លោក ឡាំ ឡាយ ដែលជាអ្នកនិពន្ធឯករាជ្យ មានស្រុកកំណើត នៅ ភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ លោក គឺជាកូនទី៥ ក្នុងចំណោមបងប្អូន៥នាក់។ លោកបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែក គ្រប់គ្រងសេដ្ឋកិច្ច និងបរិញ្ញបត្រជាន់ខ្ពស់ផ្នែកអប់រំ ហើយកំពុងបន្តការសិក្សាថ្នាក់បណ្ឌិត ផ្នែកអប់រំ។ បច្ចុប្បន្ននេះលោកគឺជា ស្ថាបនិក និងនាយកប្រតិបត្តិ “មជ្ឈមណ្ឌលច្នៃប្រឌិតបំណិនជីវិត (Life Skills Innovation Hub)” ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកអប់រំ បណ្ដុះបណ្ដាល និងថ្នាលបណ្ដុះបណ្ដាលអប់រំឌីជីថល។ មិនតែប៉ុណ្ណោះ លោកគឺស្ថាបនិកអំណានយុវជន និងជាគ្រូបង្រៀននៅមហាវិទ្យាល័យជំនាញ “ការអប់រំបំណិនជីវិត និងភាពជាអ្នកដឹកនាំ”។
លោក ឡាំ ឡាយ ត្រូវបានប្រិយមិត្តអ្នកអានដាក់នាមជូនថា “អ្នកកាន់ចុងប៊ិកអង្គរ” ដែលនាមនេះ ពិតជាស៊ីគ្នា ជាមួយនឹងសាច់ឈាមរបស់លោក និងអត្តចរិតរបស់លោក។ លោកបានបោះពុម្ពផ្សាយស្នាដៃមួយចំនួនដូចជា ទស្សនៈផ្ដាច់ផ្លូវក្រោយ តម្រាទស្សនៈយុវជនភាពជាអ្នកដឹកនាំ ក្រដាសសងាយដាម និងស្នាដៃចុងក្រោយនេះគឺ “ជីវិតជាអ៊ីចឹង” នេះតែម្ដង។ ក្រៅតែអំពីស្នាដៃលោកផ្ទាល់ខ្លួនឯង លោកក៏ជាអ្នកនិពន្ធអាជីព (Professional Ghost Writing) ដែលភាគច្រើនលោកបានសរសេរអំពី “ភាពជាអ្នកដឹកនាំ និងក្បួនដឹកនាំអាជីវកម្ម”។ ស្នាមញញឹមរបស់លោក និងក្រសែភ្នែករបស់លោក តែងសម្លឹងមើល ភាពលំបាក គឺជាឱកាស ហើយទស្សនៈជីវិតលោកគឺ “គ្មានជម្រើស គឺជាជម្រើសល្អបំផុត”។
លោកចាប់ផ្ដើមឈរលើវិស័យសរសេរ និងការតាក់តែងនិពន្ធ ចាប់តាំងពីលោកមានអាយុខ្ទង់ ១៦ឆ្នាំ នៅឆ្នាំ ២០១៤ ហើយលោកបានផ្សាយស្នាដៃដំបូងរបស់លោកដែលមានចំណងជើងថា “ទស្សនៈផ្ដាច់ផ្លូវក្រោយ” ដែលនិយាយអំពី “ការស្គាល់ខ្លួនឯង ស្គាល់យុទ្ធសាស្រ្ត និងសង្គម”។
ចំណងជើងសៀវភៅដែលលោកបាននិពន្ធកន្លងមក រហូតមកដល់បច្ចុប្បន្ននេះមានដូចជា៖
- ទី១៖ ទស្សនៈផ្ដាច់ផ្លូវក្រោយ
- ទី២៖ តម្រាទស្សនៈយុវជន ភាពជាអ្នកដឹកនាំ
- ទី៣៖ ក្រដាសសងាយដាម
- ទី៤៖ ជីវិតគឺអ៊ីចឹង
- ទី៥៖ កំណត់ត្រា និងបទ វិភាគអំពី ជម្លោះព្រំដែនខ្មែរ-ថៃ ឆ្នាំ ២០២៥។
គ្រប់ស្នាដៃទាំងអស់ទទួលបានការចាប់អារម្ម៍ខ្លាំងពីអ្នកអាននៅកម្ពុជា និងមានស្នាដៃជាច្រើនទៀតដែលលោកកំពុងតែធ្វើការ ហើយមានស្នាដៃមួយចំនួនលោកគឺជាអ្នកសរសេរជូនស្ថាប័នធំៗមួយចំនួនផងដែរ។
លោកបានបន្តលើកឡើងថា កុំតែបានការអាន លោក ឡំា ឡាយ ក៏ពុំអាចក្លាយជាអ្នកសរសេរបានដែរ។ លោក គឺជាស្ថាបនិកអំណានយុវជន ហើយបានធ្វើការផ្សព្វផ្សាយការអាន ១២ ឆ្នាំមកហើយ។ លោកយល់ឃើញថា “ការអាននៅកម្ពុជា ចាប់ផ្ដើមមានសន្ទុះជាងមុន ដ្បិតពីមួយថ្ងៃទៅមួយថ្ងៃ ការអប់រំកាន់តែសាយភាយឡើងៗ ដែលជាផ្នែកសំខាន់ក្នុងការអភិវឌ្ឈន៍សង្គម”។
“ហេតុអ្វីមនុស្សគួរតែអានសៀវភៅ ហើយសៀវភៅអាចជួយអ្វីខ្លះដល់ចិត្តគំនិតមនុស្ស?’’
អ្នកនិពន្ធ ឡាំ ឡាយបានលើកឡើងមួយឃ្លាមួយដ៏មានអត្ថន័យ និងស៊ីជម្រៅថា សៀវភៅ ឬសំណេរ គឺព្រលឹងសង្គម។ ដូច្នេះ បើសិនជាមនុស្សមានកាយ ខ្វះសៀវភៅ នោះមនុស្សនោះនឹងក្លាយជាសំបក។
ជារួមមកវិញ លោក ឡាំ ឡាយ នឹងមានគំនិតសម្រាប់ ៥ឆ្នាំ ខាងមុខទៀតថា លោកនឹងបង្កើតបណ្ណាល័យមួយដែលប្រមូលស្នាដៃកវីនិពន្ធខ្មែរសុទ្ធ ហើយប្រើសម្រួលទៅជាភាសាអង់គ្លេស និងពង្រីកអំណានយុវជនឱ្យធំជាងមុន។
គូសបញ្ជាក់ផងដែរថា កម្មពិធីសម្ពោធសៀវភៅថ្មីមានចំណងជើងថា "ជម្លោះព្រំដែនខ្មែរ-ថៃ" ដែលជាស្នាដៃចងក្រង និងវិភាគ របស់អ្នកនិពន្ធ ឡាំ ឡាយ នឹងត្រូវដាក់សម្ពោធនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង០១ ដល់ម៉ោង០២រសៀល នៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្នុងពិព័រណ៍សៀវភៅ និងការងារលើកទី២។ ដោយមានវត្តមានរបស់អ្នកនិពន្ធផ្ទាល់ ដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួម អាចសួរសំនួរផ្សេងៗអំពីសៀវភៅ ព្រមទាំងសុំហត្ថលេខាផ្ទាល់ ថតរូបផ្ទាល់ ជាមួយលោកឡាំ ឡាយបាន។