iPhone នៅតែជាជម្រើសកំពូលដែលមនុស្សជុំវិញពិភពលោកនិយមប្រើប្រាស់បំផុត ដោយសារអត្ថប្រយោជន៍ និងមុខងារឆ្លាតវៃជាច្រើនដែលបំពេញតម្រូវការបានយ៉ាងល្អ។ យ៉ាងណាមិញ អ្នកជំនាញរបស់ Apple ក៏បានផ្ដល់ការណែនាំអំពីមុខងារសំខាន់ៗមួយចំនួនដែលអ្នកប្រើប្រាស់មិនគួរមើលរំលង ព្រោះវាអាចបង្កជាហានិភ័យ ឬប៉ះពាល់ដល់សុវត្ថិភាពប្រសិនបើប្រើប្រាស់មិនបានត្រឹមត្រូវ។ កុំឱ្យខាតពេលយូរ យើងមកស្វែងយល់ពីមុខងារទាំង ២ នេះទាំងអស់គ្នា។

១. មុខងារ Wi-Fi និង Bluetooth៖ នេះគឺជាមុខងារស្នូលដែលខ្វះមិនបានសម្រាប់ទំនាក់ទំនង ការងារ និងការកម្សាន្តប្រចាំថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ភាគច្រើនតែងមានទម្លាប់បើកចោលមុខងារទាំងពីរនេះនៅតាមទីសាធារណៈដោយមិនដឹងខ្លួន។ ត្រង់ចំណុចនេះហើយដែលជាឱកាសមាសសម្រាប់ក្រុម Hacker ក្នុងការលួចចូល (Hack) យកទិន្នន័យឯកជន។ តាមរយៈការបង្កើតបណ្ដាញ Wi-Fi ក្លែងក្លាយ ឬការប្រើប្រាស់ប្រព័ន្ធស្កែន Bluetooth ក្រុមជនខិលខូចអាចបន្លំភ្ជាប់ជាមួយទូរស័ព្ទរបស់អ្នកដោយស្វ័យប្រវត្តិ ទោះបីជាអ្នកមិនបានចុច Connect ក៏ដោយ។ នេះគឺជាល្បិចបោកបញ្ឆោតដ៏គ្រោះថ្នាក់បំផុត ជាពិសេសសម្រាប់អ្នកដែលនិយមប្រើ Wi-Fi ឥតគិតថ្លៃ ឬប្រើរន្ធសាកថ្មនៅតាមទីសាធារណៈ។ ក្រុម Hacker តែងតែមានវត្តមាននៅតាមទីកន្លែងសាធារណៈដែលយើងនឹកស្មានមិនដល់ ដូចជា ហាងកាហ្វេ បារ និងភោជនីយដ្ឋានជាដើម។ ដើម្បីសុវត្ថិភាពខ្ពស់បំផុត អ្នកជំនាញណែនាំឱ្យប្រើប្រាស់ សេវាអ៊ីនធឺណិតផ្ទាល់ខ្លួន (Mobile Data) ប្រសើរជាងការប្រើ Wi-Fi សាធារណៈដែលគ្មានប្រភពច្បាស់លាស់។ រីឯមុខងារ Bluetooth វិញ ប្រសិនបើមិនចាំបាច់ប្រើទេ គួរតែបិទវាចោលភ្លាម។

២. មុខងារកំណត់ទីតាំង (Location Services)៖ មុខងារនេះមានសារៈសំខាន់សម្រាប់ការប្រើប្រាស់ផែនទី ឬកម្មវិធីដឹកជញ្ជូន ប៉ុន្តែវាក៏ជា "ផ្លូវបើកចំហ" ឱ្យ Hacker តាមដានរាល់សកម្មភាពរបស់អ្នកបានគ្រប់ពេលវេលា។ ប្រសិនបើអ្នកបើកមុខងារនេះចោលរហូត វានឹងផ្ដល់ព័ត៌មានដ៏មានតម្លៃដល់ជនខិលខូច ក្នុងការដឹងពីទីតាំងពិតប្រាកដ កន្លែងដែលអ្នកទៅញឹកញាប់ និងការប្រើប្រាស់កម្មវិធីសំខាន់ៗដូចជា បណ្ដាញសង្គម ឬកម្មវិធីធនាគារជាដើម។

ដើម្បីសុវត្ថិភាព អ្នកជំនាញណែនាំឱ្យជ្រើសរើសយកជម្រើស "While Using the App" (អនុញ្ញាតឱ្យប្រើទីតាំងតែពេលកំពុងបើកកម្មវិធីប៉ុណ្ណោះ) ឬបិទវាចោលភ្លាមក្រោយពេលប្រើរួច។ ការបើក Location ចោល ២៤ ម៉ោង មិនត្រឹមតែប្រឈមនឹងអសុវត្ថិភាពទិន្នន័យឯកជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលហេតុចម្បងដែលធ្វើឱ្យទូរស័ព្ទរបស់អ្នក "ឆាប់អស់ថ្ម និងឡើងកម្ដៅខ្លាំង" ផងដែរ។
របៀបបិទងាយៗ៖ ចូលទៅកាន់ Settings > Privacy & Security > Location Services រួចចុចបិទ (Toggle Off) ជាការស្រេច។

គូសបញ្ជាក់ផងដែរថាចំណុចទាំងពីរនេះបើមិនចាំបាច់ទេគួរតែកុំបើក ជាពិសេសការប្រើនូវមុខងារទាំង២នេះតាមទីសាធារណៈព្រោះពួក Hacker មានគ្រប់ទីកន្លែងដែលយើងមិនដឹង សម្រាប់អ្នកដែលប្រើទូរស័ព្ទក្រៅពី IOS ក៏អាចអនុវត្តវិធីទាំងនេះបានផងដែរ។
