តាមឱ្យទាន់! ខ្លាចបាត់អាខោន Facebook ទាល់តែផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ ខណៈ Meta បញ្ជាក់ចំៗបែបនេះ
Khunna - ឃុនណា
•
SEPTEMBER 30 2026
•
គន្លឹះល្អៗ
•
3.3 K views
•
2 mins read
•

ថ្មីៗនេះឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនបានបង្ហោះ នឹងលើកឡើងជុំវិញករណី បើចង់ការពារអាខោន Facebook កុំឲ្យបាត់ ទាល់តែផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណជាមួយមុខងាររបស់ Meta។ ទោះបីជាករណីលេងសើច ឬជាការបង្កើនការយល់ច្រឡំក្តី ថ្ងៃនេះ Technology Cambodia នឹងចែករំលែកពីករណីមួយនេះថាពិតជាមានមុខងារនេះមែន ឬយ៉ាងណា។

Meta

យោងតាមការគោលការណ៍ក្នុងប្រព័ន្ធ Meta Help Center ក្រុមហ៊ុន Meta បានបញ្ជាក់ឲ្យដឹងថា អ្នកប្រើប្រាស់មួយចំនួនអាចត្រូវបានស្នើឱ្យបញ្ចូលឯកសារអត្តសញ្ញាណ (ID) ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានគណនីជាការពិតមែន ប៉ុន្តែមិនមែនជាអ្វីដែលអ្នកប្រើប្រាស់លើបណ្តាញសង្គម Facebook កំពុង Trend តាមគ្នាថ្មីៗនេះឡើយ។ តាមព័ត៌មាននៅលើទំព័រជំនួយរបស់ Meta ការផ្ទៀងផ្ទាត់អត្តសញ្ញាណអាចជួយបញ្ជាក់ថា អ្នកប្រើប្រាស់ជាម្ចាស់គណនីពិតប្រាកដ ព្រមទាំងជួយរក្សាសុវត្ថិភាពគណនី និងទប់ស្កាត់ការប្រើប្រាស់ខុសបំណង ដូចជា ការឆបោក (Scams), Phishing និង Fraud ជាដើម។

Meta
ក៏បានបញ្ជាក់ថា ក្នុងករណីខ្លះ អ្នកប្រើប្រាស់អាចត្រូវបានស្នើឱ្យបញ្ចូល ID ដើម្បីបញ្ជាក់អាយុរបស់ខ្លួនប៉ុណ្ណោះ។ អាយុអប្បបរមាសម្រាប់ការមាន Meta Account អាចខុសគ្នាទៅតាមទីតាំងរបស់អ្នកប្រើប្រាស់។ សម្រាប់អ្នកដែលមិនមានឯកសារអត្តសញ្ញាណដែលចេញដោយរដ្ឋាភិបាល Meta បញ្ជាក់ថា អាចមានជម្រើសប្រើឯកសារផ្សេងទៀត ដូចជា ប័ណ្ណសិស្ស ឬប័ណ្ណបណ្ណាល័យ ក្នុងករណីដែលជម្រើសទាំងនោះត្រូវបានទទួលយក ក្នុងករណីនេះគឺសំដៅទៅលើថាតើបុគ្គលនោះគ្រប់អាយុ ឬអាចទិញសេវាកម្មផេ្សងៗណាមួយនៅក្នុងកម្មវិធី Facebook បានហើយ ឬនៅ។

Age Verification ID Screens

លើសពីនេះ Meta បានបញ្ជាក់ថា នៅក្នុងករណីមួយចំនួន អ្នកប្រើប្រាស់អាចប្រើកាតឥណទាន ដើម្បីបញ្ជាក់អត្តសញ្ញាណបាន។ Meta លើកឡើងថា ព័ត៌មានកាតឥណទាននឹងមិនត្រូវបានរក្សាទុកឡើយ លុះត្រាតែអ្នកប្រើប្រាស់ជ្រើសរើសរក្សាទុកវាសម្រាប់ការទិញនៅ Meta Horizon Store។ Meta ក៏បានបង្ហាញជម្រើសផ្ទៀងផ្ទាត់តាមរយៈ auth.meta.com/verify សម្រាប់អ្នកដែលទទួលបានសំណើឱ្យផ្ទៀងផ្ទាត់គណនីផងដែរ។

ជាមួយគ្នានេះ អ្នកប្រើប្រាស់គួរបែងចែកឱ្យដាច់រវាង ការបញ្ចូល ID តាមប្រព័ន្ធផ្ទៀងផ្ទាត់របស់ Meta និង ការបង្ហោះរូបអត្តសញ្ញាណប័ណ្ណជាសាធារណៈលើ Facebook។ ព័ត៌មានរបស់ Meta ខាងលើ គឺសំដៅលើការផ្តល់ ID តាមដំណើរការផ្ទៀងផ្ទាត់ នៅពេល Meta ស្នើសុំទៅនាក់អ្នកប្រើប្រាស់អាខោនតែប៉ុណ្ណោះ មិនមែនជាការណែនាំឱ្យអ្នកប្រើប្រាស់បង្ហោះអត្តសញ្ញាណប័ណ្ណរបស់ខ្លួនជាសាធារណៈដើម្បីការពារបាត់អាខោនឡើយ។

Lpaoiioc L5 Dzv P5 Q U5 Pi V6 O6 Be

គូសបញ្ជាក់ផងដែរថា ការបង្ហោះរូបផ្ទៃមុខរបស់អ្នកដែលមានក្នុងអត្តសញ្ញាណប័ណ្ណជាសាធារណៈលើ Facebook បែបលេងសើច មិនមែនជាបញ្ហាធំនោះទេ តែសូមកុំបង្ហោះរាល់ព័ត៌មានទាំងឡាយណាដែលមានក្នុងអត្តសញ្ញាណប័ណ្ណ ដូចជាឈ្មោះ ទីកន្លែងកំណើត លេខកូដ ខែឆ្នាំ...ព្រោះលើបណ្តាញសង្គមយើងមិនអានដឹងថានរណាមានគោលបំណងយកទៅប្រើប្រាស់ក្នុងករណីណាមួយឡើយ អាចជាការឆបោកអ្នកដទៃ ការធានាឯកសារខុសច្បាប់ ឬពាក់ព័ន្ធករណីជួញដូរណាមួយ ដែលយើងជាម្ចាស់រងគ្រោះជំនួសដោយមិនដឹងខ្លួន ដូច្នេះសូមរក្សាព័ត៌មានឯកជនឲ្យបានត្រឹមត្រូវ ​​និងទំនួលខុសត្រូវខ្ពស់ កុំឲ្យការលេងសើចសប្បាយលើបណ្តាញសង្គម ក្លាយជាគ្រោះដោយអចេតនា។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia