ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ - Donald J. Trump បានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីថ្មីមួយនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានចំណងជើងថា “Inaugurating the Era of Super Intelligence”។ បទបញ្ជានេះមានគោលបំណងឱ្យសាខាប្រតិបត្តិរបស់រដ្ឋាភិបាលអាមេរិក ប្តូរការប្រើពាក្យ “Artificial Intelligence (AI)” ទៅជា “Super Intelligence (SI)” នៅក្នុងការទំនាក់ទំនង និងឯកសារផ្លូវការ នេះបើយោងតាមការចុះផ្សាយរបស់ The white House។

តាមបទបញ្ជា រដ្ឋបាល Trump លើកឡើងថា បច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍនាពេលបច្ចុប្បន្ន មានសមត្ថភាពលើសពីការធ្វើត្រាប់តាម ឬស្វ័យប្រវត្តិកម្មការងារដែលមនុស្សធ្លាប់ធ្វើ ហើយអាចជួយពង្រីកសមត្ថភាពមនុស្សក្នុងវិស័យដូចជា វិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និងការច្នៃប្រឌិត។ ដូច្នេះ រដ្ឋបាលបានចាត់ទុកពាក្យ “Super Intelligence” ថា អាចឆ្លុះបញ្ចាំងពីសមត្ថភាព និងសក្តានុពលរបស់បច្ចេកវិទ្យាទាំងនេះបានកាន់តែសមស្រប។
ក្រោមបទបញ្ជាថ្មីនេះ ក្រសួង និងទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធ ត្រូវប្រើពាក្យ Super Intelligence និង SI ជំនួស Artificial Intelligence និង AI នៅក្នុងលិខិតផ្លូវការ ការផ្សព្វផ្សាយសាធារណៈ គេហទំព័រ របាយការណ៍ ឯកសារគោលនយោបាយ និងឯកសារមិនមែនជាច្បាប់ផ្សេងៗរបស់សាខាប្រតិបត្តិ។ ទោះជាយ៉ាងណា បទបញ្ជានេះ មិនតម្រូវឱ្យកែប្រែឯកសារដែលបានចេញរួច ដូចជា បទប្បញ្ញត្តិ កិច្ចសន្យា ជំនួយឥតសំណង ឬឯកសារប្រវត្តិសាស្ត្រឡើយ។

ចំណុចសំខាន់មួយទៀត គឺបទបញ្ជានេះមិនបានបង្កើតបច្ចេកវិទ្យាប្រភេទថ្មីមួយដោយឡែកពី AI ទេ។ សម្រាប់ការអនុវត្តដំបូង “Super Intelligence” និង “SI” ត្រូវបានកំណត់ឱ្យមានន័យដូចនឹងបច្ចេកវិទ្យាដែលស្ថិតក្រោមនិយមន័យ “Artificial Intelligence” ក្នុងច្បាប់សហព័ន្ធអាមេរិក តាមមាត្រា 9401(3) នៃ Title 15។ និយាយឱ្យសាមញ្ញ គឺការប្តូរឈ្មោះជាចម្បង ខណៈនិយមន័យផ្លូវច្បាប់ដែលមានស្រាប់នៅតែត្រូវបានយកមកប្រើដដែល។
ជាមួយគ្នានេះ បទបញ្ជាបានផ្តល់ពេល ៦០ ថ្ងៃ ឱ្យ Assistant to the President for Science and Technology រៀបចំសំណើច្បាប់សម្រាប់បង្កើតនិយមន័យសហព័ន្ធផ្លូវការរបស់ពាក្យ “Super Intelligence” និង “SI” និងពិនិត្យថាតើច្បាប់ដែលមានស្រាប់ត្រូវកែប្រែយ៉ាងដូចម្តេច។ ដូច្នេះ គិតត្រឹមការចុះហត្ថលេខានៅថ្ងៃទី ២៩ កញ្ញា ២០២៦ វាជាការផ្លាស់ប្តូរពាក្យប្រើប្រាស់ក្នុងសាខាប្រតិបត្តិជាចម្បង មិនមែនជាការលុបចោលពាក្យ “Artificial Intelligence” ចេញពីច្បាប់អាមេរិកទាំងមូលភ្លាមៗនោះទេ។
គួរបញ្ជាក់ថា ការប្តូរពាក្យពី Artificial Intelligence (AI) ទៅជា Super Intelligence (SI) តាមបទបញ្ជារបស់លោក Donald Trump គឺអនុវត្តចំពោះ ស្ថាប័នក្នុងសាខាប្រតិបត្តិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាចម្បងប៉ុណ្ណោះ។ វា មិនមែនមានន័យថា AI ត្រូវបានប្តូរឈ្មោះជាផ្លូវការទូទាំងពិភពលោក ឬបង្ខំឱ្យក្រុមហ៊ុន និងប្រទេសផ្សេងៗឈប់ប្រើពាក្យ AI នោះទេ។
