យើងធ្លាប់តែឃើញនូវម៉ូតូកង់ពីរ ឬកង់បី ប៉ុន្តែឥឡូវនេះគេមានរថយន្តសូឡាកង់បីចម្លែកណាស់ ដែលមានសមត្ថភាពមិនគួរឲ្យជឿ គ្រាន់តែបញ្ចូលនូវថាមពលពេញនោះអាចទ្រទ្រង់ចម្ងាយផ្លូវទៅដល់ ១៦០០ គ.ម ឯណោះ តែឮថាប្រហែលចុងឆ្នាំនេះគេចេញលក់ហើយ ។
បើយោងតាមការចេញផ្សាយពីគេហទំព័រ Electrek.co បានឲ្យដឹងដែរថា ក្រុមហ៊ុន Aptera បានប្រមូលទុនពីអ្នកវិនិយោគបានជាង ៤០ពាន់លានដុល្លារ ដើម្បីបើកយុទ្ធនាការផលិតរថយន្តប្រើអគ្គិសនីស្រូបពីពន្លឺនៃព្រះអាទិត្យ (សូឡា SEV)នៅចុងឆ្នាំនេះ ។ ឡានសូឡានេះផងដែរ ត្រូវបានក្រុមហ៊ុន Aptera បំពាក់នូវថាមពលបន្ទះសូឡាទៅដល់ ៧០០ វ៉ាត់ដែលជំនួយដល់ការបើកបរប្រចាំថ្ងៃដល់ ៤០ ម៉ាយ ឬ ៦៥ គីឡូម៉ែត្រ ដោយគ្រាន់តែទុកឡានចោលក្រោមពន្លឺព្រះអាទិត្យពេញមួយថ្ងៃ ។
ក្រឡេកមកមើលចំណុចខ្លឹមរបស់ឡានសូឡា Aptera នេះវិញ ចំពោះកម្លាំងម៉ូទ័រមានទៅដល់ ១៥០ គីឡូវ៉ាត់ កម្រិតស្ទុះពីសូន្យទៅ ១០០ គ.ម ក្នុង ១ម៉ោងហក់ចូលក្នុងរយ:ពេលតែ ៣.៥វិនាទី ព្រមទាំងអាចរត់ក្នុងរយ:ចម្ងាយ ១៦០០ គ.ម តែប៉ុណ្ណោះ ។
ផ្ទុយមកវិញ ក្រុមហ៊ុន Aptera បានផ្តល់នូវជម្រើសនៃចម្ងាយបើកបរទៅទឹកលុយក្រាស់របស់លោកអ្នកផងដែរ ដោយមានចាប់ពី ៤០២ គ.ម ទៅ ១៦០០ គ.ម ដែលមានតម្លៃចាប់ពី ២៥៩០០ដុល្លារ ទៅ ៥០៧០០ដុល្លារ នោះទេ ។ ចំពោះតម្លៃប៉ុណ្ណេះគឺ គួរសមបើធៀបនឹងរថយន្តដែលប្រើអគ្គិសនីដូច Tesla, Ford , Toyota , Lexus , Hyundai និងប្រេនឡានផ្សេងៗទៀត គឺមានតម្លៃខ្ពស់ជាង Aptera ២ ដងឯណោះ ។
ម្យ៉ាងវិញទៀត ក្រុមហ៊ុន Aptera ក៏បានបើកទទួលការកក់ក្នុងគេហទំព័រផ្ទាល់ខ្លួនផងដែរ ដោយប្រាក់នោះត្រឹមតែ១០០ដុល្លារនោះទេ ប៉ុន្តែនៅមានការបញ្ចុះតម្លៃលើប្រាក់កក់នោះថែមទៀតសល់ត្រឹម ៧០ ដុល្លារតែប៉ុណ្ណោះ ។
គូសបញ្ជាក់ផងដែរថា សម្រាប់ឡានសូឡាប្រភេទកៅអីពីរនេះ ជាទូទៅមនុស្សនៅលោកខាងលិច ក៏ដូចជាពួកអ្នកមាន ជាពិសេសអ្នកស្រឡាញ់ខាងផ្នែករថយន្តដែលប្លែកៗ និងចូលចិត្តភ្លក្សនូវបច្ចេកវិទ្យាថ្មីៗ គឺពួកគេនិយមទិញជិះខ្លាំងណាស់ ដោយគិតមកដល់ពេលនេះ ក្រុមហ៊ុន Aptera ទទួលបានការកក់រហូតដល់ ២២០០០ គ្រឿងទៅហើយ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី