គេបានចំណាយពេលជិត ២ ឆ្នាំជជែកពិភាក្សា និងតវ៉ាយ៉ាងស្មុកស្មាញជាមួយក្រុមហ៊ុនថាសចម្រៀងធំៗក្នុងពិភពលោក (Record Labels) ដើម្បីសុំសិទ្ធិ ឬអាជ្ញាប័ណ្ណយកបទចម្រៀងមកដាក់លើ Spotify។ ក្រុមហ៊ុនធំៗទាំងនោះមិនទុកចិត្តលើ Startup ថ្មីថ្មោងមួយនេះឡើយ ហើយបានបដិសេធជាច្រើនលើកច្រើនសារ រហូតធ្វើឱ្យលោក Daniel ស្ទើរតែអស់ដើមទុន និងប្រឈមមុខនឹងការក្ស័យធន។ ប៉ុន្តែដោយសារភាពអត់ធ្មត់ និងជំនឿចិត្តយ៉ាងមុតមាំ គេបានបញ្ចុះបញ្ចូលក្រុមហ៊ុនទាំងនោះរហូតបានសម្រេច ដោយផ្តល់នូវគំរូអាជីវកម្មបែប "Freemium" (ស្តាប់ដោយឥតគិតថ្លៃមានពាណិជ្ជកម្ម ឬបង់ថ្លៃសេវាប្រចាំខែដើម្បីស្តាប់ឥតដែនកំណត់)។

នៅពេល Spotify បើកដំណើរការជាផ្លូវការ វាក៏បានបង្កើតបដិវត្តន៍ដ៏ធំមួយក្នុងប្រវត្តិសាស្ត្រតន្ត្រី។ Spotify មិនត្រឹមតែបានសង្គ្រោះឧស្សាហកម្មតន្ត្រីពីការលួចចម្លងខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រែក្លាយទម្លាប់របស់មនុស្សទូទាំងពិភពលោកឱ្យមកស្តាប់តន្ត្រីតាមរយៈ Streaming វិញ។ ពីក្មេងប្រុសដែលគ្មានសញ្ញាបត្រ និងធ្លាប់បាត់បង់គោលដៅជីវិតលោក Daniel Ek បានប្រែក្លាយ Spotify ឱ្យទៅជាក្រុមហ៊ុនយក្សដែលមានអ្នកប្រកបអាជីពក្នុងវិស័យតន្ត្រី និងអ្នកស្តាប់រាប់រយលាននាក់ប្រើប្រាស់រៀងរាល់ថ្ងៃ ដោយបង្ហាញឱ្យឃើញថា ភាពឈឺចាប់ និងការបរាជ័យក្នុងអតីតកាល គឺជាទុនដ៏មានតម្លៃសម្រាប់បង្កើតអាជីវកម្មដែលផ្លាស់ប្តូរពិភពលោក។
