យោងតាមការចុះផ្សាយរបស់គេហទំព័រ Electrek.co បានឲ្យដឹងថា ក្រុមហ៊ុុនចិន Alibaba បានដាក់លក់ទូកមួយដែលមានរូបរាងដូចនំដូណាត់ ដែលមានម៉ូទ័រអគ្គិសនី មិនមែនជាម៉ាស៊ីនសាំងដូចទៅនឹងទូកទូទៅដែលយើងធ្លាប់ជិះសព្វមួយដងឡើយ មិនត្រឹមតែប៉ុណ្ណោះ នៅចំកណ្ដាលនៃទូកនេះ ក៏មានកន្លែងអាំងសាច់ មកជាមួយថែមទៀតផង ។
ទូកនេះ ត្រូវបានគេដាក់ឈ្មោះថា BBQ Donut boat ដោយសារតែវាមានរាងមូលដូចនំដូណាត់ ទើបគេដាក់ឈ្មោះបែបនេះ ។ BBQ Donut boat ត្រូវបានផលិតនៅឯស្រុកចិន និងបានដាក់លក់ក្នុងគេហទំព័រលក់អីវ៉ាន់អនឡាញរបស់ Alibaba ក្នុងតម្លៃ ២៦៩០ដុល្លារ សម្រាប់១ គ្រឿង ប៉ុន្តែបើយើងកម្មង់ចាប់ពី ១០០គ្រឿងឡើងទៅ តម្លៃនៅសល់តែ ៩៩៩ដុល្លារតែប៉ុណ្ណោះ ក្នុង ១គ្រឿង ។
តួយ៉ាង ចំពោះទូកដូណាត់នេះ នៅកែមខាងៗ ដងឆ័ត្រ ព្រមទាំងបាតទូក និងកាំជណ្ដើរ ត្រូវបានស្រោមដោយដែកអ៊ីណុកសុទ្ធ ដើម្បីការពារការសឹងរេចរិល និងជ្រេះចាប់ ។ នៅចំកណ្ដាល់នៃទូកយើងឃើញនៅកូនចង្ក្រានដែលមានប្រឡោះចំកណ្ដាល គឹជាកន្លែងសម្រាប់អាំងសាច់ BBQ ។
ម្យ៉ាងវិញទៀត ទូកនេះមានទំហំធំទូលាយតែអាចផ្ទុកមនុស្សបាន ៦ ទៅ ៨ នាក់អាស្រ័យទំហំទូក ដែលមានអង្កត់ទ្រូង ២.៨ ម៉ែត្រ សម្រាប់ខ្នាតតូច ប៉ុន្តែសម្រាប់ខ្នាតធំមានអង្កត់ទ្រូង ៣.២ ម៉ែត្រឯណោះ ។ បន្ថែមលើពីនេះគ្រប់ទូកទាំងអស់ត្រូវបានបំពាក់មកជាមួយនឹងម៉ូទ័រអគ្គិសនី ១គ្រឿង ដែលមានកម្លាំង ១១៥៦វ៉ាត់ និងមានកម្លាំងថ្មផ្ទុក ១២វ៉ុក ៦០អំពែម៉ោង ។
មិនត្រឹមតែប៉ុណ្ណោះ ម៉ូទ័រប្រើអគ្គិសនីនេះអាចបង្កើតល្បឿនបានពី ៦ ទៅ ១២ គ.ម /១ម៉ោង តែប៉ុណ្ណោះ ប៉ុន្តែភាគច្រើនគេយកទូកធ្វើដូចអញ្ចុះបណ្ដែតទឹក ឬក៏រមណីដ្ឋានលើទឹក ដូច្នេះគេមិនសូវប្រើម៉ូទ័រនេះប៉ុន្មានទេ ៕
អត្ថបទដោយ ៖ ព្រឹមភក្តី