AirAsia Cambodia បើកកក់សំបុត្រផ្លូវការ ហ្វ្រី ៦ពាន់សំបុត្រដំបូងហោះទៅសៀមរាប ព្រះសីហនុ ភ្នំពេញ
Sakada Techie
MARCH 18 2024
អាជីវកម្ម 4.0
524 views
2 mins read

កាលពីព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ នេះក្រុមហ៊ុន AirAsia Cambodia ប្រកាសជាផ្លូវការពីភាពរួចរាល់របស់ខ្លួនក្នុងការត្រៀមហោះហើរនាពេលខាងមុខនេះ ជាមួយនឹងជើងហោះហើរក្នុងស្រុកទៅកាន់គោលដៅ ៣មានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ ដោយមានការបើកកក់សំបុត្រចាប់ពីថ្ងៃនេះទៅ រួមទាំងសំបុត្រហ្វ្រី ៦ពាន់សំបុត្រ។

ជើងហោះហើរនឹងត្រូវចាប់ផ្ដើមហោះហើរពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤នេះតទៅ ដោយប្រើប្រាស់ប្រភេទយន្តហោះ Airbus A320 ពីរគ្រឿងមានមូលដ្ឋាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយហោះទៅកាន់គោលដៅពីរជើងក្នុងមួយថ្ងៃ។

ចំពោះការផ្ដល់ជូនពិសេសនូវសំបុត្រយន្តហោះឥតគិតថ្លៃ ៦ពាន់សំបុត្រ អ្នកដំណើរអាចធ្វើការកក់បានទៅតាមគេហទំព័រ airasia.com ឬ ប្រើប្រាស់កម្មវិធីទូរស័ព្ទ App AirAsia Move ដែលកាលពីមុនមានឈ្មោះថា airasia Superapp នោះ។

ជាក្រុមហ៊ុនប្រតិបត្តិការជើងហោះហើរបំពាក់ទង់ជាតិកម្ពុជាក្រុមហ៊ុន AirAsia Cambodia ក៏បានប្រើប្រាស់នូវបច្ចេកវិទ្យាទូរទាត់ប្រាក់ឈានមុខគេ KHQR សម្រាប់ទូរទាត់ការទិញ ឬកក់សំបុត្រផងដែរ។

ការចាប់ផ្ដើមជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia ជាការបើកចំហរជើងមេឃកម្ពុជាបន្ថែមទៀត អាចនឹងតភ្ជាប់ពី រាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ ទៅកាន់គោលដៅច្រើនជាង ១៣០ ពាសពេញអាស៊ី និង គោលដៅធំៗផ្សេងទៀតដូចជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ អូស្ត្រាលី ឆ្លងកាត់តាមរយៈហាប់របស់ AirAsia នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និង បាងកក ប្រទេសថៃជាដើម។

ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន AirAsia Cambodia លោក ណម វិស្សុត បានមានប្រសាសន៍ថា៖ “នេះជាពេលវេលាដ៏រំជួលចិត្តក្នុងដំណើររបស់យើង យើងមានក្ដីរំភើបក្នុងការចាប់ផ្ដើមគូសវាសពណ៌ក្រហមលើមេឃកម្ពុជា។ ជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ យើងមោទនភាពក្នុងការណែរនាំនូវជើងហោះហើរតម្លៃសមរម្យដល់ប្រទេសយើង។ នេះមិនត្រឹមតែធ្វើឱ្យកាន់តែប្រសើរនៃការតភ្ជាប់គ្នានោះទេ ប៉ុន្តែជាការជម្រុញឱ្យទេសចរ ស្នាក់នៅក្នុងប្រទេសបានកាន់តែយូរ។ ទស្សនវិស័យរបស់យើងគឺដើម្បីផ្លាស់ប្ដូររបៀបនៃមនុស្សធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា និង ធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាស ជាផ្នែកមួយសំខាន់នៃបណ្ដាញដឹកជញ្ចូនជាតិ តាមរយៈការផ្ដល់ឱ្យនូវតម្លៃពិសេសអស្ចារ្យ សេវាកម្មមិនធម្មតា និង ការតភ្ជាប់ដ៏រឹងមាំជាមួយនឹងគោលដៅ ៣នេះ”។

អ្នកដឹកនាំក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកវ័យក្មេងរូបនេះក៏បានប្រកាសអំពីតម្លៃពិសេសដែលមិនអាចមាននរណាប្រជែងបាន ដោយទាបរហូតដល់ត្រឹមតែ ៤៩ដុល្លារក្នុងមួយជើង អមជាមួយនឹងសំបុត្រហ្វ្រី ៦ពាន់សំបុត្រទៀតផងនោះ ហើយលោកជឿជាក់ថាការនេះ នឹងធ្វើឱ្យអ្នកដំណើរក្នុងស្រុក និង អន្តរជាតិអាចនឹងទទួលបទពិសោធន៍ ពីប្រទេសកម្ពុជាដ៏អច្ឆរិយៈ តាមរយៈជើងហោះហើរតម្លៃសមរម្យនេះ។

ជាមួយនឹងជំនឿជាក់យ៉ាងមុតមាំលើ AirAsia Cambodia លោក វិស្សុត រំពឹងថាក្រុមហ៊ុននេះនឹងដើរតួរសំខាន់មួយក្នុងការផ្លាស់ប្ដូរទិដ្ឋភាពអាកាសចរណ៍របស់កម្ពុជា និង ចូលរួមចំណែកទៅក្នុងការជម្រុញឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនតាមរយៈការផ្ដល់ការងារដល់ប្រជាជនកម្ពុជា ហើយលោកក៏ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការគាំទ្រដោយគ្មានលក្ខខណ្ឌទៅលើ ការធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន និង អភិវឌ្ឍវិស័យទេសចរណ៍។

ខាងក្រោមនេះជាតារាងជើងហោះហើរ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ២ ខែឧសភា ទៅ៖

Screenshot 2024 03 18 at 1.51.34 in the Afternoon

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia